រូបភាព ខាងក្រៅនៃសភាអឺរ៉ុប
សាធារណរដ្ឋតួកគី បានច្រានចោល “ការវាយតម្លៃមានលក្ខណៈលម្អៀង និងមិនប្រាកដនិយម” របស់សភាអឺរ៉ុប ជាមួយនឹងអភិក្រមបែបស្រមោល និងគ្មានទស្សនវិស័យនៅក្នុងរបាយការណ៍ឆ្នាំ២០២១ របស់ខ្លួន ស្តីពីប្រទេសតួកគី។ តួកគីបានបញ្ចេញសេចក្តីថ្លែងការណ៍បែបនេះ ក្រោយពីមហាសន្និបាតរបស់ស្ថាប័ននីតិប្បញ្ញត្តិអឺរ៉ុប បានអនុម័តលើរបាយការណ៍នាពេលថ្មីៗនេះ ក្រសួងការបរទេសតួកគីបានថ្លែងថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា មិនទទួលយករបាយការណ៍ដែលធ្វើជាមិនដឹងមិនឮ ពីភាពចាំបាច់ក្នុងការពង្រឹង ចំណងទាក់ទងរវាងតួកគី និងសហភាពអឺរ៉ុប តាមរយៈកិច្ចខិតខំប្រឹងប្រែងទៅវិញទៅមក។
តួកគីរំពឹងថា សភាអឺរ៉ុបនឹងមិនក្លាយជាឧបករណ៍សម្រាប់ “មជ្ឈដា្ឋនដែលមានគំនិតចង្អៀតចង្អល់” ក៏ដូចជា ត្រូវមានឥរិយាបថជំរុញទឹកចិត្តដល់ស្ថាប័ននានារបស់សហភាពអឺរ៉ុប សម្រាប់ការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនា សម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប របស់តួកគី។ ប៉ុន្តែយ៉ាងណាក៏ដោយ មកទល់ពេលនេះ សភាអឺរ៉ុបបានប្រកាន់យកជំហរផ្ទុយ ហើយឥរិយាបថបែបនេះ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលចេញពីសភាអឺរ៉ុបដែលតែងតែអត់ឱនដល់សមាជិកក្រុមភេរវករ និងធ្វើការឃោសនាបែបភេរវករ។ សភាអឺរ៉ុបបានបាត់បង់នូវភាពជឿជាក់បាន ក្នុងក្រសែភ្នែករបស់សាធារណជនតួកគី “ទស្សនៈគ្មានមូលដ្ឋាន” នៅក្នុង របាយការណ៍ខាងលើ ដែលឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្សនៅក្នុងប្រទេសតួកគី និង គំនិតចង្អៀតចង្អល់ របស់សមាជិកសហភាពអឺរ៉ុបខ្លះ ពាក់ព័ន្ធនឹងបញ្ហា សមុទ្រ Aegean តំបន់មេឌីទែរ៉ាណេខាងកើត និងកោះស៊ីប ជាដើម ដែលវាគ្មានន័យអ្វីសម្រាប់យើងឡើយ។
តួកគី រំពឹងថា សហភាពអឺរ៉ុប និងស្ថាប័នទាំងអស់របស់សហភាពអឺរ៉ុបនឹងបំពេញកាតព្វកិច្ចរបស់ខ្លួន ចំពោះទីក្រុងអង់ការ៉ា ដំណើរការឡើងវិញនៃនីតិវិធីចូលជាសមាជិករបស់តួកគី បង្កើនល្បឿនសន្ទនា ស្តីពី សេរីភាវូបនីយកម្មទិដ្ឋាការ បង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ជាពិសេស ការអនុវត្តគម្រោងមនុស្សធម៌ស្ម័គ្រចិត្តឆ្នាំ២០១៦ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តោប្រវេសន៍។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតួកគីបានថ្លែងបន្តថា ជំនួសឱ្យការជំរុញឱ្យមានវិធានការលើបញ្ហាទាំងនេះ របាយការណ៍របស់សភាអឺរ៉ុបបានបង្កើតនូវឧទាហរណ៍ថ្មីមួយនៃភាពឯកោ មនោគមវិជ្ជា និងឥរិយាបថលម្អៀង ព្រមទាំងធ្វើឱ្យខូចមុខមាត់កេរិ្តឈ្មោះខ្លួនឯងតែប៉ុណ្ណោះ៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០៦-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/europe/turkiye-rejects-biased-unrealistic-report-by-european-parliament/2608081
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម