
សហភាពអន្តរសភា(IPU) និងសភានៃសាធារណរដ្ឋបូព៌ាអ៊ុយរូហ្គាយ បានសហការគ្នារៀបចំសិក្ខា សាលាថ្នាក់តំបន់មួយ ស្តីពីបម្រែបម្រួលអាកាសធាតុ ដើម្បីឱ្យសមាជិកសភានៃបណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប(Caribbean) ជួបប្រជុំគ្នាស្វែងរកវិធីសាស្រ្តលើកកម្ពស់សកម្មភាពអាកាសធាតុក្នុងតំបន់។ សិក្ខាសាលានេះនឹងផ្តល់ជូនសមាជិកសភា នូវឱកាសចែករំលែកការអនុវត្ត បទពិសោធន៍ និងមេរៀនល្អៗ ដែលខ្លួនបានជួបប្រទះក្នុងប្រទេសរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។ អនុលោមតាមសេចក្តីប្រកាសនូសាឌូអា(Nusa Dua Declaration) ដែលត្រូវបានអនុម័តក្នុងសន្និបាតលើកទី១៤៤ របស់សហភាពអន្តរសភា ក្នុងខែមីនា ឆ្នាំ២០២២ សិក្ខាសាលាខាងលើនេះ មានគោលដៅលើកកម្ពស់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កើតឈានទៅសម្រេចឱ្យបាននូវសេចក្តីសម្រេចរួមរបស់សភា ក្នុងការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ។
ទម្រង់នៃការចូលរួមក្នុងសិក្ខាសាលា គឺចូលរួមប្រជុំដោយផ្ទាល់(មិនមែនចូលរួមប្រជុំតាមប្រព័ន្ធអ៊ីនធឺណិតឡើយ) ប៉ុន្តែអ្នកចូលរួម ត្រូវគោរពតាមពិធីសាររបស់ប្រទេសជាម្ចាស់ផ្ទះស្តីពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កិច្ចប្រជុំនៃសិក្ខាសាលានេះ ត្រូវធ្វើឡើងជាភាសាអង់គ្លេស និងអេស្ប៉ាញ។ កម្មវិធីរួមរបស់សិក្ខាសាលា គឺពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ថ្ងៃទី២៨ ខែមិថុនា គឺជាថ្ងៃសិក្ខាសាលា, ថ្ងៃទី២៩ ខែមិថុនា គឺជាថ្ងៃចុះកម្មសិក្សា(Field Visit) និងថ្ងៃទី៣០ ខែមិថុនា គឺជាថ្ងៃប្រារព្ធខួបលើកទី១៣៣ នៃបង្កើតសហភាពអន្តរសភា។
សិក្ខាសាលានេះបើកចំហសម្រាប់សមាជិកសភា នៃប្រទេសជាសមាជិកសហភាពអន្តរសភា ក្នុងតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប រួមមាន៖ អាហ្សង់ទីន, បូលីវី, ប្រស៊ីល, ស៊ីលី, កូឡុំប៊ី, កូស្តារីកា, គុយបា, ដូមីនីក,អេក្វាទ័រ, អែលសាល់វ៉ាឌ័រ, ក្វាតេម៉ាឡា, ហ្គីយ៉ាន, ហៃទី, ហុងឌូរ៉ាស, ម៉ិកស៊ិក, នីការ៉ាហ្គា, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, សាំងលូស៊ី និង ហ្គ្រនណាឌីណេ (Saint Vincent and the Grenadines), សូរីណាម, ទ្រីនីដាដ និង តូប៉ាហ្គោ, អ៊ុយរូហ្កាយ, និង វ៉េណេស៊ុយអេឡា។ ទោះបីជាយ៉ាងក្តី សមាជិកសភាក្នុងតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប ដែលមិនមែនជាសមាជិកសហភាពអន្តរសភា, សមាជិកសភានៃប្រទេសជាសមាជិកបម្រុង(IPU Associate Members), សមាជិកសង្កេតការណ៍របស់សហភាពអន្តរសភា(IPU Observer Members) ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ២៧-០៦-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/event/regional-seminar-climate-change-parliaments-latin-america-and-caribbean