logo logo
banner1
សភាថៃ ដាក់ឱ្យដំណើរការកម្មវិធីតាមទូរសព្ទដៃ ដើម្បីក្រើនរំលឹក ដល់សមាជិកសភា ដែលពូកែធ្វើជាភ្លេចពេលវេលាប្រជុំ
 

ទិដ្ឋភាពទូទៅ ក្នុងសភានៃព្រះរាជាណាចក្រថៃ

ដើម្បីដោះស្រាយការខកខានកិច្ចប្រជុំ ព្រោះតែអវត្តមាន និងមិនមានកូរ៉ុមគ្រប់គ្រាន់ អគ្គលេខាធិការដ្ឋានសភាតំណាងនៃព្រះរាជាណាចក្រថៃ បានបង្កើតកម្មវិធីលើទូរសព្ទដៃ “TH Parliament” មួយដើម្បីផ្តល់ដំណឹងដល់សមាជិកសភា ពីពេលវេលាប្រជុំ។ នវានុវត្តន៍នេះ ត្រូវបានសន្មតថា សមាជិកសភាមិនមកប្រជុំព្រោះតែពួកគាត់ភ្លេច…ប៉ុន្តែហេតុផលនោះ វាមិនមែនជាការពិតទេ។
លោក Nattakarn Chochana បានប្រកាសថា ការិយាល័យបច្ចេកវិទ្យាព័ត៌មានបានបង្កើតកម្មវិធីខាង លើដើម្បីកែលម្អការទំនាក់ទំនងសភា។ លោកបានពន្យល់ថា កម្មវិធីក្នុងទូរសព្ទដៃនេះនឹងផ្តល់ដំណឹងដល់សមាជិកសភា ពីពេលវេលាប្រជុំដែលនឹងមកដល់ឆាប់ៗ និងអនុញ្ញាតឱ្យសមាជិកសភាស្នើសុំច្បាប់ជាផ្លូវការ។ សភាសង្ឃឹមថា កម្មវិធីមួយនេះនឹងធ្វើឱ្យកិច្ចប្រជុំសភាដំណើរកាន់តែរលូនជាងមុន និងដោះស្រាយបញ្ហាកង្វះសមាជិកសភា ដែលមិនវិលមកប្រជុំបន្ត។ ជាទូទៅសមាជិកសភាប្រជុំនៅថ្ងៃពុធ និងថ្ងៃ ព្រហស្បតិ៍ ប៉ុន្តែដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពនៃកិច្ចប្រជុំសភា អគ្គលេខាធិការដ្ឋានសភាបានប្រកាសថា សភានឹងបន្ថែមពេលប្រជុំពិសេសនៅថ្ងៃសុក្រ ២ដង ក្នុង ១ខែ។ កាលវិភាគនៃកិច្ចប្រជុំពិសេស ២ដងនោះ នឹងត្រូវបានបញ្ជូនទៅកាន់សមាជិកសភា តាមរយៈកម្មវិធីថ្មីតាមទូរសព្ទដៃនោះឯង។ ប្រសិនបើមិនមានការប្រជុំពិសេសទេ សភានឹងបន្ថែមពេលវេលាប្រជុំនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ប្រហែលជា ១ម៉ោង ទៅ២ម៉ោង តាមការចាំបាច់។
មានសមាជិកសភាចំនួន ៤៧៤រូប នៅក្នុងសភាតំណាងថៃ ហើយយ៉ាងហោចណាស់ត្រូវមាន២៣៧រូប ទើបគ្រប់កូរ៉ុមអាចប្រជុំបាន។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានថៃបានរាយការណ៍នាពេលថ្មីៗនេះថា កិច្ចប្រជុំសភាត្រូវបានខកខាន ដោយសារតែមិនមានកូរ៉ុមគ្រប់គ្រាន់ចំនួន ១៧ដង ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ។ សមាជិកសភាខ្លះបានបង្ហាញខ្លួននៅពេលចាប់ផ្តើមប្រជុំ ក្រោយមកក៏បានដើរចេញពីអង្គប្រជុំ សមាជិកសភាខ្លះទៀត បង្ហាញវត្តមានរបស់ខ្លួន ដោយគ្រាន់តែផ្ញើបណ្ណសម្គាល់ខ្លួនតាមរយៈសហសេវិក។ បញ្ហានេះបានកើតមានឡើងចុងក្រោយបំផុត គឺនៅថ្ងៃទី១០ ខែកុម្ភៈ ដោយពេលនោះមានតែសមាជិកសភា ២២៧រូបប៉ុណ្ណោះ បង្ហាញខ្លួន។
លោក Chuan Leekpai ប្រធានសភាទាំងពីរថ្នាក់ និងជាប្រធានសភាតំណាងថៃបានប្រកាសលុបចោលកិច្ចប្រជុំសភា ក្រោយពីសមាជិកសភាបានចំណាយពេល ៣០នាទី បន្ទោសគ្នាអំពីបញ្ហាអវត្តមានរបស់សមាជិកសភា។ ជារឿយៗសមាជិកសភាថៃ បានលើកឡើងពីបញ្ហាថា ខ្លួនមានជំងឺកូវីដ-១៩ ឬថា សមាជិកគ្រួសាររបស់ខ្លួនកំពុងតែតស៊ូពុះពារជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីធ្វើជាលេសដោះសា៕

http://ព័ត៌មានសភាអន្តរជាតិ ២៧-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://thethaiger.com/hot-news/politics/thai-parliament-app-launched-to-remind-forgetful-mps



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`