logo logo
banner1
គណៈកម្មាធិការជំនាញរបស់សភាអឺរ៉ុប អនុម័តសំណើសុំជំនួយគាំទ្រលើវិស័យ នេសាទ និងវារីវប្បកម្ម ដែលកំពុងរងផលប៉ះពាល់ដោយសារសង្គ្រាម
 

 ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២២

គណៈកម្មាធិការនេសាទ(The Fisheries Committee)របស់សភាអឺរ៉ុប បានអនុម័តជាឯកច្ឆន្ទ(២៤ សំឡេង លើ២៤សំឡេង) កាលពីថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ លើសំណើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់វិស័យនេសាទនិងវារីវប្បកម្ម នៅបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែលរងផលប៉ះពាល់ពីសង្រ្គាម ឈ្លានពានរបស់សហព័ន្ធរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន។

យោងតាមអត្ថបទដែលអនុម័តដោយគណៈកម្មាធិការនេះ មូលនិធិនេសាទនិងសមុទ្ទអឺរ៉ុប(The European Maritime and Fisheries Fund) នឹងជួយគាំទ្រដល់បណ្តាក្រុមហ៊ុននេសាទដែលមិនអាចធ្វើប្រតិបត្តិការដោយសារសង្រ្គាម និងជួយគាំទ្រដល់ប្រតិបត្តិករនិងអង្គភាពផលិតវារីវប្បកម្ម ទាំងឡាយណាកំពុងទទួលរងការគំរាមកំហែងផ្នែកសេដ្ឋកិច្ច ដោយសារការលំបាកផ្នែកទីផ្សារនិងប្រព័ន្ធផ្គត់ផ្គង់ ដែលជាលទ្ធផលនៃសកម្មភាពឈ្លានពានរបស់កងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ បញ្ហាទាំងអស់ នោះរួមមានកំណើននៃតម្លៃថាមពល កំណើននៃតម្លៃវត្ថុធាតុដើម និងកំណើននៃតម្លៃចំណីអាហារសម្រាប់ត្រី។ រដ្ឋាភិបាលនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប នឹងមានលទ្ធភាពយកធនធានក្នុងមូលនិធិនេសាទនិងសមុទ្ទអឺរ៉ុប ដែលនៅសល់ពីកម្មវិធីឆ្នាំ២០១៤-២០២០ ទៅជួយដល់វិស័យនេសាទ និងវារីវប្បកម្ម ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ មុននឹងអនុម័តខាងលើ គណៈកម្មាធិការនេសាទរបស់សភាអឺរ៉ុប បានធ្វើវិសោធនកម្មខ្លះលើសំណើ ដើម្បីពង្រីកការជួយឧបត្ថម្ភផងដែរ ដល់បណ្តាក្រុមហ៊ុនទាំងឡាយណាមានប្រតិបត្តិការសំខាន់ពាក់ព័ន្ធនឹងវិស័យខាងលើ។ ក្រៅពីជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដូចបានរៀបរាប់ខាងលើ រដ្ឋជាសមាជិកសហភាពអឺរ៉ុប ក៏ត្រូវបានអនុញ្ញាតផងដែរឱ្យប្រើប្រាស់ថវិកាជំនួយពីសហភាពអឺរ៉ុប ប្រកបដោយភាពបត់បែនច្រើនជាងមុន ដើម្បីឱ្យពួកគេ(បណ្តាប្រទេសទាំងនោះ)យកជំនួយទាំងនោះ ទៅបង្កើតកម្មវិធីជួយដល់វិស័យនេសាទ និងវារីវប្បកម្ម ដែលរងផលប៉ះពាល់ដោយសារវិបត្តិ។

សំណើដែលគណៈកម្មាធិការខាងលើបានអនុម័ត នឹងត្រូវដាក់ជូនសភាអឺរ៉ុបពេញអង្គពិនិត្យ និងអនុម័តក្នុងខែកក្កដា ឆ្នាំ២០២២…៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ២២-០៦-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220620IPR33407/meps-endorse-alleviating-consequences-of-war-for-eu-fisheries-and-aquaculture



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`