logo logo
banner1
សមាជិកសភា ស៊ុយអែត និងហ្វាំងឡង់ ពិភាក្សាដេញដោល លើការដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ
 

 ពីឆ្វេងទៅស្តាំ៖ លោក Mitch McConnell ប្រធានក្រុមមតិសំឡេងភាគតិចនៃព្រឹទ្ធសភាស.រ.អា លោកស្រី Susan Collins សមាជិកព្រឹទ្ធសភាស.រ.អា និងលោក Sauli Niinisto ប្រធានាធិបតីហ្វាំងឡង់

សមាជិកសភានៃសាធារណរដ្ឋហ្វាំងឡង់     និងព្រះរាជាណាចក្រស៊ុយអែត បានបើកកិច្ចពិភាក្សារៀងៗខ្លួន អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីចូលជាសមាជិកអង្គការណាតូ(NATO) ក្នុងគ្រាដែលប្រទេសជិតខាងគ្នាទាំងពីរ ត្រៀមបញ្ជូនទម្រង់បែបបទស្នើសុំ នៅក្នុងសប្តាហ៍នេះ ដើម្បីរារាំងប្រឆាំងនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។ ហ្វាំងឡង់បានប្រកាសជាផ្លូវការពីចេតនារបស់ខ្លួន ក្នុងការចូលជាសមាជិកអង្គការណាតូ កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងពេលដែលគណបក្សកាន់អំណាចស៊ុយអែត ក៏បានប្រកាស គាំទ្រការចូលជាសមាជិកផងដែរ ដែលនេះជាការត្រួសត្រាយផ្លូវមួយ ដើម្បីបំពេញទម្រង់បែបបទរួមគ្នា។

ការវិវត្តន៍បែបនេះ គឺជាការប្រែប្រួលទាំងស្រុង ពីគោលនយោបាយអព្យាក្រឹតភាពយោធា(non-align ment) របស់ប្រទេសទាំងពីរ តាំងពីជាង ៧៥ឆ្នាំមុនមក សម្រាប់ហ្វាំងឡង់ និងជាង ២០០ឆ្នាំសម្រាប់ប្រទេសស៊ុយអែត។ នៅក្នុងរដ្ឋធានី Helsiki ប្រទេសហ្វាំងឡង់ សភាបានចាប់ផ្តើមសម័យប្រជុំរយៈពេលវែង ដោយមានសមាជិកសភាលើសពី ១៥០រូប នៃ២០០រូប បានស្នើឡើងមានមតិ បន្ទាប់ពីសំណើសុំចូលជាសមាជិកត្រូវបានលោកប្រធានាធិបតី Sauli Niinisto និងលោកស្រីនាយករដ្ឋមន្រ្តី Sanna Marin ដាក់ជូនសភាកាលពីថ្ងៃអាទិត្យ។ លោកស្រីនាយករដ្ឋមន្រ្តីបានថ្លែងប្រាប់សភាថា “បរិយាកាសសន្តិសុខរបស់យើង បានប្រែប្រួលហើយ”។ ”ប្រទេសតែមួយគត់ ដែលគំរាមកំហែងដល់សន្តិសុខអឺរ៉ុប ហើយដែលពេលនេះកំពុងតែធ្វើសង្រ្គាមឈ្លានពានជាចំហ នោះគឺរុស្ស៊ី“។ គួរបញ្ជាក់ផងដែរថា រុស្ស៊ីធ្លាប់បានព្រមានម្តង ហើយម្តងទៀតដល់ហ្វាំងឡង់ និងស៊ុយអែត ពីផលវិបាកប្រសិនបើពួកគេដាក់ពាក្យចូលជាសមាជិកអង្គការណាតូ។ ហ្វាំងឡង់មានព្រំដែនជាប់ជាមួយរុស្ស៊ីប្រវែង ១,៣០០គីឡូម៉ែត្រ(៨០០ម៉ាយ) និងមានប្រវត្តិ សាស្រ្ត  រួមគ្នាជាមួយរុស្ស៊ីជាយូរលង់មកហើយ។

សំឡេងភាគច្រើនលើសលុបនៃសមាជិកសភាហ្វាំងឡង់ ២០០រូប គឺយ៉ាងហោចណាស់ ៨៥% បានគាំទ្រការសម្រេចចិត្តចូលណាតូ ក្រោយពីគណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី  Marin បានថ្លែងថា ខ្លួនគាំទ្រការចូលជាសមាជិក។ ប្រជាជនហ្វាំងឡង់ ក៏គាំទ្រយ៉ាងខ្លាំងក្លាចំពោះការចូលជាសមា ជិកណាតូ។ ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា មានប្រជាជនហ្វាំងឡង់ច្រើនជាង ៣ភាគ៤ ចង់ចូលក្នុង សម្ព័ន្ធមិត្ត  គឺកើនឡើងជិត៣ដង  ដែលគេបានរកឃើញកាលពីមុនសង្រ្គាមអ៊ុយក្រែនចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ខណៈដែលសមាជិកសភា ១ក្រុម រួមទាំងលោក Mitch McConnell ប្រធានក្រុមមតិសំឡេងភាគតិចនៃព្រឹទ្ធសភាស.រអា បានបំពេញទស្សនកិច្ចក្នុងប្រទេសហ្វាំងឡង់កាលពីថ្ងៃចន្ទទី១៦ ខែឧសភា ដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតី Sauli Niinisto។ “គោលដៅនៅក្នុងសហរដ្ឋអាម៉េរិកគឺនឹងអនុម័តការចូលជាសមាជិករបស់ហ្វាំងឡង់ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន”។​ លោក Mitch McConnell បានថ្លែងបែបនេះ ក្រោយបញ្ចប់ជំនួបជាមួយលោក Sauli Niinisto។

ប្រទេសស៊ុយអែត ងាយនឹងរងគ្រោះ ប្រសិនបើនៅក្រៅអង្គការណាតូ

       ខណៈ​នៅក្នុងប្រទេសស៊ុយអែតឯណោះវិញ លោកស្រីនាយករដ្ឋមន្រ្តី Magdalena Andersson បានពិភាក្សានៅក្នុងសភា មុនពេលប្រកាសពីចេតនាផ្លូវការរបស់រដ្ឋាភិបាលលោកស្រី ក្នុងការបំពេញបែប បទចូលជាសមាជិកអង្គការណាតូ បើទោះបីជា លោកស្រីមិនរំពឹងថា សមាជិកសភានឹងបោះឆ្នោតគាំទ្រក៏ ដោយ។ គណបក្សសង្គមប្រជាធិបតេយ្យរបស់លោកស្រី បានបង្ហាញការគាំទ្រក្នុងការចូលក្នុងសម្ព័ន្ធមិត្ត អង្គការណាតូ ដែលធានាបាននូវការគាំទ្រយ៉ាងរឹងមាំ ក្នុងសភាចំពោះការចូលជាសមាជិកនេះ។ មានតែ ២ ក្នុងចំណោម ៨គណបក្សប៉ុណ្ណោះ ដែលជំទាស់នឹងការចូលជាសមាជិកអង្គការណាតូ។

ការប្រែប្រួលរបស់គណបក្សលោកស្រី Andersson គឺជាការប្រែប្រួលយ៉ាងខ្លាំង ដែលគណបក្សនេះ បានជំទាស់ទៅនឹងការចូលជាសមាជិកអង្គការណាតូ ចាប់តាំងពីអង្គការនេះចាប់កំណើតឡើង ហើយលោកស្រី Andersson ខ្លួនឯង ក៏បានបង្ហាញការជំទាស់នាពេលថ្មីនេះ កាលពីក្នុងខែមីនា កន្លងមក។ ការគាំទ្រពីសាធារណជនក៏មានការកើនឡើងផងដែរ ​បើទោះបីជាទាបជាងនៅក្នុងប្រទេសហ្វាំងឡង់ប្រមាណ ជា ៥០% និងប្រមាណជា ២០% បង្ហាញការជំទាស់។ ប៉ុន្តែលោកស្រី Andersson ដឹងថា ការសម្រេចចិត្ត​របស់ស៊ុយអែត ក្នុងការចូលក្នុងអង្គការណាតូ គឺមានចំណងយ៉ាងជិតស្និទ្ធជាមួយនឹងហ្វាំងឡង់។

ក្នុងនាមជាប្រទេសតែ ១គត់ នៅក្នុងតំបន់សមុទ្ទបាល់ទិក ដែលស្ថិតនៅក្រៅអង្គការណាតូ ប្រទេស    ស៊ុយអែតនឹងរកឃើញថា​ខ្លួន “កំពុងតែស្ថិតក្នុងទីតាំងដែលងាយនឹងរងគ្រោះបំផុត”។ លោកស្រីនាយក រដ្ឋមន្រ្តីបានថ្លែងបែបនេះប្រាប់ដល់សភា ដោយបានលើកឡើង​ពី “ហានិភ័យនៃការកើនឡើងការគាបសង្កត់របស់រុស្ស៊ីមកលើស៊ុយអែត”។ លោកស្រីក៏បានសង្កត់ធ្ងន់ពី “កិច្ចសហប្រតិបត្តិការយោធាគ្រប់ជ្រុងជ្រោយ” ជាមួយហ្វាំងឡង់ផងដែរ លោកស្រីថា​ ប្រសិនបើស៊ុយអែតមិនចូល ហើយហ្វាំងឡង់ចូលជាសមាជិកអង្គការណតូ នោះនឹងផ្តោតកាន់តែខ្លាំងលើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក ហើយសមត្ថភាពការពារជាតិរបស់ស៊ុយអែតយើងថយចុះ ក្នុងពេលដែលយើងចាំបាច់ត្រូវតែពង្រឹងសមត្ថភាពនោះ។ ប៉ុន្តែផ្ទុយទៅវិញបើយើងចូលអូតង់​ នោះកិច្ចសហប្រតិបតិ្តការ និងសមត្ថភាពការពារជាតិនៅជុំវិញតំបន់ សមុទ្ទបាល់ទិកនឹងកើនឡើងយ៉ាងខ្លាំងក្លា។ លោកស្រី Andersson បានថ្លែងបន្តថា​ អ្វីដែលល្អបំផុតសម្រាប់សន្តិសុខរបស់ជាតិយើង នោះគឺស៊ុយអែតត្រូវតែបំពេញបែបបចូលជាសមាជិកអង្គការណាតូ និងធ្វើវារួមគ្នាជាមួយហ្វាំងឡង់៕

http://ព័ត៌មានសភាអន្តរជាតិ ១៧-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://newsinfo.inquirer.net/1598487/swedish-finnish-mps-debate-nato-membership



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`