ប្រទេសជប៉ុន ចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ កាលពីថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២
ខណៈការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ
រាជធានីតូក្យូ៖ អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតសភាជាន់ខ្ពស់នៃប្រទេសជប៉ុន ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ បានចាប់ផ្តើមធ្វើឡើង កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ គណបក្សប្រជាធិបតេយ្យសេរីនិយម(LDP) ដែលដឹកនាំដោយលោក Fumio Kishida នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បច្ចុប្បន្នកំពុងតែនាំមុខដោយមានសំឡេងគាំទ្រ២៧.៣% ខណៈដែល ៣៤.២% នៃអង្គបោះឆ្នោត នៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ។
ការកើនឡើងនៃអតិផរណានឹងទំនងក្លាយជាការផ្តោតយកចិត្តទុកដាក់ដ៏សំខាន់ សម្រាប់បេក្ខជន ឈរឈ្មោះបោះឆ្នោត ដោយ ៧១% នៃម្ចាស់ឆ្នោត បានចាត់ទុកបញ្ហាអតិផរណាថាជារឿងដែលមាន សម្ពាធបំផុតមួយ។ គណបក្សរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យជប៉ុន(CDP) កំពុងព្យាយាមប៉ុនប៉ងកេងចំណេញ នយោបាយពីភាពមិនច្បាស់លាស់នៃអតិផរណានេះ ដោយស្តីបន្ទោសទៅលើគណបក្សប្រជាធិបតេយ្យសេរីនិយម(LDP) ថាអសមត្ថភាពក្នុងការដោះស្រាយបញ្ហានេះ។ ប៉ុន្តែលោក Kishida បានព្យាយាមជំទាស់នឹងការអះអាងបែបនោះ ដោយដាក់បន្ទុកបញ្ហាអតិផរណា ទៅលើការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីលើប្រទេសអ៊ុយក្រែន។
គណបក្សប្រជាធិបតេយ្យសេរីនិយម(LDP) មកទល់ពេលនេះនៅតែផ្តល់អាទិភាពចំពោះគោលនយោបាយការបរទេស និងការពារជាតិ នៅក្នុងសារយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន ប៉ុន្តែក៏អាចនឹងប្រែប្រួល មកផ្តោតការយកចិត្តទុកដាក់លើបញ្ហាអតិផរណាវិញ ដើម្បីយកឈ្នះចិត្តម្ចាស់ឆ្នោតទាំងប៉ុន្មានដែលនៅតែមិនទាន់ធ្វើការសម្រេចចិត្តនោះ។ គណបក្សនេះ បានអនុម័តរួចហើយនូវថវិកាបន្ថែម ដើម្បីជួយប្រឆាំងនឹងការកើនឡើងតម្លៃ និងប្តេជ្ញារក្សាការឧបត្ថម្ភធនចំពោះការបោះដុំប្រេង ដើម្បីទម្លាក់តម្លៃលក់រាយប្រេង។
លោក Kishida បានបង្ហាញនូវក្តីសង្ឃឹមថា ធនាគារជប៉ុននឹងដឹកនាំគោលនយោបាយរបស់ខ្លួនដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ច បន្ទាប់ពីមានសមាជិកសភាខ្លះបានបន្ទោសការបន្ធូរបន្ថយរូបិយបណ្ណរបស់ធនាគារកណ្តាលចំពោះការធ្លាក់ចុះដ៏លឿនរហ័សនៃតម្លៃប្រាក់យ៉េន ដែលអាចពង្រឹងតម្លៃនៃការនាំចូល៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://foreignbrief.com/daily-news/japan-2022-parliament-campaign-season-begins/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម