logo logo
banner1
ប្រធានាធិបតីកូរ៉េខាងត្បូងស្នើឱ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំងផ្តល់សេចក្តីទុកចិត្តលើបេក្ខជននាយករដ្ឋមន្ត្រីថ្មី
 

លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង(កណ្តាល) ជួបពិភាក្សាការងារជាមួយសមាជិកសភាគណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សប្រជាធិបតេយ្យ មុនពេលលោកថ្លែងសុន្ទរកថាស្តីពី គោលនយោបាយក្នុងសម័យប្រជុំពេញអង្គ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ (Yonhap)

 

រដ្ឋធានីសេអ៊ូល៖ លោក Lee Jun-seok ប្រធានគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន (PPP) បានថ្លែងថា កាលពីថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ លោក Yoon Suk-yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការ រវាងថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ក្នុងការផ្តល់សេចក្តីទុកចិត្តលើបេក្ខជននាយករដ្ឋមន្ត្រី គឺលោក Han Duck-soo។ ប្រធានគណបក្សកាន់អំណាចរូបនេះ បានថ្លែងបា្រប់អ្នករាយការណ៍ព័ត៌មានថា សំណើរបស់លោក Yoon នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួប រវាងថ្នាក់ដឹកនាំគណបក្សអំណាចប្រជាជន, គណបក្សប្រជាធិបតេយ្យ និងគណបក្សយុត្តិធម៌ រួមទាំង លោក Park Byeong-seug ប្រធានរដ្ឋសភា កូរ៉េខាងត្បូងផងដែរ នៅមុនពេលលោកប្រធានាធិបតីថ្លែងសុន្ទរកថាស្តីពី ថវិកាជាតិ។

                        លោក Lee បានថ្លែងថា លោកប្រធានាធិបតី Yoon បានស្នើឱ្យថ្នាក់ដឹកនាំគណបក្សនយោបាយ ទាំងអស់នោះ ផ្តល់សេចក្តីទុកចិត្តលើលោក Han ជានាយករដ្ឋមន្ត្រីថ្មី។ ចំណែកឯថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ មិនទាន់ឃើញឆ្លើយតបនឹងសំណើរបស់លោក Yoon ឡើយ។ កាលពីសប្តាហ៍មុន  លោក Yoon បានស្នើជាផ្លូវការទៅរដ្ឋសភា ដើម្បីផ្តល់សេចក្តីទុកចិត្តលើលោក Han ប៉ុន្តែ គណបក្សអំណាចប្រជាជន និងគណបក្សប្រជាធិបតេយ្យ មិនយល់ស្របលើកាលបរិច្ឆេទនៃការបើកសម័យប្រជុំពេញអង្គផ្តល់សេចក្តីទុកចិត្តលើលោក Han ឡើយ។ នៅក្នុងប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី គឺជាតំណែងគណៈរដ្ឋមន្ត្រីតែមួយគត់ ដែលតម្រូវឱ្យផ្តល់សេចក្តីទុកចិត្តពីសភា។

គណៈកម្មាធិការជំនាញនៅក្នុងសភាមួយរបស់គណបក្សប្រជាធិបតេយ្យ ដែលបានរៀបចំបើក សម័យប្រជុំផ្តល់សេចក្តីទុកចិត្តនេះឡើង បានប្រកាសថា លោក Han គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ​ ដោយសំអាងថា អាជីពក្រោយចូលនិវត្តន៍របស់លោកបម្រើការងារនៅក្រុមហ៊ុនមេធាវីមួយ ហើយត្រូវបានគេសង្ស័យថា មានភាពមិនប្រក្រតីជាច្រើនករណីទៀត៕

http://ព័ត៌មានសភាអន្តរជាតិ ១៧-០៥-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220516004500315

 

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`