លោក István Jakab(ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Vuong Dinh Hue
កាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញទៅទស្សនាទីក្រុង Albertirsa ដែលជាផ្នែកនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី និងជាកន្លែងដែលលោកត្រូវបានស្វាគមន៍ដោយលោក István Jakab អនុប្រធាន សភាហុងគ្រី និងមន្រ្តីថ្នាក់ដឹកនាំទីក្រុង។
នៅក្នុងជំនួបសន្ទនាការងារជាមួយអនុប្រធានសភាហុងគ្រី លោក Hue បានថ្លែងអំណរគុណចំពោះ លោក Jakab ដែលបានចំណាយពេលវេលាអមដំណើរគណៈប្រតិភូវៀតណាមទៅកាន់ទីក្រុងAlbertirsa និងរោងចក្រកែច្នៃ Mirelite Mirsa ដែលជាសហគ្រាសក្នុងស្រុកឆ្នើមក្នុងវិស័យកសិកម្មស្អាត និងបៃតង។ ថ្នាក់ដឹកនាំសភាទាំងពីរបានឯកភាពថា ភាគីទាំងពីរគួរតែផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាពិសេសនៅពេលដែលប្រទេសហុងគ្រីមានចំណុចខ្លាំងផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ចាប់ពីការដាំដុះ ការកែច្នៃ រហូតដល់ទីផ្សារ និងការចែកចាយ។ ភាគីទាំងពីរបានអះអាងថា នៅមានកន្លែងទំនេរច្រើនទៀតសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ព្រមទាំងបានចែករំលែកសេចក្តីទុកចិត្តថា ដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋសភាវៀតណាមនឹងរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាង វៀតណាម-ហុងគ្រី ក្នុងនោះទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរគឺជាសសរស្តម្ភដ៏សំខាន់។
លោកអនុប្រធានសភាហុងគ្រីបានមានប្រសាសន៍ថា ទោះបីជាមានការប្រែប្រួលនៅក្នុងពិភពលោក និងស្ថានភាពក្នុងតំបន់ក៏ដោយ ក៏ប្រទេសហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ របស់ខ្លួនជាមួយប្រទេសវៀតណាមដោយផ្តល់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាង ប្រទេសទាំងពីរ។ អញ្ជើញទៅទស្សនារោងចក្រកែច្នៃ Mirelite Mirsa លោក Hue បានសង្កត់ធ្ងន់ថា វិស័យ កសិកម្ម កសិករ និងការអភិវឌ្ឍតាមជនបទតែងតែជាបញ្ហាយុទ្ធសាស្ត្រសម្រាប់ប្រទេសវៀតណាម។លោក Hue បានមានប្រសាសន៍ថា ទោះបីវិស័យកសិកម្មមានត្រឹមតែ១២%នៃសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ក៏ដោយ ប៉ុន្តែវាជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ។ ប្រទេសវៀតណាមបាននាំចេញកសិផលជាង ៤៨.៥ ពាន់ លានដុល្លារក្នុងឆ្នាំ២០២១ ប៉ុន្តែតម្លៃបន្ថែមនៃកសិផលវៀតណាមនៅមានកម្រិតទាបនៅឡើយ ដោយសារ អត្រាកែច្នៃទាប។ លោក Hue បានស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីកអាជីវកម្មទៅកាន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសវៀតណាមផងដែរ ៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-meets-deputy-speaker-of-hungarian-parliament/231742.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម