លោកKhambai Damlat អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន ស្នើឱ្យមានការបន្ថែមរយៈពេលទិដ្ឋាការ ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់មិនល្អ ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សារព័ត៌មានLatian Time បានរាយការណ៍ថា លោកDamlat បានលើកឡើងបែបនេះ កាលពីថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា ក្នុងចេតនាដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផែនការទេសចរណ៍បៃតង(The Green Tourism Plan) និងដើម្បីបើកប្រទេសចាំទទួលអ្នកទេសចរណ៍ នាំយករូបិយវត្ថុបរទេសបន្ថែមទៀត ចូលក្នុងប្រទេសឡាវ។
គម្រោងការសាកល្បងដើម្បីបង្កើតតំបន់ទេសចរណ៍បៃតង បានផ្តល់នូវទស្សនាទានសម្រាប់វិស័យទេសចរណ៍របស់ប្រទេសឡាវ។ ទោះបីជាយ៉ាងណាក្តី ការធ្វើដំណើរចូលក្នុងប្រទេសឡាវនាពេលបច្ចុប្បន្ននេះ ត្រូវចំណាយច្រើនជាងមុន និងមានការលំបាកជាងមុន លំបាកដោយសារតែការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរចូលក្នុងប្រទេសឡាវនៅមានលក្ខណៈតឹងរ៉ឹងនៅឡើយ។ រដ្ឋាភិបាលឡាវ បានចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការលើកកម្ពស់វិស័យទេសចរណ៍ និងផ្តល់ អំណាចដល់បុគ្គលិកបម្រីការក្នុងវិស័យទេសចរណ៍ ជាគោលដៅដ៏ចម្បងបីរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។
កាលពីពេលថ្មីៗនេះ នាយកដ្ឋានកុងស៊ុលរបស់ក្រសួងការបរទេសឡាវ ដែលបានចេញសេចក្តីជូនដំណឹងអំពីបច្ចុប្បន្នភាពនៃតម្លៃទិដ្ឋាការចំពោះជនជាតិបរទេស មកពីតំបន់នានាក្នុងពិភពលោក ដែលធ្វើដំណើរមកដល់ប្រទេសឡាវ(Visa-on-arrival fee)។ យោងតាមសេចក្តីជូនដំណឹងនេះ ទិដ្ឋាការទេសចរណ៍ សម្រាប់អ្នកធ្វើដំណើរមកដល់ព្រំដែនអន្តរជាតិឡាវ មានតម្លៃ៤០ដុល្លារអាមេរិកសម្រាប់ជនជាតិទាំងអស់ លើកលែងតែជនជាតិចិន និងវៀតណាម ដែលមានតម្លៃត្រឹមតែ២០ដុល្លារអាមេរិកប៉ុណ្ណោះ៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៦-២២- មាស តូនី ប្រែសម្រួលពី៖ https://www.thestar.com.my/aseanplus/aseanplus-news/2022/06/27/laos-national-assembly-suggests-extending-visa-duration-to-attract-tourists
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម