រូបភាពតំណាង ស្រ្តីជប៉ុនកំពុងដើរតាមដងវិថី
រាជធានីតូក្យូ៖ សារព័ត៌មាន Sputnik របស់សហព័ន្ធរុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់ ពីប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ថា សមាជិកសភាប្រទេសជប៉ុន បានអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់មួយស្តីពីការផ្តល់ការបង្កើនការគាំទ្រ និងការជួយសង្រ្គោះដល់ស្រ្តីងាយគ្រោះ រួមទាំង ជនទាំងឡាយណាដែលរស់នៅក្នុងភាពក្រីក្រ ប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ ឬប្រឈមនឹងការលោភបំពានផ្លូវភេទ។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានឱ្យដឹងថា ការសម្រេចចិត្តខាងលើរបស់សភាជប៉ុន បានធ្វើឡើងតាមរយៈមតិយោបល់របស់ក្រុមតស៊ូមតិនានា ដែលពួកគេអះអាងថា ច្បាប់បច្ចុប្បន្នដែលមានស្រាប់តាំងពីឆ្នាំ១៩៥៦ ស្តីពីការប្រឆាំងនឹងអំពើពេស្យាចារ លែងសក្តិសមសម្រាប់ស្ថានភាពនាពេលបច្ចុប្បន្នហើយ។ ជាពិសេស ស្រ្តីជប៉ុន ជារឿយៗ បានពើបប្រទះនូវបញ្ហាដូចជា ភាពក្រីក្រ ការបំពារបំពានផ្លូវភេទ ការបំពានលើរូបកាយ ការបំពានផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត កំណើននៃការធ្វើអត្តឃាត។ លើសពីនេះទៀត អំពើហិង្សាលើស្រ្តី បានកើតឡើងជាទូទៅច្រើនជាងមុន នៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅចំពេលនៃការកើតមានជំងឺរាតត្បាតជាសកលកូវីដ-១៩ បានធ្វើឱ្យមនុស្សជាច្រើន ស្នាក់នៅផ្ទះ ដូច្នឹងស្រ្តីទាំងនោះ បានរងគ្រោះពីការរំលោភបំពាន ដោយពួកគេមិនមានឱកាសអាចគេចចេញបាន។ នេះបើតាមការកត់សម្គាល់របស់សារព័ត៌មាន Kyodo។
សារព័ត៌មានដដែលខាងលើ បានថ្លែងថា សេចក្តីព្រាងច្បាប់ថ្មីនេះមានគោលដៅបង្កើតនូវវិធានការនានា ដើម្បីការពារស្រ្តីក្រីក្រងាយរងគ្រោះ(disadvantaged women) និងផ្តល់ដល់ពួកគេនូវការងារធ្វើជាចាំបាច់ និងផ្តល់ជំនួយជាកន្លែងស្នាក់នៅ ដោយមានការសម្របសម្រួលពីអង្គការសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាល។ សមាជិកសភាជប៉ុន ក៏មានផែនការផងដែរ ក្នុងការពិនិត្យមើលឡើងវិញ លើខចែង នៃច្បាប់ប្រឆាំងអំពើពេស្យាចារ ត្រង់ចំណុច នៃការប្រឹក្សាយោបល់ និងការផ្តល់ទីជម្រកដល់ស្រ្តីទាំងនោះ និងដាក់បញ្ចូលវាទៅក្នុងសេចក្តីព្រាងច្បាប់ថ្មី។ សេចក្តីព្រាងច្បាប់នេះ ត្រូវគេរំពឹងថានឹងចូលជាធរមាន នៅ ក្នុងខែមេសា ឆ្នាំ២០២៤ តទៅ៕
http://ព័ត៌មានសភាអន្តរជាតិ ២០-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thesundaily.my/home/japan-s-parliament-passes-bill-to-enhance-support-for-vulnerable-women-AX9220453
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម