logo logo
banner1
ញត្តិដកសេចក្តីទុកចិត្តពីប្រធានាធិបតីស្រីលង្កា ស្នើឡើងដោយ គណបក្សប្រឆាំងត្រូវបានសភាបោះឆ្នោតទម្លាក់ចោល
 

 លោក Gotabaya Rajapaksa ប្រធានាធិបតីនៃសាធារណរដ្ឋ សង្គមនិយម ប្រជាធិបតេយ្យស្រីលង្កា

សភានៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានបោះឆ្នោតទម្លាក់ចោលញត្តិដកសេចក្តីទុកចិត្តពីលោកប្រធានាធិបតី Gotabaya Rajapaksa ដែលស្នើឡើងដោយគណបក្សប្រឆាំង។ ក្នុងគ្រាដែលវិបត្តិសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសដីកោះមួយនេះនៅតែបន្តកើតមានឡើង សភា បានកោះបើកកិច្ចប្រជុំដ៏សំខាន់មួយកាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា​ ឆ្នាំ២០២២ ដែលជាការប្រជុំលើក ដំបូង ក្រោយការតែងតាំងនាយករដ្ឋមន្រ្តីស្រីលង្កាថ្មី គឺលោក Ranil Wickremesinghe។

ញត្តិដកសេចក្តីទុកចិត្ត ស្នើឡើងដោយលោក MA Sumanthiran សមាជិកសភាគណបក្សសម្ព័ន្ធភាពជាតិតាមីល ដើម្បីពិភាក្សាបង្ហាញការមិនពេញចិត្តនឹងលោកប្រធានាធិបតី ត្រូវបានសមាជិកសភា ចំនួន ១១៩ បោះឆ្នោតប្រឆាំង និងមានតែ ៦៨រូបប៉ុណ្ណោះបោះឆ្នោតគាំទ្រ។ គណបក្សប្រឆាំងខាងលើ បានព្យាយាមប៉ុនប៉ងបង្ហាញថា ការអំពាវនាវទូទាំងប្រទេស ឱ្យប្រធានាធិបតីចុះចេញពីតំណែង កំពុងតែ ជះឥទ្ធិពលមិនល្អដល់ស្ថាប័ននីតិប្បញ្ញត្តិ។ កិច្ចប្រជុំសភាបានចាប់ផ្តើមឡើង ជាមួយនឹងការកាន់ទុក្ខដល់ មរណភាពរបស់សមាជិកសភា លោក Amarakeerthi Athukorala ដែលត្រូវបានសម្លាប់ក្នុងអំឡុងពេល នៃជម្លោះរវាងបាតុករប្រឆាំង និងបាតុករគាំទ្ររដ្ឋាភិបាល​ កាលពីសប្តាហ៍មុន។

របៀបវារៈដ៏សំខាន់នៃ កិច្ចប្រជុំសភាកាលពីថ្ងៃអង្គារ គឺការជ្រើសរើសបេក្ខជនសក្តិសមនឹងតំណែង ជាអនុប្រធានសភា ដែលនៅទំនេរ ក្រោយពីលោក Ranjith Siyamabalapitiya​ បានចុះចេញពីតំណែង។ កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី Wickremesinghe បានថ្លែងថា វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២១ ដើម្បីកាត់បន្ថយអំណាចប្រធានាធិបតីនឹងត្រូវពិភាក្សាជាមួយអគ្គរដ្ឋអាជ្ញា​ បន្ទាប់ពីនោះ វិសោធនកម្ម នេះនឹងត្រូវបញ្ជូនទៅកាន់គណៈរដ្ឋមន្រ្តីដើម្បីសុំការអនុម័ត។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី២១ រំពឹងថានឹងលុបចោលអំណាចគ្មានដែនកំណត់របស់ប្រធានាធិបតី Gotabaya Rajapaksa ក្រោយពីលោកប្រធានាធិបតីរូបនេះ បានលុបចោលវិសោធនកម្មលើកទី១៩ ដែលវិសោធនកម្មនេះបានផ្តល់អំណាច ដល់សភា ជាងប្រធានាធិបតី ៕

http://ព័ត៌មានសភាអន្តរជាតិ ១៨-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.timesnownews.com/world/sri-lankan-oppositions-no-confidence-motion-against-president-gotabaya-rajapaksa-defeated-in-parliament-details-article-91612297



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`