logo logo
banner1
ទំព័រដើម / ទ្វីបអាមេរិក / ប្រទេស UNITED STATES OF AMERICA / មើលលម្អិត
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក លើកឡើងពីការព្រួយបារម្ភស្តីពីបញ្ហាគ្រាប់បែកចង្កោម ដែលផ្តល់ឱ្យអ៊ុយក្រែន
 

ប្រភេទគ្រាប់បែកចង្កោមដែលសហរដ្ឋអាមេរិកផ្តល់ទៅឱ្យអ៊ុយក្រែន

កាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ លោក Tim Kaine សមាជិកព្រឹទ្ធសភា និងលោកស្រី Barbara Lee សមាជិកសភាតំណាងមកពីគណបក្ស​ប្រជាធិបតេយ្យ​របស់សហរដ្ឋអាមេរិក បានលើកឡើង ពីការព្រួយបារម្ភ ជុំវិញការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ក្នុងការបញ្ជូនគ្រាប់ បែកចង្កោមទៅ​ប្រទេស​អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។ សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃសុក្រ ទី០៧ ខែកក្កដា ថា ខ្លួននឹងផ្គត់ផ្គង់ទីក្រុងកៀវនូវគ្រាប់ បែកដែល​ត្រូវបានហាមឃាត់យ៉ាងទូលំទូលាយ ដែលជាផ្នែកមួយ​នៃកញ្ចប់សន្តិសុខថ្មីចំនួន ៨០០លានដុល្លារ ជាជំនួយ​យោធាសរុបរបស់សហរដ្ឋអាមេរិកផ្តល់ឱ្យអ៊ុយក្រែនដល់ទៅជាង ៤០ពាន់លានដុល្លារ ចាប់តាំងពីការ​ឈ្លានពាន​របស់​ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ក្រុមសិទ្ធិមនុស្ស និងលោក Antonio Guterres អគ្គលេខាធិការអង្គការ​សហប្រជាជាតិ បានចោទសួរការ​សម្រេច​ចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីគ្រាប់បែកចង្កោមនេះ។ លោក Kaine បានមានប្រសាសន៍ថា លោកមាន “ភាពរអែង” អំពីការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក ក្នុងការបញ្ជូនគ្រាប់បែកចង្កោម​ទៅកាន់​ប្រទេសអ៊ុយក្រែន ព្រោះវាអាចធ្វើឱ្យប្រទេសដទៃទៀតងាកចេញពីអនុសញ្ញាអន្តរជាតិដែល​រារាំងការ​ប្រើប្រាស់​គ្រាប់បែកប្រភេទនេះ។ លោក Kaine បានប្រាប់សារព័ត៌មាន Fox News ថា “វាអាចផ្តល់ ភ្លើងខៀវដល់ប្រទេសផ្សេងទៀតដើម្បីធ្វើអ្វីមួយខុសគ្នាផងដែរ”។ ទោះ​ជា​យ៉ាង​ណា លោក Kaine ​បានមាន ប្រសាសន៍​បន្ថែម​ថា ​លោក​ក៏សូម​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋបាល​លោក Biden ដែលរកមធ្យោបាយ​ដោះស្រាយ​​នឹង​ហានិភ័យមួយនេះ។ លោក Kaine ដែលបានចូលរួមប្រជុំជាមួយគណៈកម្មាធិការ​សេវាកម្ម​ប្រដាប់ អាវុធព្រឹទ្ធសភាអាមេរិក បានឱ្យដឹងអំពីការប្រើប្រាស់សក្តានុពលរបស់អ៊ុយក្រែនចំពោះការ​ប្រើប្រាស់​គ្រាប់បែកទាំងនោះ ដោយបន្ថែមថា ទីក្រុងកៀវ បានផ្តល់ការធានាដែលត្រូវបានគូសបញ្ជាក់​ដោយ​សេតវិមានថា “​ពួកគេ​នឹង​មិន​ប្រើប្រាស់​អាវុធ​ទាំងនេះ​ប្រឆាំង​ជន​ស៊ីវិល​រុស្ស៊ី​ទេ”។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ថា ប្រទេសអ៊ុយក្រែននៅក្នុងការធានាជាលាយ​លក្ខណ៍​​អក្សររបស់ខ្លួនបាននិយាយថា ខ្លួននឹង​មិនប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងប្រទេសរុស្ស៊ី ឬនៅក្នុងតំបន់ដែលមានប្រជាជននោះទេ ៕ http://ព័ត៌មានសភាទ្វីបអាមេរិក ១០-០៧-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.channelnewsasia.com/world/us-congressional-democrats-raise-concerns-cluster-bombs-ukraine-3616916


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`