ថ្នាក់ដឹកនាំគណបក្សនយោបាយជាច្រើនរូបរបស់ប្រទេសជប៉ុន
រាជធានីតូក្យូ៖ កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២១ លោក Fumio Kishida នាយករដ្ឋមន្ត្រី ជប៉ុនបានសន្យាថា នឹងផ្តោតលើគោលនយោបាយមួយចំនួន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ជប៉ុន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ ក្នុងការឆ្លើយតបទៅនឹងការឡើងថ្លៃថាមពល និងម្ហូបអាហារ ដោយសារសង្គ្រាមឈ្លានពានរបស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំពិភាក្សាមួយដែលពាក់ព័ន្ធនឹងថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួន មុនការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ជប៉ុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ លោក Kishida បានថ្លែងថា រាជរដ្ឋាភិបាលរបស់លោក នឹងមិនពិចារណាការកាត់បន្ថយអត្រាពន្ធលើការប្រើប្រាស់ ពីអត្រាពន្ធបច្ចុប្បន្ន ១០% ឬស្វែងរកការកែប្រែគោលនយោបាយរូបិយវត្ថុដែលងាយស្រួលមួយ (ultra-easy monetary policy) ដែលត្រូវបានប្រើប្រាស់ដោយធនាគារជាតិជប៉ុនឡើយ។
លោក Kishida ដែលជាប្រធានគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី បានថ្លែងទៀតថា«ខ្ញុំនឹងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងប្រទេសជប៉ុនក្នុងស្ថានភាពនៃការប្រឈមនឹងបញ្ហាសំខាន់ៗនានា ដែលរួមមាន ការឈ្លានពានរបស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន និងអតិផរណា»។ ការដែលលើកឡើងថា ថ្លៃទំនិញកើនឡើង ត្រូវបានគេមើលឃើញភាគច្រើនក្នុងផ្នែកថាមពល និងម្ហូបអាហារ។ លោក Kishida បានបញ្ជាក់ថា ការផ្តោតលើគោលនយោបាយផ្នែកទាំងនេះសំខាន់ណាស់។ លោក Kishida បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងបែបស្ថាបនា និងប្រកបដោយចីរភាពជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយលោកបានសន្យាថា នឹងចាប់ផ្តើមមុនគេនៅក្នុងកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក Kenta Izumi ប្រធានគណបក្សប្រឆាំងធំជាងគេ គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ បានរិះគន់រាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Kishida និងធនាគារជាតិជប៉ុន ដែលមិនបានចាត់វិធានការទប់ស្កាត់ការធ្លាក់ចុះប្រាក់យ៉េន និងបានអំពាវនាវឱ្យកាត់បន្ថយអត្រាពន្ធប្រើប្រាស់ និងពន្ធថ្លៃស្រូវសាឡី ដើម្បីកាត់បន្ថយផលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយសារការឡើងថ្លៃនេះ។
លោក Natsuo Yamaguchi ប្រធានគណបក្ស Komeito ដែលជាសម្ព័ន្ធភាពគណបក្ស នយោបាយតូចជាងគេរបស់គណបក្សប្រជាធិបតេយ្យសេរីបានចោទសួរអំពីការអំពាវនាវរបស់គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន ដែលបានអំពាវនាវឱ្យកាត់បន្ថយពន្ធលើការប្រើប្រាស់ ៥% ដែលខ្លួនបានអះអាងថា បា្រក់ចំណូលដែលបានមកពីការប្រមូលពន្ធត្រូវបានបម្រុងទុកសម្រាប់ចំណាយលើថ្លៃសន្តិសុខសង្គមដែលកំពុងកើនឡើងក្នុងប្រទេស៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៦-២២- កែវ ធាវីប្រែសម្រួលពី៖ https://japantoday.com/category/politics/urgent-kishida-vows-to-focus-on-responding-to-rising-food-energy-prices
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម