logo logo
banner1
សភារុស្ស៊ី លុបចោលការកំណត់ល័ក្ខខ័ណ្ឌអាយុ សម្រាប់ការជ្រើសរើសកងទ័ព
 

 អាគារសភាឌូម៉ា ឬសភាជាន់ទាប នៃសហព័ន្ធរុស្ស៊ី

កាលពីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ សភាសហព័ន្ធរុស្ស៊ី បានអនុម័តលើសេចក្តីព្រាងច្បាប់ មួយ ក្នុងពេលវេលាបន្ទាន់បំផុត ដើម្បីដកចោលការកំណត់លក្ខខណ្ឌអាយុ ក្នុងការចុះកិច្ចសន្យាបម្រើកងទ័ព នៅចំពេលដែលមានការស្លាប់ និងរបួសធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ុយក្រែន។ សមាជិកសភាឌូម៉ា ឬសភាជាន់ទាបសហព័ន្ធរុស្ស៊ីបានអនុម័តសេចក្តីព្រាងច្បាប់ខាងលើ នៅក្នុងការពិនិត្យ-ពិភាក្សា ទាំងបីលើកតែម្តង នៅក្នុងសម័យប្រជុំតែមួយលើក ហើយក្រុមប្រឹក្សាសហព័ន្ធ ឬសភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ីបានផ្តល់ការអនុម័តយល់ព្រមភ្លាមៗលើសេចក្តីព្រាងច្បាប់នោះ​។​

ពេលនេះ សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវការតែហត្ថលេខារបស់លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីតែប៉ុណ្ណោះ ដើម្បីក្លាយជាច្បាប់។  លោក Vyacheslav Volodin ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី បានថ្លែងថា “ថ្ងៃនេះ ជាពិសេស យើងចាំបាច់ត្រូវតែពង្រឹងកងកម្លាំងប្រដាប់អាវុធ និងជួយដល់ក្រសួងការពារជាតិ។ អគ្គមេបញ្ជាការកំពូលរបស់យើង កំពុងតែធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីធានាថា  កងកម្លាំងប្រដាប់អាវុធរបស់យើងនឹងទទួលជ័យជម្នះ ហើយយើងចាំបាច់ត្រូវតែជួយ”។

បច្ចុប្បន្ននេះ មានតែប្រជាជនរុស្ស៊ីមានអាយុចាប់ពី ១៨ ដល់ ៤០ឆ្នាំ និងកងទ័ពបរទេសអាយុពី ១៨ ដល់ ៣០ឆ្នាំប៉ុណ្ណោះ ដែលអាចចុះឈ្មោះជាទាហានអាជីព នៅក្នុងជួរកងទ័ពរុស្ស៊ី។ កងកម្លាំងទ័ពរុស្ស៊ីបានរងនូវការបាត់បង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីបានថ្លែងថា កាលពីថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០២២ បុគ្គលិកយោធារុស្ស៊ីចំនួន ១,៣៥១នាក់ បាន ស្លាប់បាត់បង់ជីវិត និង ៣,៨២៥នាក់រងរបួស ចាប់តាំងពីរដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជូនកងកម្លាំងប្រដាប់ អាវុធរបស់ខ្លួន ទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ តាំងពីពេលនោះមក                          រុស្ស៊ីនៅមិនទាន់ធ្វើបច្ចុប្បន្នភាពតួលេខទាហានស្លាប់ និងរបួសបន្ថែមទៀតនៅឡើយ។ ខណៈដែលភ្នាក់ ងារសំងាត់របស់ប្រទេសអ៊ុយក្រែន និងប្រទេសលោកខាងលិចបានថ្លែងថា  ការស្លាប់បាត់បង់ជីវិតរបស់កងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ខ្ពស់ជាងតួលេខនោះឆ្ងាយ និងបានកើនឡើងយ៉ាងស្រួចស្រាល់ គិតចាប់តាំងពីខែមីនា  ឆ្នាំ២០២២ មក៕

 

http://ព័ត៌មានសភាអន្តរជាតិ ២៦-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/law-order/2049777-russian-parliament-scraps-age-limit-for-army-recruits



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`