logo logo
banner1
អគ្គលេខាធិការអង្គការអូតង់ ចូលចួបលោកស្រីប្រធានសភាអឺរ៉ុប
 

 លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ និងលោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប

កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ លោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់(OTAN ឬ ​NATO) បានបំពេញទស្សនកិច្ចនៅសភាអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ដើម្បីចួបជាមួយលោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប និងមេដឹកនាំក្រុមនយោបាយទាំង៧ នៅក្នុងសភា។ នេះគឺជាលើកដំបូងហើយ ដែលអគ្គលេខាធិការអង្គការអូតង់ បានចួបជាមួយមេដឹកនាំក្រុមគណបក្សនយោបាយរបស់សភាអឺរ៉ុប។ លោកអគ្គលេខាធិការ បានកោតសរសើរសភាអឺរ៉ុប ចំពោះការគាំទ្រដ៏ខ្លាំងក្លារបស់ខ្លួន លើប្រទេសអ៊ុយក្រែន និងបានគូសបញ្ជាក់ថា ភាពជាដៃគូអូតង់​-សហភាពអឺរ៉ុប ពិតជាសំខាន់ណាស់នៅ ក្នុងកាលៈទេសៈដ៏សំខាន់នេះ ដើម្បីសន្តិសុខរួមរបស់យើង។ លោកបានលើកឡើងពីកម្រិតនៃកិច្ចសហ ប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក រវាងស្ថាប័នទាំងពីរ លើកិច្ចការជាច្រើន រួមទាំង បញ្ហានៅក្នុងតំបន់បាល់កង់ខាងលិច បញ្ហាសន្តិសុខប្រព័ន្ធអ៊ីនធឺណិត និងសន្តិសុខផ្លូវសមុទ្រ ផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយលោកស្រីប្រធានសភាអឺរ៉ុប Metsola លោកអគ្គលេខា ធិការបានគូសបញ្ជាក់ថា អង្គការអូតង់ និងសហភាពអឺរ៉ុប “រួមសាមគ្គីគ្នាជាមួយអ៊ុយក្រែន”។ លោកបានស្វាគមន៍ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់សហភាពអឺរ៉ុបលើរុស្ស៊ី លោកថា មកទល់ពេលនេះ សម្ព័ន្ធមិត្តអូតង់បានសន្យា និងផ្តល់ជំនួយគាំទ្រយ៉ាងហោចណាស់ ៨ពាន់លានដុល្លារស.រ.អា ដល់អ៊ុយក្រែន និងបន្តកើនឡើងថែមទៀត។ នៅពេលអ្នកសារព័ត៌មានសួរថា តើនីតិវិធីនៃការចូលជាសមាជិកអង្គការអូតង់ធ្វើ​បាន លឿនប៉ុណ្ណា ប្រសិនបើប្រទេសហ្វាំងឡង់ និងស៊ុយអែត សម្រេចចិត្តដាក់ពាក្យសុំចូល លោកអគ្គលេខា    ធិការបានឆ្លើយតបថា “ពិតណាស់ សម្រាប់ហ្វាំងឡង់ និងស៊ុយអែត ក្នុងការសម្រេចចិត្តថាតើ ពួកគេនឹង ដាក់ពាក្យចូលជាសមាជិកអង្គការអូតង់ ឬមិនចូល។ ប៉ុន្តែប្រសិនបើ ពួកគេសម្រេចចិត្តថាចូលជាសមាជិកនោះ  ហ្វាំងឡង់ និងស៊ុយអែតនឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអង្គការអូតង់”។

ហ្វាំងឡង់ និងស៊ុយអែត គឺជាដៃគូដ៏ជិតស្និទ្ធបំផុត ប្រទេសទាំងពីរមានភាពខ្លាំង​ ចាស់ទុំខាងប្រជា ធិបតេយ្យ ជាសមាជិកសហភាពអឺរ៉ុប  ហើយយើងបានធ្វើការជាមួយហ្វាំងឡង់ និងស៊ុយអែតជាច្រើនឆ្នាំមកហើយ។ យើងដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ពួកគេ បំពេញតាមបទដ្ឋានរបស់អូតង់ អាចធ្វើការជាមួយកងកម្លាំងអូតង់បាន យើងហ្វឹកហាត់រួមគ្នា ធ្វើលំហាត់សមយុទ្ធរួមគ្នា ហើយយើងក៏បានធ្វើការជាមួយហ្វាំងឡង់ និងស៊ុយអែត នៅក្នុងបេសកកម្ម និងប្រតិបត្តិការផ្សេងគ្នាជាច្រើន។ ដូច្នឹងប្រសិនបើពួកគេដាក់ពាក្យចូល យើងនឹងស្វាគមន៍ ហើយរំពឹងថា នីតិវិធីនៃការចូលជាសមាជិកនឹងធ្វើឡើងបានលឿន ហើយបន្ទាប់ពីនោះ ពួកគេនឹងអាចចូលក្នុងអង្គការអូតង់ ក្រោយពីនីតិវិធីផ្លូវការត្រូវបានចប់សព្វគ្រប់៕

http://ព័ត៌មានសភាអន្តរជាតិ ២៩-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.nato.int/cps/en/natolive/news_194938.htm?selectedLocale=en



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`