បន្ទាប់ពីការបន្តជាប់ឆ្នោតជាប្រធានសភាសម្រាប់អាណត្តិបន្ទាប់ លោក Berri បានអំពាវនាវដល់សមាជិកសភាឱ្យទុកការខ្វែងគំនិតគ្នាមួយអន្លើ ហើយរួមគ្នាធ្វើការដើម្បីបម្រើផលប្រយោជន៍ដល់ជាតិ និង ប្រជាជន។ លោក Berri ត្រូវបានគេដកស្រង់សម្តីថា “ប្រជាជនលីបង់ និងពិភពលោកកំពុងសម្លឹងមើលអ្នក(សមាជិកសភា)ថាជាពន្លឺនៃក្តីសង្ឃឹមតែមួយដែលអាចជួយសង្គ្រោះប្រទេសលីបង់”។ លោក Berri ដែលជាមេដឹកនាំគណបក្ស Shi’ite Amal Movement បានកាន់តួនាទីជាប្រធានសភាលីបង់តាំងពីឆ្នាំ១៩៩២ និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គណបក្ស Hezbollah។ លទ្ធផលនៃការបោះឆ្នោតនៅខែឧសភានេះ បានបង្ហាញថាចលនាស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់គឺគណបក្ស Hezbollah និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបាត់បង់សំឡេងភាគច្រើន។