logo logo
banner1
សភាអេមីរ៉ាតអារ៉ាប់រួម និងសភាអឺរ៉ុប ពិភាក្សាគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការ
 

លោកស្រី Hannah Neumann​ ប្រធានប្រតិភូសម្រាប់ចំណងទាក់ទងជាមួយឧបទ្វីបអារ៉ាប់(DARP) នៃសភាអឺរ៉ុប

និងលោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ(សភាអេមីរ៉ាតអារ៉ាប់រួម)

លោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ(«FNC»សភាអេមីរ៉ាតអារ៉ាប់រួម) បានទទួលចួបលោកស្រី Hannah Neumann ប្រធានប្រតិភូសម្រាប់ចំណងទាក់ទងជាមួយឧបទ្វីបអារ៉ាប់(DARP) នៃសភាអឺរ៉ុប ដែលបច្ចុប្បន្នលោកស្រីកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម(UAE)។ ក្នុងអំឡុងពេលនៃជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង    អេមីរ៉ាតអារ៉ាប់រួម និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប លើវិស័យផ្សេងៗ ជាពិសេស វិស័យសភា នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

លោក Ghobash បានស្វាគមន៍គណៈប្រតិភូ DARP ដោយបានសង្កត់ធ្ងន់ថា ដំណើទស្សនកិច្ចនេះនឹងជំរុញការរួបរួម និងការពិគ្រោះយោបល់គ្នាលើបញ្ហាដែលជាប្រយោជន៍ទៅវិញទៅមក និងស្វែងរកការសម្រេចបានសមិទ្ធផលនានារបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និរន្តរភាព បម្រែបម្រួលអាកាសធាតុ ការផ្តល់អំណាចដល់ស្តី្រនិងយុវជន និងការងារមនុស្សធម៌។ ដំណើរទស្សនកិច្ចរបស់លោកស្រី Neumann បានកើតមានឡើង តែប៉ុន្មានថ្ងៃក្រោយពីមរណភាពរបស់ព្រះអង្គ Khalifa bin Zayed Al Nahyan ​ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម។ លោក Ghobash បានកោតសរសើរដល់សេចក្តីថ្លែងការណ៍រួមរបស់សហភាពអឺរ៉ុប និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្ទ(GCC) អំពីភាពជាដៃគូយុទ្ធសាស្រ្តដើម្បីពង្រឹងចំណងទាក់ទងរបស់ភាគីទាំងពីរ។

លោក Ghobash បានថ្លែងបន្ថែមថា ក្នុងពេលដែលប្រទេសខ្លះ កំពុងស្វែងរកការធ្វើកិច្ចអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសក្នុងតំបន់ ប៉ុន្តែសម្រាប់អេមីរ៉ាតអារ៉ាប់រួមវិញ គឺគ្រាន់តែចង់រក្សានូវសន្តិសុខ សន្តិភាព និងស្ថិរភាព លើកកម្ពស់តម្លៃនៃភាពអត់ឱន និងសហត្ថិភាព(ការរួមរស់នៅជាមួយគ្នា)។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham រវាងអេមីរ៉ាតអារ៉ាប់រួម និងអ៊ីស្រាអែល គឺធ្វើឡើងដើម្បីតែបង្កើនស្ថិរភាព និងសម្រេចបានការអភិវឌ្ឍនៅក្នុងតំបន់តែប៉ុណ្ណោះ។

សម្រាប់ភាគីសភាអឺរ៉ុប លោកស្រី Neumann បានសម្តែងនូវមរណទុក្ខដល់ប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនអេមីរ៉ាតអារ៉ាប់រួម ចំពោះមរណភាពរបស់ព្រះអង្គ Khalifa bin Zayed Al Nahyan និងអបអរសាទរដល់ប្រធានាធិបតីថ្មី គឺព្រះអង្គម្ចាស់ Mohamed bin Zayed Al Nahyan។ លោកស្រី Neumann         បានថ្លែងថា លោកស្រីក៏មានទស្សនៈដូចគ្នាទៅនឹងអេមីរ៉ាតអារ៉ាប់រួមដែរ អំពីភាពអត់ឱន សន្តិភាព និងស្ថិរភាព៕

http://ព័ត៌មានសភាអន្តរជាតិ ២៥-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.zawya.com/en/economy/gcc/fnc-european-parliament-discuss-cooperation-f4tmkmmt



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`