សម័យប្រជុំពេញអង្គរបស់សភាអាល់បានី
កាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤រសៀល(ម៉ោងក្នុងស្រុក)សភានៃសាធារណរដ្ឋអាល់បានី បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេស សម្រាប់ជុំទី៣ជាប់ៗគ្នា ខណៈដែលមិនមានបេក្ខភាពត្រូវបានបង្ហាញខ្លួននៅក្នុងសភាតាមកាលបរិច្ឆេទនៅមុនសម័យ ប្រជុំសភាកាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា។
សមាជិកសភាបានជួបប្រជុំកាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា នៅក្នុងសម័យប្រជុំពេញអង្គដែលបាន ចាប់ផ្តើមឡើងនៅម៉ោង១០ព្រឹក ដើម្បីពិភាក្សាអំពីបេក្ខភាពដែលត្រូវជ្រើសរើស ប៉ុន្តែមិនមានក្រុមសមាជិក សភាណាមួយនៅក្នុងសភាបានដាក់សំណើសម្រាប់ស្នើឈ្មោះប្រធានាធិបតីថ្មី។ ពីរជុំដំបូងសម្រាប់ការបោះ ឆ្នោតជ្រើសរើសប្រធានាធិបតី ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែឧសភា និងថ្ងៃទី២៣ ខែឧសភា ទាំងពីរលើក បានបរាជ័យ ដោយសារគ្មានបេក្ខជនត្រូវបានស្នើឡើង។ ចាប់តាំងពីការចាប់ផ្តើមដំណើរការនេះ គណបក្ស Socialist Party(SP) ដែលជាគណបក្សកំពុងកាន់អំណាចបានប្រកាសថា គណបក្សប្រឆាំងនឹងត្រូវបាន ផ្តល់សិទ្ធិក្នុងការស្នើបេក្ខភាពប្រធានាធិបតីនៅក្នុងជុំទី៣។ លោក Taulant Balla ប្រធានក្រុមសភានៃគណបក្ស SP បានមានប្រសាសន៍មុននេះថា គណបក្សប្រឆាំងមិនទទួលខុសត្រូវណាមួយក្នុងការស្នើសុំបេក្ខភាពជាផ្លូវការនោះទេ។ ទន្ទឹមនឹងនេះដែរ លោក Enkelejd Alibeaj មេដឹកនាំនៃគណបក្ស Democratic (DP) ដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសអាល់បានីបានមានប្រសាសន៍ថា ដំណើរការបោះឆ្នោត “គួរតែត្រូវបានធ្វើឡើងដោយការព្រមព្រៀងគ្នា”។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសអាល់បានី បេក្ខជនដែលត្រូវបានស្នើឡើងត្រូវតែទទួលបានសំឡេងឆ្នោតសរុបចំនួន៨៤អាសនៈក្នុងបីជុំដំបូង ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី ប៉ុន្តែគណបក្សកំពុងកាន់អំណាចដែលមានសំឡេងភាគច្រើន មានត្រឹមតែ៧៤អាសនៈប៉ុណ្ណោះនៅក្នុងសភាដែលមាន១៤០ អាសនៈ។ នៅក្នុងជុំទី៤ និងជុំទី៥ សំឡេងភាគច្រើនដែលត្រូវការគឺត្រឹមតែ៧១សំឡេងនៅក្នុងសភាគឺគ្រប់ គ្រាន់សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។ អាណត្តិរបស់លោកប្រធានាធិបតី Ilir Meta បច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅខែកក្កដា ឆ្នាំនេះ ៕
http://ព័ត៌មានសភាអន្តរជាតិ ០១-០៦-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220530/8cfc4951364a40839b40a5a1759248df/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម