អាគារស្ថានទូតសហព័ន្ធរុស្ស៊ី ក្នុងទីក្រុងរីហ្គា រដ្ឋធានីនៃប្រទេសឡេតូនី
រដ្ឋធានីរីហ្គា៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋឡេតូនី(Latvia) បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍មួយស្តីពីការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី និងឧក្រិដ្ឋកម្មសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ដោយទទួលស្គាល់ថា ក្នុងពេលនេះ រុស្ស៊ីកំពុងតែប្រព្រឹត្តអំពើប្រល័យពូជសាសន៍មកលើប្រជាជនអ៊ុយក្រែន។ សភាឡេតូនី ក៏បានអំពាវនាវផងដែរ ដល់ បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប ឱ្យផ្អាកការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីជាបន្ទាន់។
នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើ សមាជិកសភាឡេតូនីបានលើកឡើងពី ភស្តុតាងគ្រប់ជ្រុងជ្រោយនៃឧក្រិដ្ឋកម្មដ៏មហាឃោរឃៅ ដែលប្រព្រឹត្តឡើងដោយកងទ័ពរុស្ស៊ី រួមមាន ការសម្លាប់ ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ និងការប្រមាថអាយុជីវិតប្រជាជនស៊ីវិលអ៊ុយក្រែន រួមទាំង ស្រ្តី និងកុមារ នៅក្នុងទីក្រុង Bucha ទីក្រុង Irpin ទីក្រុង Mariupol និងកន្លែងដទៃៗទៀត។ ប្រទេសឡេតូនី ក្នុងនាម ជាសមាជិកអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអឺរ៉ុប សហភាពអឺរ៉ុប និងអង្គការអូតង់(NATO) ដែលការពារតម្លៃនៃប្រជាធិបតេយ្យ មិនអាចទទួលយកបានឡើយនូវសកម្មភាពរបស់សហព័ន្ធរុស្ស៊ី ក្នុងការអនុវត្តនូវការបំផ្លិចបំផ្លាញដ៏មហន្តរាយលើប្រជាជនអ៊ុយក្រែន។
ក្នុងសេចក្តីថ្លែងការណ៍ដដែលរបស់ខ្លួន សភាឡេតូនីបានគាំទ្រដល់គំនិតផ្តួចផ្តើមរបស់បណ្តារដ្ឋប្រជាធិបតេយ្យ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង តាមរយៈការប្រមែប្រមូល និងស៊ើបអង្កេតរកភស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាមរបស់សហព័ន្ធរុស្ស៊ី ដែលត្រូវបានអនុវត្តន៍ នៅទូទាំងប្រទេសអ៊ុយក្រែន។ សភាឡេតូនី ក៏បានគោរពផងដែរចំពោះភាពក្លាហាន និងវីរភាពរបស់កងទ័ពអ៊ុយក្រែន ព្រមទាំងប្រជាជន និងបានគោរពដល់វិញ្ញាណក្ខន្ធនៃជនរងគ្រោះទាំងអស់ នៃអំពើឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន LSM៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៤-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.err.ee/1608571486/latvian-saeima-russia-committing-genocide-in-ukraine
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម