logo logo
banner1
សហភាពអន្តរសភា(IPU) បង្កើតក្រុមការងារសម្រាប់ប្រទេសអ៊ុយក្រែន
 

សហភាពអន្តរសភា(IPU)បានបង្កើតនូវការងារថ្មីមួយដែលមានសមាសភាព ជាសមាជិកសភាមកពីសភានៃប្រទេសជាច្រើនជុំវិញពិភពលោក។ ក្រុមការងារថ្មីនេះបានបើកកិច្ចប្រជុំរបស់ខ្លួនបែបនិម្មិត(តាម ប្រព័ន្ធអ៊ីនធឺណិត) នៅថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០២២ ពិភាក្សាគ្នារកដំណោះស្រាយសមស្របតាមយន្តការសភា ដើម្បីបញ្ចប់សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ យន្តការផ្នែកការទូតសភាកម្រិតពិភពលោកមួយនេះ មានគោលដៅជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងកម្រិតអន្តរដ្ឋាភិបាល និងកម្រិតអង្គការសហប្រជាជាតិ ដែលកំពុងដុតដៃដុតជើងជួយរំលត់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។

ក្រុមការងារខាងលើនេះ ត្រូវបានបង្កើតឡើងអនុលោមតាមសេចក្តីសម្រេចមួយ របស់សហភាព អន្តរសភា ដែលត្រូវបានអនុម័តក្នុងសន្និបាតលើកទី១៤៤របស់សហភាពនេះ នៅNusa Dua ក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងខែមីនា ឆ្នាំ២០២២។ សេចក្តីសម្រេចនោះមានឈ្មោះថា សេចក្តីសម្រេចស្តីពីដំណោះស្រាយ ដោយសន្តិវិធីចំពោះសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដោយគោរពច្បាប់អន្តរជាតិ គោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោរពបូរណភាពដែនដីនៃប្រទេសនីមួយៗ។ សេចក្តីសម្រេចនេះគឺឧបករណ៍មួយ ក្នុងចំណោមឧបករណ៍ជាច្រើនទៀត ដែលអំពាវនាវឱ្យបង្កើតនូវក្រុមការងារ ជួយដល់សភានៃប្រទេសនានាប្រើប្រាស់នូវតួនាទីរបស់ខ្លួន(របស់សភា) ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធី ដែលអាច យកជាការបាន។

ក្រុមការងារនេះ នឹងធ្វើឱ្យសហភាពអន្តរសភាអាចប្រើប្រាស់នូវយន្តការការងារខ្លួន លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សារវាងសមាជិកសភាប្រទេសអ៊ុយក្រែន និងសមាជិកសភាសហព័ន្ធរុស្ស៊ី។ កម្មវត្ថុរបស់ក្រុមការងារនេះ គឺជួយបង្កើតឱ្យបាននូវបទឈប់បាញ់ទាំងស្រុងក្នុងចំណោមភាគីជម្លោះ និងរៀបចំឱ្យមានជំនួយមនុស្សធម៌ និងជំនួយផ្សេងៗទៀត។ សម្រាប់រយៈពេលវែង ក្រុមការងារនេះនឹងស្វែងរកវិធីសាស្រ្តដើម្បីជួយសភានៃប្រទេសទាំងពីរ(អ៊ុយក្រែន និងរុស្ស៊ី)ដែលសុទ្ធសឹងតែសមាជិកសហភាពអន្តរសភាដែរនោះ ឱ្យបង្កើតបានឡើងវិញនូវទំនាក់ទំនងប្រកបដោយសន្តិភាពនិងចីរភាព។

ក្រុមការងារមួយនេះ ចំនួនសមាជិក និងសមាជិកាស្មើគ្នា ហើយជាក្រុមការងារដែលតំណាងឱ្យក្រុមភូមិសាស្រ្តនយោបាយទាំងអស់របស់សហភាពអន្តរសភា។ មានប្រធានសភានៃប្រទេសចំនួនបី ដែលស្ថិតនៅក្រុមនេះ ហើយសមាជិកក្រុមនេះ ត្រូវបានជ្រើសរើសដោយផ្អែកអព្យាក្រឹតភាពរបស់ពួកគេ។ សភានៃប្រទេសរុស្ស៊ីនិងអ៊ុយក្រែន នឹងជ្រើសរើសជនបង្គោល ដើម្បីធ្វើជាសមភាគីផ្ទាល់ ក្នុងការរៀបចំកិច្ចពិភាក្សាជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធក្នុងប្រទេសរបស់ខ្លួន៕

http://ព័ត៌មានសភាអន្តរជាតិ ៣០-០៤-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2022-04/ipu-sets-up-task-force-ukraine



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`