លោក Femi Gbajabiamila ប្រធានសភាតំណាង នៃសាធារណរដ្ឋសហព័ន្ធនីហ្សរីយ៉ា
កិច្ចប្រជុំនៃប្រធាន និងប្រមុខដឹកនាំសភាអាហ្វ្រិក បានទទូចឱ្យសហគមន៍អន្តរជាតិដាក់ចូលក្នុងបញ្ជីខ្មៅ ចំពោះប្រទេសទាំងឡាយណាដែលមានរដ្ឋាភិបាលមិនដឹកនាំតាមបែបប្រជាធិបតេយ្យ។ មេ ដឹកនាំសភាទាំងនោះបានថ្លែងថា និន្នាការថ្មីនៃរដ្ឋប្រហារយោធា អាចធ្វើឱ្យទ្វីបអាហ្រ្វិកដើរថយក្រោយជាច្រើនឆ្នាំ និងបំផ្លាញការអភិវឌ្ឍដែលសម្រេចបានតាមរយៈលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ កិច្ចប្រជុំនៃប្រធានសភា ដែលដឹកនាំដោយលោក Femi Gbajabiamila ប្រធានសភាតំណាង នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ដែលធ្វើឡើងនៅក្នុងទីក្រុង Abuja គឺជា សន្និសីទលើកទី១ នៃប្រធាន និងប្រមុខដឹកនាំសភាអាហ្រ្វិក(CoSAP)។
សន្និសីទនេះ ផ្តួចផ្តើមឡើងក្នុងឆ្នាំ២០២០ ដោយលោក Gbajabiamila និងសហសេវិករបស់លោក មកពីប្រទេសសេណេហ្គាល់ ហ្គាណា អាហ្រ្វិកខាងត្បូង កេនយ៉ា និងអេត្យូពី ដើម្បីជំរុញការអភិវឌ្ឍនៅក្នុងទ្វីបអាហ្រ្វិក តាមរយៈការគាំទ្រផ្នែកនីតិប្បញ្ញតិ្ត រួមទាំងយុទ្ធនាការដើម្បីលុបបំណុលពីឥណទាយក(ម្ចាស់បំណុល)សកល។ មានប្រធានសភាមួយចំនួន នៅក្នុងសន្និសីទខាងលើបានអំពាវនាវដល់សហ គមន៍អន្តរជាតិ មិនត្រូវទទួលស្គាល់ប្រទេសអាហ្រ្វិកណាមួយ ដែលមានរដ្ឋាភិបាលកើតឡើងពីការធ្វើ រដ្ឋប្រហារយោធា។ លោកស្រី Nosiviwe Mapi sa-Nqakula ប្រធានសភាអាហ្វ្រិកខាងត្បូងបានកត់សម្គាល់ថា ការធ្វើអន្តរាគមន៍យោធា គឺផ្ទុយទៅនឹងជំហររបស់សហភាពអាហ្រ្វិក ដែលប្រឆាំងយ៉ាងដាច់អហំការចំពោះការចូលកាន់អំណាចដោយមិនប្រជាធិបតេយ្យ។
លោក Gbajabiamila បានថ្លែងថា គ្មានប្រទេសណានឹងទទួលស្គាល់រដ្ឋាភិបាលមួយដែលមិនបានកើតឡើងតាមរយៈសន្លឹកឆ្នោតនោះឡើយ។ ប្រធាន និងប្រមុខដឹកនាំសភាអាហ្រ្វិក បានទទូចដល់អ្នកចូលរួមទាំងអស់ក្នុងសន្និសីទលើកទី១ នៃប្រធាន និងប្រមុខដឹកនាំសភាអាហ្រ្វិក(CoSAP) សម្រេចឱ្យបាននូវអនុសាសន៍ខ្លាំងៗ ដែលអាចដោះស្រាយបាន ចំពោះការកើនឡើងនៃនិន្នាការរដ្ឋប្រហារយោធា នៅក្នុងតំបន់ខ្លះនៃទ្វីបអាហ្រ្វិក ៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.today.ng/news/africa/african-speakers-countries-military-juntas-blacklisted-423195
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម