logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UNITED KINGDOM / មើលលម្អិត
សភាចក្រភពអង់គ្លេស គាំទ្ររបាយការណ៍ដែលរកឃើញថា អតីតនាយក រដ្ឋមន្រ្តី Boris Johnson ឆ្លើយកុហកពាក់ព័ន្ធនឹងរឿងអាស្រូវពិធីជប់លៀង
 

លោក Boris Johnson អតីតនាយករដ្ឋមន្ត្រី និងជាអតីតសមាជិកសភាចក្រភពអង់គ្លេស

កាលពីថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ សភាចក្រភពអង់គ្លេសបានអនុម័តគាំទ្ររបាយការណ៍មួយដែល​ធ្វើ​​សេចក្តីសន្និដ្ឋានថា លោក Boris Johnson អតីតនាយករដ្ឋ​មន្ត្រី​អង់គ្លេស និងជាសមាជិកសភា មាន​ចេតនាកុហកពាក់ព័ន្ធនឹងរឿងអាស្រូវពិធីជប់លៀង(partygate) ដោយបំពានវិធានកូវីដ-១៩។ សមាជិក​រដ្ឋសភាបានបោះឆ្នោតគាំទ្រ​ក្នុងសំឡេង ៣៥៤ ទល់នឹង ៧សំឡេង ដើម្បីអនុម័តលើរបាយការណ៍​របស់​គណៈកម្មាធិការអភ័យឯកសិទ្ធិសភា។ លោក Johnson បានសម្រេចចិត្តលាលែងតំណែងពីសមាជិកសភាភ្លាមៗ កាលពីដើមខែមិថុនា បន្ទាប់ពីបាន​ឃើញឯកសារថតចម្លង ស្តីពីការស៊ើបអង្កេតពេញ១ឆ្នាំ លើការប្រព្រឹត្តរបស់លោក Johnsonក្នុងអំឡុង​ពេលជំងឺរាតត្បាតសកលកូវីដ-១៩  ដោយបានធ្វើពិធីជប់លៀងនៅវិថី downing street បំពានវិធាន​បិទខ្ទប់។ គណៈកម្មា​ធិការខាងលើបានផ្សព្វផ្សាយការរកឃើញរបស់ខ្លួនកាលពីសប្តាហ៍មុនថា លោក Johnson បានកុហកដោយចេតនាដល់សមាជិកសភា នៅពេលដែលធានាចំពោះសភាថា រាល់វិធានកូវីដ-១៩ ទាំងអស់ត្រូវបានអនុវត្តគ្រប់ពេលវេលានៅតាមអាគាររបស់រាជរដ្ឋាភិបាល។ របាយការណ៍ខាងលើបានផ្តល់អនុសាសន៍មិនអនុញ្ញាតឱ្យលោក Johnson ចូលក្នុងសភា និងព្យួរ ការងារ​គាត់ពីសមាជិកសភារយៈពេល ៩០ថ្ងៃ ប្រសិនបើគាត់មិនទាន់​លាលែងពីសមាជិកសភា។ សេចក្តីសម្រេច​របស់សភាគាំទ្ររបាយការណ៍ខាងលើមិនអាចរារាំងលោក Johnson មិនឱ្យឈរឈ្មោះជាសមាជិកសភា​ជាថ្មីនោះទេ ប៉ុន្តែវាជា​ការដាក់ពិន័យដ៏គួរឱ្យអាម៉ាស់មួយ សម្រាប់អ្នកនយោបាយដែលនៅតែអាចធ្វើជា​នាយករដ្ឋមន្រ្តីកាលពី ១ឆ្នាំកន្លងមក។ គួរបញ្ជាក់ផងដែរថា លោក Boris Johnson កាន់តំណែងជានាយករដ្ឋមន្រ្តីចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២២ គឺជាមេដឹកនាំអង់គ្លេសមួយរូបដែ​ល​មានរឿងចម្រូងចម្រាសបំផុតក្នុងប៉ុន្មាន​ទសវត្សរ៍ថ្មីៗនេះ។ ការស្ទង់ម​តិមុនការបោះឆ្នោតបានរកឃើញថា លោក Johnson កំពុងតែថយប្រជាប្រិយ​ភាព​ជាមួយនឹង​សាធារណជន ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រពីសមាជិកខ្លះនៃគណបក្សអភិរក្ស​របស់​លោក។ លោក Johnson បានចាត់ទុកគណៈកម្មាធិការខាងលើថាជា “តុលាការ​កង់គូរូ” និងថារបាយការណ៍​របស់គណៈកម្មាធិការមួយនេះមានចេតនាតាមធ្វើឃាតនយោបាយរបស់លោក៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២០-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.cgtn.com/news/2023-06-20/UK-Parliament-backs-report-saying-Boris-Johnson-misled-over-Partygate-1kMqStHICOs/index.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`