ព្រះអង្គម្ចាស់ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah ព្រះរាជទាយាទនៃរដ្ឋកូវ៉ែត
ស្ថានីយទូរទស្សន៍ផ្លូវការរបស់រដ្ឋកូវ៉ែតបានផ្សព្វផ្សាយថា កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah ព្រះរាជទាយាទនៃរដ្ឋកូវ៉ែត បានប្រកាស រំលាយសភានៃប្រទេសកូវ៉ែត និងអំពាវនាវឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់។
ព្រះអង្គម្ចាស់ Sheikh Mishal បានមានព្រះរាជបន្ទូលក្នុងនាមព្រះចៅមហាម៉ាត់ Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ទាក់ទងនឹងការវិវត្តនយោបាយចុងក្រោយបង្អស់នៅក្នុងប្រទេសកូវ៉ែតថា “យើងបានសម្រេចចិត្តដោយផ្អែកលើសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើង ដែលអនុលោមតាមមាត្រា១០៧ នៃការប្រកាសរំលាយសភា និងអំពាវនាវឱ្យមានការបោះឆ្នោតសកលនៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីរៀបចំការចាត់ចែងផ្លូវច្បាប់”។ ព្រះអង្គម្ចាស់ Sheikh Mishal បានមានព្រះរាជបន្ទូលបន្ថែមទៀត ថា ព្រះរាជក្រឹត្យរបស់ព្រះចៅមហាម៉ាត់ ស្តីពីការប្រកាសរំលាយរដ្ឋសភានឹងត្រូវចេញ នៅប៉ុន្មានខែខាងមុខនេះ។ ព្រះអង្គម្ចាស់ Sheikh Mishal បានមានព្រះរាជបន្ទូលថា រដ្ឋធម្មនុញ្ញរបស់ប្រទេសកូវ៉ែតមិនអាច បំពានបានទេ។ រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃភាពស្របច្បាប់នៅក្នុងកតិកាសញ្ញារវាងថ្នាក់ ដឹកនាំ និងប្រជាជន គឺដើម្បីធានាសន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់ប្រទេសកូវ៉ែត។ ព្រះអង្គម្ចាស់ ក៏បានអំពាវនាវឱ្យប្រជាជនកូវ៉ែតចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកសភាថ្មី ដែលអាចទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពរដ្ឋ និងសម្រេចបាននូវក្តីសង្ឃឹម ព្រមទាំងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។
ព្រះអង្គម្ចាស់ Sheikh Mishal ក៏បានអំពាវនាវឱ្យរដ្ឋសភា និងរដ្ឋាភិបាលនាពេលខាងមុខ សហការ សម្របសម្រួល និងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ ៕
http://ព័ត៌មានសភាអន្តរជាតិ ២៣-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220622/69cec712495548888c89830932311866/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម