គណបក្សកាន់អំណាចដែលក្តោបក្តាប់ រដ្ឋសភាកូរ៉េខាងត្បូង បានអនុម័តសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពី
កំណែទម្រង់អយ្យការ នៅចំពេលមានការប្រឆាំងយ៉ាងខ្លាំងក្លាពីគណបក្សប្រឆាំងដ៏ធំជាងគេ
រដ្ឋធានីសេអ៊ូល៖ កាលពីថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២ សភាកូរ៉េខាងត្បូង បានអនុម័តជា ចុងក្រោយ នៃសេចក្តីព្រាងច្បាប់ចំនួន២ ដ៏ចម្រូងចម្រាស ដែលសេចក្តីព្រាងច្បាប់ទាំងនេះនឹងកាត់បន្ថយអំណាចនៃការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាកូរ៉េខាងត្បូង។ ច្បាប់នេះកំពុងបន្តដំណើរទៅមុខជាមួយនឹងការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់គណបក្សប្រឆាំង។ ក្នុងអំឡុងពេលសម័យប្រជុំសភាពេញអង្គ គណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យបានជំរុញឱ្យមានពិនិត្យមើលឡើងវិញលើច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌ ដែលជាផ្នែកមួយនៃការជំរុញរបស់គណបក្ស ដើម្បីធ្វើកំណែទម្រង់សេចក្តីព្រាងច្បាប់ស្តីពីអយ្យការ និង ការកំហិតវិសាលភាពនៃការស៊ើបអង្កេត។
គណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្សអំណាចប្រជាជនបានរិះគន់យ៉ាងខ្លាំងក្លា ចំពោះការប្រញាប់ប្រញាល់របស់គណបក្សប្រជាធិបតេយ្យ ក្នុងការអនុម័តច្បាប់ស្តីពីការបង្ការអំពើពុករលួយនៃការ ស៊ើបអង្កេតលើរដ្ឋបាលរបស់លោក Moon Jae In ប្រធានាធិបតីកូរ៉េខាងត្បូង ដែលនឹងត្រូវបញ្ចប់អាណត្តិជាប្រធានាធិបតី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ គណបក្សប្រជាធិបតេយ្យ ដែលកាន់កាប់ ១៧១អាសនៈ នៃ៣០០អាសនៈនៅក្នុងសភាកូរ៉េខាងត្បូង បានអនុម័តលើការពិនិត្យសើរើច្បាប់ស្តីពីការិយាល័យរដ្ឋអាជ្ញា ដែលជាសេចក្តីព្រាងច្បាប់កំណែទម្រង់ផ្សេងមួយទៀត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលសេចក្តីព្រាងច្បាប់នេះនឹងកាត់បន្ថយអំណាចនៃការស៊ើបអង្កេតរបស់អយ្យការ បានត្រឹមតែ២ សំណុំរឿងឧក្រិដ្ឋប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន អយ្យការអាចស៊ើបអង្កេតបាន ៦សំណុំរឿង។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីផុតអាណត្តិនឹងប្រជុំគណៈរដ្ឋមន្រ្តីរបស់លោកជាលើកចុងក្រោយ នៅក្នុងថ្ងៃអង្គារនេះ ដែលគេរំពឹងថាលោកប្រធានាធិបតីនឹងប្រកាសពីការអនុម័តសេចក្តីព្រាងច្បាប់ខាងលើ។ ក្រោយពីការប្រកាសរួច សេចក្តីព្រាងច្បាប់នេះនឹងចូលជាធរមាន ក្នុងអំឡុងពេល ៤ខែបន្ទាប់៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-០៥-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://mainichi.jp/english/articles/20220503/p2g/00m/0in/030000c
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម