logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
អូទ្រីស-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា
 

លោក Vo Van Thuong ប្រធានាធិបតីវៀតណាម និងលោកស្រី Claudia Arpa ប្រធានសភាជាន់ខ្ពស់អូទ្រីស

រដ្ឋធានីវីយែន៖  កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោក Vo Van Thuong ប្រធានាធិបតីនៃ​សាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងប្រាប់លោកស្រី Claudia Arpa ប្រធានក្រុមប្រឹក្សា​សហព័ន្ធ (សភាជាន់ខ្ពស់នៃសាធារណរដ្ឋអូទ្រីស) ក្នុងអំឡុងពេលនៃជំនួបពិភាក្សាការងារមួយ នៅក្នុងរដ្ឋធានី​វីយែន​នៃប្រទេសអូទ្រីសថា  វៀតណាមជានិច្ចកាលតែងតែផ្ត​ល់តម្លៃខ្ពស់ចំពោះការពង្រឹងចំណងទាក់ទង ជាមួយ​ប្រទេសអូទ្រីសដែលជាដៃគូមួយដ៏សំខាន់ និងគួរឱ្យទុកចិត្តបានរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។ លោក Thuong បានស្នើឱ្យស្វះស្វែងរកមធ្យោបាយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភា ដោយលោកបានថ្លែងថា ភាគីទាំងពីរគួរតែសម្របសម្រួល​ការ​ផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក​នៅគ្រប់​កម្រិតទាំងអស់ ដើម្បីបង្កើនជំនឿទុកចិត្តនយោបាយ បង្កើតនូវល័ក្ខខ័ណ្ឌអំណោយផលសម្រាប់ចំណង​ទាក់ទង​ទ្វេភាគី និងធ្វើ​ការយ៉ាងជិតស្និទ្ធរួមគ្នានៅឯវេទិកាអន្តរសភាថ្នាក់តំបន់ និងសកល។ លោក Thuong បានថ្លែងបន្តថា ប្រទេសវៀតណាម បាន​ត្រៀមរួចរាល់ក្នុងការធ្វើជាស្ពានដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការ​រវាងសភាអូទ្រីស និងអន្តរសភាអាស៊ាន។ ភាគីទាំងពីរបានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅឯវេទិកាពហុភាគី និងអង្គការអន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅក្នុងតំបន់ និងនៅក្នុងពិភព​លោក។ ភាគីទាំងពីបានបង្ហាញនូវជំនឿថា ចំណងទាក់ទងរួមគ្នារវាងរដ្ឋសភាវៀតណាម និងសភាអូទ្រីស​នឹងរីកចម្រើនឈាន​ឡើងថែមទៀតនាពេលអនាគត ដូច្នឹងដើម្បីរួមចំណែកជាវិជ្ជមានចំពោះមិត្តភាពជា​ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់រូបភាព រវាងប្រទេសវៀតណាម និងអូទ្រីស។ នាថ្ងៃចន្ទដដែលនោះ លោក Thuong បានចួបជាមួយលោក Michael Ludwig អភិបាលរដ្ឋធានី វីយែន និងបានស្នើឱ្យទីក្រុងវីយែនផ្តល់នូវល័ក្ខខ័ណ្ឌអំណោយ​ផល​សម្រាប់​សហគមន៍ជនជាតិ​វៀតណាមនៅក្នុង​ទីក្រុងមួយនេះ ដើម្បីធ្វើឱ្យការរស់នៅរបស់ពួកគេមានលំនឹង  និងចុះសម្រុងទៅក្នុងសង្គមអូទ្រីស។ លោក Thuong យល់ថា ទីក្រុង​វីយែន​​​មានភាពខ្លាំងក្នុងវិស័យទេសចរណ៍ វប្បធម៌ ការគ្រប់គ្រងទីក្រុង ការពារ​បរិស្ថាន ការអភិរក្សបិ​តិក​ភណ្ឌ និងការស្តាឡើងវិញ អាចសហប្រតិបត្តិការជាមួយទីក្រុង​ហាណូយ និងទីក្រុ​ងដទៃទៀត ដើម្បីអនុវត្តនូវសកម្មភាពរួមគ្នាដ៏ជាក់លាក់មួយ។ លោក Michael Ludwig បានបង្ហាញបំណង​របស់លោកក្នុងការលើក​កម្ពស់ទំនាក់ទំនង​ជាមួយខេត្ត-ទីក្រុងវៀតណាម ជាពិសេសក្នុងវិស័យធុរកិច្ច​ទេសចរណ៍ ការផ្លាស់ប្តូរទៅវិញទៅមកមនុស្សនិងមនុស្ស វប្បធម៌ និងសិល្បៈ។ល។៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://vovworld.vn/en-US/news/vietnam-austria-strengthen-interparliamentary-cooperation-1218178.vov


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`