logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស VIETNAM / មើលលម្អិត
អនុប្រធានរដ្ឋសភាវៀតណាម ៖ វៀតណាមតែងតែផ្តល់មនោសញ្ចេតនាពិសេសដល់គុយបា
 

លោក Nguyen Khac Dinh (ស្តាំ) ក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Oscar Manuel Slivera Martinez

កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ មិថុនា ឆ្នាំ២០២៣ ក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Oscar Manuel Slivera Martinez រដ្ឋមន្ត្រីក្រសួង​​យុត្តិធម៌​​​​​​នៃសាធារណរដ្ឋគុយបា នៅទីក្រុងហាណូយ លោក Nguyen Khac Dinh អនុប្រធានរដ្ឋសភានៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានជម្រាបជូនលោក Martinez ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម​ជានិច្ចកាល​តែងតែផ្តល់មនោសញ្ចេតនាពិសេសចំពោះគុយបា។ លោក Dinh បានមានប្រសាសន៍ថា វៀតណាមចងចាំជារៀងរហូត និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ការគាំទ្រដ៏រឹងមាំ និងជំនួយអស់ពីដួងចិត្តដែលបក្សកុម្មុយនិស្ត និងបងប្អូនជនរួមជាតិគុយបាបានផ្តល់ជូន ប្រជាជនវៀតណាមក្នុងការ​តស៊ូ​រំដោះជាតិ និងការអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក។ លោក Dinh បានពាំនាំនូវការថ្លែងអំណរគុណរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមទៅកាន់ថ្នាក់ ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងរដ្ឋាភិបាលគុយបា ដែលបានស្វាគមន៍​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសគុយបាកាលពីខែមេសា ដោយមានការ​ទទួលស្វាគមន៍ជាពិសេស។ លោក Dinh បានមានប្រសាសន៍បន្តថា រដ្ឋសភាវៀតណាមតែងតែជួយសម្រួលដល់ក្រសួង ស្ថាប័ននានា រួមទាំងក្រសួងយុត្តិធម៌ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយក្រសួងយុត្តិធម៌គុយបា ដើម្បីផ្តល់ជំនួយទៅ វិញទៅមកក្នុងវិស័យច្បាប់ និងតុលាការ។ លោក Dinh ក៏បានស្វាគមន៍ចំពោះសំណើរបស់ក្រសួងយុត្តិធម៌ វៀតណាម ក្នុងការអភិវឌ្ឍគម្រោងជំនួយបច្ចេកទេសសម្រាប់សមភាគីគុយបា ក្នុងវិស័យកសាងច្បាប់ ដើម្បី បំពេញតម្រូវការសម្រាប់​ការអនុវត្តរដ្ឋធម្មនុញ្ញថ្មីឆ្នាំ២០១៩។ ឆ្លៀតក្នុងឱកាសនោះលោក Martinez បានមានប្រសាសន៍ថា គុយបាចាត់ទុកសមិទ្ធផលដែលបក្សរដ្ឋ និង​ប្រជាជន​វៀតណាម​សម្រេចបានក្នុងបុព្វហេតុការពារជាតិ និងការអភិវឌ្ឍជាប្រភពនៃមោទនភាពរបស់បក្ស រដ្ឋ និងប្រជាជនគុយបា។ លោក Martinez បានសម្តែងនូវជំនឿថា សភាទាំងពីរនឹងជួយសម្រួលដល់ការ​ផ្លាស់ប្តូរគណៈប្រតិភូ ដើម្បីចែករំលែកនូវ​បទពិសោធន៍វិជ្ជាជីវៈ ជាពិសេសផ្នែកច្បាប់។ លោក Martinez មានបំណងថា រដ្ឋសភាវៀតណាមនឹងគាំទ្រ​ដល់ការពង្រឹង​កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននៃ​ប្រទេស​ទាំងពីរ ព្រមទាំងជួយគុយបាក្នុងផ្នែកច្បាប់ និងកិច្ចការតុលាការ ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១៦-០៦-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-vice-chairman-vietnam-always-gives-special-sentiment-to-cuba/254738.vnp


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`