លោក Kim Jin-pyo សមាជិកសភាគណបក្សប្រជាធិបតេយ្យកូរ៉េដែលត្រូវបានជ្រើសតាំងជាបេក្ខជនប្រធានសភា
កាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រឆាំងដ៏ធំជាងគេរបស់ប្រទេសកូរ៉េ ខាងត្បូង គឺគណបក្សប្រជាធិបតេយ្យកូរ៉េ បានជ្រើសតាំងលោក Kim Jin-pyo សមាជិករដ្ឋសភា ៥ អាណត្តិ ឱ្យធ្វើជាបេក្ខជនគណបក្សរបស់ខ្លួនសម្រាប់តំណែងប្រធានរដ្ឋសភា ក្នុងសម័យប្រជុំសាមញ្ញនៃរដ្ឋសភាមួយនៅពេលខាងមុខ នេះបើតាមការឱ្យដឹងពីមន្ត្រីមួយចំនួនរបស់គណបក្សនេះ។ លោក Kim ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រធានរដ្ឋសភាដោយស្វ័យប្រវត្តិ តាមទម្លាប់ដែលប្រធានរដ្ឋសភាត្រូវតែជាឥស្សរជនមកពីគណបក្សនយោបាយដែលមានអាសនៈច្រើនជាងគេក្នុងសភា។ អាសនៈអនុប្រធានសភា ២ រូប ទៀត ដែលត្រូវបានបែងចែកក្នុងចំណោមគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដែលធំជាងគេ។
គណបក្សប្រជាធិបតេយ្យកូរ៉េទទួលបានអាសនៈក្នុងរដ្ឋសភា ១៦៧ ក្នុងចំណោមអាសនៈ សរុប ៣០០។ លោក Kim ដែលមានអាយុ ៧៥ ឆ្នាំ រូបនេះ បានប្រឡងជាប់មន្ត្រីជាន់ខ្ពស់ក្នុងឆ្នាំ១៩៧៤ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យជាតិសេអ៊ូល និងបានចំណាយពេលវេលាភាគច្រើនក្នុងអាជីពរបស់លោកជាមន្ត្រីការិយាល័យក្នុងក្រសួងហិរញ្ញវត្ថុ។
លោក Kim ធ្លាប់បានបម្រើការងារជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងឆ្នាំ២០០៥ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Roh Moo-hyun។ គណបក្សប្រជាធិបតេយ្យកូរ៉េបានឱ្យដឹងថា ខ្លួនមានបំណងចង់អំពាវនាវឱ្យបើកសម័យប្រជុំពេញអង្គមួយ ហើយបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើលោក Kim មុនថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ខណៈពេលដែលប្រធានសភាបច្ចុប្បន្ន គឺលោក Park Byeong-seug គ្រោងលាលែងពីតំណែង។ លោក Kim Young-joo អតីតសមាជិកសភា ៤ អាណត្តិ ដែលធ្លាប់បម្រើការងារជារដ្ឋមន្ត្រីក្រសួងការងារក្នុងអាណត្តិអតីតប្រធានាធិបតី Moon Jae-in ត្រូវបានជ្រើសតាំងជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យកូរ៉េសម្រាប់តំណែងអនុប្រធានសភា៕
http://ព័ត៌មានសភាអន្តរជាតិ ២៥-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.koreatimes.co.kr/www/nation/2022/05/113_329733.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម