សមាជិកគណៈប្រតិភូសន្និបាតសភាអង្គការណាតូ ប្រជុំជាមួយសមាជិកសភាហ្សកហ្ស៊ី
សមាជិកគណៈកម្មាធិការសន្តិសុខ និងការពារជាតិ នៃសន្និបាតសភាអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង(NATO-PA) បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីការធ្វើសមាហរណកម្មអឺរ៉ូ-អាត្លង់ទិក កំណែទម្រង់ជាចាំបាច់ និងគ្រោះថ្នាក់នៃសន្តិសុខ។ លោក Shalva Papuashvili ប្រធានសភាប្រទេសហ្សកហ្ស៊ីបានពិភាក្សាជាមួយគណៈប្រតិភូអំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចការនៅក្នុងតំបន់ ការឈ្លានពានរបស់សហព័ន្ធ រុស្ស៊ីមកលើអ៊ុយក្រែន ចំណងទាក់ទងរវាងអង្គការណាតូ-ហ្សកហ្ស៊ី និងកិច្ចសន្ទនាសភាទ្វេភាគី នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាហ្សកហ្ស៊ី។
សភាហ្សកហ្ស៊ីបានកត់សម្គាល់ថា “ហ្សកហ្ស៊ីនៅតែជាដៃគូដ៏គួរឱ្យទុកចិត្តបាន និងមានការទទួលខុសត្រូវសម្រាប់អង្គការណាតូជាច្រើនឆ្នាំមកហើយ ដូច្នឹងហើយអង្គការណាតូ កំពុងតែគាំទ្រឥតងាករេ ចំពោះការធ្វើសមាហរណកម្មរបស់យើងចូលក្នុងអង្គការណាតូ”។ ក្នុងថ្ងៃដដែលនោះផងដែរ លោក Irakli Beraia ប្រធានគណៈកម្មាធិការសន្តិសុខ និងការពារជាតិនៃសភាហ្សកហ្ស៊ី និងសមាជិកគណៈកម្មាធិការ បានចួបពិភាក្សាការងារជាមួយគណៈប្រតិភូ NATO-PA។ វាពិតជាសំខាន់ណាស់ដែលដំណើរទស្សនកិច្ចរបស់ NATO-PA មកកាន់ហ្សកហ្ស៊ី បានកើតឡើងដំណាលគ្នានឹងជំនួបកំពូលនៅក្នុងទីក្រុងម៉ាឌ្រីដែលជាការបញ្ជាក់អះអាងជាថ្មីពីតម្លៃដ៏ពិសេសរបស់ហ្សកហ្ស៊ី នៅក្នុងរបៀបវារៈរបស់អង្គការណាតូ។
សមាសភាពគណៈប្រតិភូ NATO-PA រួមទាំង លោក Ethan Corbin ប្រធានគណៈកម្មាធិការសន្តិសុខ និងការពារជាតិ ក៏ដូចជាសហសេវិករបស់លោក គឺលោក Jiri Horak លោក Adriano Paroli និង លោក Krisjanis Feldmans ក៏ស្ថិតក្នុងចំណោមសមាជិកសភាដទៃទៀតផងដែរ។
ទីភ្នាក់ងារសំងាត់សន្តិសុខជាតិប្រទេសហ្សកហ្ស៊ី(SSG)បានថ្លែងថា គណៈប្រតិភូខាងលើក៏បាន អញ្ជើញទស្សនាទីស្នាក់ការកណ្តាលរបស់ខ្លួនផងដែរ។ លោក Alexi Batiashvili អនុប្រធានទី១ នៃទីភ្នាក់ ងារសំងាត់ SSG បានថ្លែងប្រាប់ដល់ភ្ញៀវដែលមកពីអង្គការណាតូ ដោយផ្តោតលើ “បរិយាកាសសន្តិសុខនៅក្នុងប្រទេសហ្សកហ្ស៊ី ការគំរាមកំហែងចម្រុះ ដែនដីដែលគេចូលត្រួតត្រា និងស្ថានភាពនៅក្នុងតំបន់”៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://civil.ge/archives/498565
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម