លទ្ធផលនៃការបោះឆ្នោតលើសេចក្តីសម្រេចគាំទ្រឱ្យផ្តល់ឋានៈដល់អ៊ុយក្រែន ជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប
កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយស្តីពី ការផ្តល់ឋានៈដល់អ៊ុយក្រែន និងម៉ុលដាវី ជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប ដោយគ្មានការពន្យារពេល។ សភាអឺរ៉ុបបានចេញសេចក្តីប្រកាសព័ត៌មានមួយថា “សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេច ក្នុងសំឡេង៥២៩ ទល់នឹង៤៥ និងអនុបវាទ ១៤សំឡេង ស្នើឱ្យប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល (នៃប្រទេសជាសមាជិកសហភាពអឺរ៉ុប) ដែលបើកកិច្ចប្រជុំកំពូលនៅថ្ងៃនេះ និងថ្ងៃស្អែក ត្រូវផ្តល់ឋានៈជាបេក្ខជនសមាជិកសហភាពអឺរ៉ុបដល់ប្រទេសអ៊ុយក្រែន និងសាធារណរដ្ឋម៉ុលដាវី ដោយគ្មានការពន្យារពេល”។
សមាជិកសភាអឺរ៉ុបក៏បានស្នើដល់មេដឹកនាំនានាក្នុងសហភាពអឺរ៉ុប ត្រូវផ្តល់ឋានៈដូចគ្នានេះដល់ប្រទេសហ្សកហ្ស៊ីផងដែរ នៅពេលដែលរដ្ឋាភិបាលប្រទេសទាំងនោះទទួលយកការចង្អុលបង្ហាញជាអាទិ-ភាពពីគណៈកម្មការអឺរ៉ុប។ អ៊ុយក្រែន សាធារណរដ្ឋម៉ុលដាវី និងហ្សកហ្ស៊ី សមនឹងទទួលបានការរស់នៅ ក្នុងសេរីភាព ប្រជាធិបតេយ្យ និងវិបុលភាព ដែលជាមោទនភាព និងការប្តេជ្ញាចិត្តជាសមាជិកក្រុមគ្រួសារ អឺរ៉ុប។ សភាអឺរ៉ុបបានអញ្ជើញអាជ្ញាធរអ៊ុយក្រែន ម៉ុលដាវី និងហ្សកហ្ស៊ីដើម្បីបង្ហាញនូវភាពច្បាស់លាស់ឥតសង្ស័យនៃការប្តេជ្ញាចិត្តនយោបាយរបស់ពួកគេ ដើម្បីអនុវត្តន៍តាមមហិច្ឆតារបស់ប្រជាជនខ្លួន។ ការបង្កើនល្បឿនកំណែទម្រង់ ដើម្បីបំពេញលក្ខណៈវិនិច្ឆ័យចូលជាសមាជិកសហភាពអឺរ៉ុបឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។
លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែនបានថ្លែងអំណរគុណដល់សភាអឺរ៉ុប ដែលបានអនុម័តសេចក្តីសម្រេចផ្តល់ឋានៈដល់អ៊ុយក្រែនជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប។ ជាថ្មីម្តងទៀតសហភាពអឺរ៉ុបបានបង្ហាញនូវការគាំទ្រឥតងាករេចំពោះបំណងប្រាថ្នារបស់អ៊ុយក្រែន។ អរគុណលោកស្រី Ro berta Metsola ប្រធានសភាអឺរ៉ុប ចំពោះការអនុម័តសេចក្តីសម្រេចជានិម្មិតរូប។ អ៊ុយក្រែនគឺជាប្រទេសក្នុងសហភាពអឺរ៉ុប ហើយយើងប្រយុទ្ធដើម្បីទទួលបានសិទ្ធិមួយនេះ មិនមែនតែនៅលើសមរភូមិប្រយុទ្ធនោះទេប៉ុន្តែក៏នៅក្នុងវិស័យច្បាប់ផងដែរ។ ទាំងនេះ គឺជាខ្លឹមសារដែលលោក Stefanchuk បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កន្លងមក គណៈកម្មការអឺរ៉ុបបានផ្សព្វផ្សាយនូវទស្សនៈរបស់ខ្លួនស្តីពីការដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន សាធារណរដ្ឋម៉ុលដាវី និងហ្សកហ្ស៊ី៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-polytics/3513341-european-parliament-supports-granting-eu-candidate-status-to-ukraine.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម