ពលរដ្ឋលីបង់ លើកចង្អុលដៃបង្ហាញថា ខ្លួនបានបោះឆ្នោតរួច កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២
កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ សាធារណរដ្ឋលីបង់ បានបើកស្ថានីយបោះឆ្នោត សម្រាប់ការបោះឆ្នោតសកល នៅចំពេលមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ស្ថានីយបោះឆ្នោតបានបើកនៅម៉ោង ៤ព្រឹក ម៉ោងសកល។ មានបេក្ខជនចំនួន ៧១៨រូប ឈរឈ្មោះដើម្បីដណ្តើមអាសនៈសភាទាំង ១២៨ ដោយបែងចែក សម្រាប់ជនជាតិភាគតិច និងសាសនា ១១ក្រុម។ មុនថ្ងៃបោះឆ្នោតផ្លូវការ ប្រជាជនលីបង់រស់នៅក្រៅប្រទេស បានធ្វើការបោះឆ្នោតកាលពីថ្ងៃទី០៦ ខែឧសភា នៅជុំវិញពិភពលោក។
កាលពីខែមករា ឆ្នាំ២០២២ លោក Najib Mikati នាយករដ្ឋមន្រ្តីលីបង់បានថ្លែងថា លោកនឹងមិន ឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានោះទេ។ លោក Saad Hariri អតីតនាយករដ្ឋមន្រ្តីលីបង់ និងជាមេដឹកនាំគណបក្សឥស្លាមនិកាយ Sunni ដ៏ធំជាងគេក្នុងប្រទេសលីបង់ គឺគណបក្ស Tayyar Al-Mustaqbal ក៏បានប្រកាសថា គណបក្សរបស់លោកនឹងមិនចូលរួមក្នុងបោះឆ្នោតផងដែរ។
លោក Bassam Mawlawi រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២១ថា គណៈកម្មការជាតិរៀបចំការបោះឆ្នោត កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភា នៅថ្ងៃទី១៥ ខែឧសភា នៅក្នុងប្រទេស និងថ្ងៃទី០៦ និងទី០៨ ខែឧសភា សម្រាប់អ្នករស់នៅក្រៅប្រទេស។ ដើមឡើយ ការបោះឆ្នោតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា។
គួរបញ្ជាក់ផងដែរថា ប្រទេសលីបង់ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០១៩មក រហូតឈានដល់ដួលរលំប្រព័ន្ធធនាគារជាតិ ប្រាក់ផោនលីបង់ បានធ្លាក់ចុះតម្លៃ ១៥ដង ការដួលរលំនៃអាជីវកម្មនានា និងតម្លៃទំនិញកើនឡើង។ វិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប្រជាជនជាច្រើនស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រ។ ស្ថានភាពលំបាកនេះ បានធ្វើឱ្យប្រជាជនលីបង់ ធ្វើការបាតុកកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងឈានទៅដល់ការលាលែងរបស់គណៈរដ្ឋមន្រ្តីចំនួន២ មកហើយ ក្នុងអំឡុងពេលនៃវិបត្តិសេដ្ឋកិច្ចនេះ៕
http://ព័ត៌មានសភាអន្តរជាតិ ១៦-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/lebanon-holds-parliamentary-election-amid-eco-1510520.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម