រូបភាពទីស្នាក់ការកណ្តាលនៃសភាអឺរ៉ុប
សភាអឺរ៉ុប បានតាក់តែងសេចក្តីសម្រេចដែលមិនមានចំណងកាតព្វកិច្ច(non-binding) មួយដើម្បីបង្កើនការយល់ដឹងពីស្ថានភាពលំបាកជាច្រើន ដែលសហភាពអឺរ៉ុបបានប្រឈម តួយ៉ាងដូចជា ឧស្សាហកម្មអាកាសចរណ៍ ក្នុងពេលដែលគណៈកម្មការអឺរ៉ុប កំពុងតែពិចារណាដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបន្ថែមទៀតលើរុស្ស៊ី។ ពង្រាងញត្តិមួយដែលមានចំនួន ១០ទំព័រ សម្រាប់ដាក់ជូនសភាអឺរ៉ុប មានខ្លឹមសារថា “សភាអឺរ៉ុបមានក្តីបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែមានលើវិស័យអាកាសចរណ៍ នៅពេលដែលចំណាយប្រតិបត្តិការខ្ពស់ ធ្វើឱ្យការចំណាយរបស់អ្នកដំណើរ និងការដឹកជញ្ជូនកាន់តែថ្លៃជាងមុន”។
កាលពីខែកុម្ភៈ សហភាពអឺរ៉ុប បានហាមឃាត់យន្តរុស្ស៊ី ហោះហើរនៅក្នុងដែនអាកាសរបស់ខ្លួន បណ្តាលឱ្យរុស្ស៊ីសងសឹកវិញ។ សភាអឺរ៉ុបបានថ្លែងថា ការដាក់ទណ្ឌកម្ម រួមផ្សំនឹងការហាមឃាត់ផ្លូវអាកាស បានបង្ខំឱ្យអាកាសចរណ៍របស់អឺរ៉ុប ផ្អាក ឬរៀបផ្លូវហោះហើររបស់ខ្លួនឡើងវិញ ធ្វើឱ្យពួកគេ ចំណាយពេលយូរជាងមុន និងថ្លៃជាងមុន។ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការធ្លាក់ចុះអតិថិជន បានធ្វើឱ្យការចំណាយប្រតិបត្តិការអាកាសចរណ៍កាន់តែខ្ពស់ ចាប់តាំងពីឆ្នាំ២០២១មក។ ការបិទដែនអាកាសទៅវិញ ទៅមក និងការកំហិតការហោះហើរចូលអ៊ុយក្រែន បានកាត់បន្ថយចរាចរណ៍អ្នកដំណើរផ្លូវអាកាស ៩%។
សភាអឺរ៉ុប បានស្នើដល់គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិកំពូលរបស់សហភាពអឺរ៉ុប រៀបចំយុទ្ធសាស្រ្តគាំទ្រដល់អាកាសចរណ៍អឺរ៉ុប ដើម្បីសម្រាលបន្ទុកទ្វេដង ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងពេលដែលសហភាពអឺរ៉ុបកំពុងពិចារណាកញ្ចប់ទណ្ឌកម្មថ្មីមួយទៀត នៃការរឹតបន្តឹងលើឧស្សាហកម្មដឹកជញ្ជូនរបស់រុស្ស៊ី។ ដោយឡែកពីនេះ សមាជិកសភាអឺរ៉ុបបានរិះគន់រុស្ស៊ី ដែលបានអនុម័តច្បាប់មួយ ដែលតម្រូវឱ្យចុះបញ្ជីឡើងវិញនូវយន្តហោះរាប់រយគ្រឿង ដែលខ្លួនបានជួលពីក្រុមហ៊ុនបរទេស។ សមាជិកសភាថ្លែងបន្តថា យន្តហោះទាំងនោះគួរតែប្រគល់ឱ្យម្ចាស់ដើមស្របច្បាប់វិញ និងថា យន្តហោះទាំងនោះ កំពុងដាក់ឱ្យធ្វើប្រតិបត្តិការដោយគ្មានការត្រួតពិនិត្យសុវត្ថិភាព ដែលធ្វើឱ្យជីវិតអ្នកដំណើរស្ថិតក្នុងគ្រោះថ្នាក់៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/eu-parliament-worried-about-severe-impact-o-1505605.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម