សន្និសីទគាំទ្រប្រក្រតីកម្មជាមួយអ៊ីស្រាអែល ធ្វើឡើងកាលពីឆ្នាំ២០២១ ទទួលបានការថ្កោលទោសជាទូទៅ
សភានៃសាធារណរដ្ឋអ៊ីរ៉ាក់បានពិនិត្យ-ពិភាក្សាលើកទី១ លើ “សេចក្តីព្រាងច្បាប់ស្តីពីការហាមធ្វើប្រក្រតីកម្មនៃចំណងទាក់ទងជាមួយអ៊ីស្រាអែល”។ សេចក្តីព្រាងច្បាប់នេះ បានគំរាមដាក់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ចំពោះការអំពាវនាវឱ្យវិលទៅរកប្រក្រតីភាពជាមួយជាមួយអ៊ីស្រាអែល។ ច្បាប់នេះបានធ្វើឡើងក្នុងបំណងដើម្បីលុបបំបាត់កិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យអ៊ីរ៉ាក់ និងតំបន់ឃឺតអ៊ីរ៉ាក់ធ្វើប្រក្រតីកម្មជាមួយអ៊ីស្រាអែល។
បើតាមសេចក្តីព្រាងច្បាប់ ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយជាតិអ៊ីរ៉ាក់ជាភាសាអារ៉ាប់បានឱ្យដឹងថា មន្រ្តីអ៊ីរ៉ាក់ទាំងអស់ រួមទាំង ជនទាំងឡាយណាដែលរស់នៅតំបន់ឃឺតអ៊ីរ៉ាក់ ស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនវិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបានហាមឃាត់ក្នុងការបង្កើតចំណងទាក់ទង ឬផ្សព្វផ្សាយពីប្រក្រតីកម្មជាមួយអ៊ីស្រាអែល។ សេចក្តីព្រាងច្បាប់ខាងលើ ស្នើឡើងដោយក្រុម Sadrist ដែលទទួលបានអាសនៈច្រើនបំផុត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាកាលពីខែតុលា ឆ្នាំ២០២១ ក្រោយពីបព្វជិត Shia ដ៏លេចធ្លោ គឺលោក Muqtada al-Sadr បានស្នើឱ្យសមាជិករបស់លោក ដាក់ស្នើ ច្បាប់នេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោកកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។
ប៉ុន្តែយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់នេះ ចាំបាច់ត្រូវឆ្លងកាត់ការពិនិត្យ-ពិភាក្សាច្រើនដំណាក់ទៀត ទើបអាចក្លាយជាច្បាប់បាន បច្ចុប្បន្នច្បាប់នេះបានបញ្ជូនទៅកាន់គណៈកម្មាធិការនីតិកម្មនៃសភាអ៊ីរ៉ាក់ ដែលអាចនឹងមានការកែប្រែលើច្រើនចំណុច និងស្នើសុំយោបល់ពីគណៈកម្មាធិការសភាផ្សេងៗ ទៀត។ លោក Aryan Tawagozi សមាជិកសភាអ៊ីរ៉ាក់បានថ្លែងប្រាប់សារព័ត៌មាន The New Arab ថា “យើងគិតថា សេចក្តីព្រាងច្បាប់នេះអាចនឹងមានចំណុចជាច្រើនដែលប្រហែលជាចាំបាច់ត្រូវតែធ្វើការកែប្រែឡើងវិញ ដូច្នឹងវាហាក់ដូចជាលឿនពេក ដែលឱ្យយើងមានយោបល់លើច្បាប់នេះ នៅពេលនេះ”។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២១ មានសន្និសីទតស៊ូមតិមួយដើម្បីឱ្យអ៊ីរ៉ាក់ចូលរួមក្នុងកិច្ចព្រមព្រៀង Abraham ដែលបានធ្វើឡើងនៅក្នុងទីក្រុងអឺប៊ីល នៃតំបន់ឃឺតអ៊ីរ៉ាក់ ដោយមានអ្នកចូលរួម ពីជនជាតិ Kurds ជនជាតិ Sunnis និងជនជាតិ Shias ជាង ៣០០នាក់។ ប៉ុន្តែសន្និសីទនេះ ទទួលបានការថ្កោលទោសជាទូទៅ នៅក្នុងប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យតុលាការអ៊ីរ៉ាក់ ចេញដីកាចាប់ខ្លួនចំពោះជនទាំង ឡាយណាដែលបានចូលរួមក្នុងសន្និសីទខាងលើ៕
http://ព័ត៌មានសភាអន្តរជាតិ ១៣-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.alaraby.co.uk/news/iraq-parliament-discusses-banning-normalisation-israel
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម