លោក Vladimir Vladimirovich Putin ប្រធានាធិបតីរុស្ស៊ី និងលោក Vyacheslav Viktorovich Volodin ប្រធានរដ្ឋសភា
លោក Vyacheslav Viktorovich Volodin ប្រធានជាន់ទាបសហព័ន្ធរុស្ស៊ី បានបញ្ចេញកំហឹងទៅកាន់ប្រទេសទាំងអស់ដែលបានផ្តល់ជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន ដោយបានហៅប្រទេសទាំងនោះថាជា “ឧក្រិដ្ឋជនសង្រ្គាម” និងចោទប្រកាន់ថាពួកគេ “កំពុងតែរុញច្រានឱ្យពិភពលោកឆ្ពោះទៅរក មាត់ជ្រោះនៃគ្រោះមហន្តរាយ”។ លោក Volodin បានថ្លែងថា ជនទាំងឡាយណាដែលជួយអ៊ុយក្រែន ការពារខ្លួន គឺធ្វើឱ្យអាប់ឱនដល់ខ្លួនឯង ហើយកំពុងតែក្លាយខ្លួនទៅជាផ្នែកមួយនៃជម្លោះ។ លោកប្រធានសភារុស្ស៊ីរូបនេះ បានរំលឹកដល់ប្រវត្តិសាស្រ្ត ជាពិសេស សង្រ្គាមលោកលើកទី២ និងហ្វាស៊ីសនិយម។
លោក Volodin បានថ្លែងថា “មេដឹកនាំខ្លះរបស់បណ្តាប្រទេសអឺរ៉ុប ដែលមានអាល្លឺម៉ង់ជាមេក្លោង អាចនឹងធ្វើឱ្យប្រជាជនរបស់ខ្លួន ចួបនឹងស្ថានភាពលំបាកធ្ងន់ធ្ងរ ដោយសារតែការផ្គត់ផ្គង់អាវុធ ទៅឱ្យ អ៊ុយក្រែន ហើយពួកគេបានក្លាយទៅជាផ្នែកមួយនៃជម្លោះ”។ ពួកគេ នៅស្ងៀម នៅពេលដែលពួកណាស៊ី(nazis) នៅក្នុងទីក្រុង Odesa បានដុតជនស៊ីវិលទាំងរស់ ពួកគេមិនបានធ្វើអ្វីទាំងអស់ ដើម្បីការពារប្រជាជន Donbas ហើយពេលនេះ ពួកគេកំពុងតែធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីតែសម្លាប់ជាតិសាសន៍ Slav នៅក្នុងប្រទេសអ៊ុយក្រែន។ ពួកគេភ្លេចពីសោកនាដកម្មនៃសង្រ្គាមលោកលើកទី២ និងអំពីតម្លៃ ដែលពួកគេត្រូវបង់ ដើម្បីរំដោះពិភពលោកចេញពីហ្វាស៊ីសនិយម។ សកម្មភាពរបស់ពួកគេ កំពុងតែរុញច្រានពិភពលោក ឱ្យឆ្ពោះទៅរកមាត់ជ្រោះនៃគ្រោះមហន្តរាយ។ ប្រមុខរដ្ឋនៃប្រទេសទាំងអស់ ដែលបានអនុម័តការសម្រេចចិត្តផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន បានធ្វើឱ្យខ្លួនឯងអាប់ឱន និងត្រូវតែនាំយកទៅតុលាការផ្តន្ទាទោស ជាឧក្រិដ្ឋជនសង្រ្គាម។
គួរបញ្ជាក់ផងដែរថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រទេសនានាជុំវិញពិភពលោក បានហៅសកម្មភាពរបស់រុស្ស៊ីថាជា “ឧក្រិដ្ឋកម្មសង្រ្គាម” និងជាអំពើប្រល័យពូជសាសន៍ដែលរុស្ស៊ីកំពុងតែធ្វើឡើងមកលើប្រជាជនអ៊ុយក្រែន។ កងទ័ពរុស្ស៊ី បានបាញ់ទៅលើជនស៊ីវិល ផ្ទះសម្បែង និងរថយន្តរបស់ពួកគេដោយចេតនា និងធ្វើទារុណកម្ម ចាប់រំលោភ ចាប់ជម្រិតប្រជាជន អ៊ុយក្រែន។ ពិភពលោកមិនអាចធ្វើអន្តរាគមន៍ក្នុងសង្រ្គាមនេះបានឡើយដោយសារតែមានការគំរាមកំហែងពីសង្រ្គាមអាវុធប្រល័យលោក ពីសំណាក់លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី។ ហេតុនេះហើយក្រុមប្រទេសលោកខាងលិច មានតែរួមគ្នាជួយដល់អ៊ុយក្រែន ជាអាវុធ និងជំនួយមនុស្សធម៌ ព្រោះតាមច្បាប់អន្តរជាតិ ពួកគេមិនមែនជាផ្នែកមួយនៃជម្លោះ ហើយក៏មិនបានចូលរួមក្នុងសង្រ្គាមនោះដែរ៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.yahoo.com/russian-parliament-speaker-claims-those-063605679.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម