logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
ប្រធានសភា ៦ប្រទេស អំពាវនាវឱ្យអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុង វីលនីញូស យល់ព្រមទទួលយកប្រទេសអ៊ុយក្រែនចូលក្នុងអង្គការណាតូ
 

​ប្រធានសភាជាច្រើនប្រទេសគាំទ្រឱ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ

លោក Ruslan Stefanchuk ប្រធានសភាប្រទេសអ៊ុយក្រែនបានបង្ហោះសារក្នុងបណ្តាញសង្គម   ហ្វេសប៊ុករបស់លោកថា ប្រធានសភាអ៊ុយក្រែន សាធារណរដ្ឋអេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានអំពាវនាវឱ្យអ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ ដែលធ្វើនឹងឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធ ទី១១-១២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងទីក្រុងវីលនីញូស ប្រទេសលីទុយអានី យល់ព្រមទទួលយកការពិតដែលថាអ៊ុយក្រែននឹងក្លាយជាសមាជិកអង្គការណាតូ។ លោក Stefanchuk បានថ្លែងថា កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងរដ្ឋធានីរីហ្គា ប្រទេស​ឡេតូនី ប្រធានសភាអ៊ុយក្រែន អេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ និងអាល្លឺម៉ង់បានអនុម័តនូវ​សេចក្តី​ប្រកាសរួមដ៏សំខាន់មួយ។ នេះគឺជាការសម្រេចចិត្តចុងក្រោយបំផុតមួយនៅកម្រិតខ្ពស់​ចេញពីសភា​ពាក់ព័ន្ធ​​នឹងសមាជិកភាព​របស់​អ៊ុយក្រែន​នៅក្នុងកងទ័ពសម្ព័ន្ធមិត្ត នៅមុនពេលកិច្ចប្រជុំកំពូល​អង្គការណាតូ​ដែល​នឹងធ្វើឡើងនៅក្នុងទីក្រុងវីលនីញូមកដល់។ លោក Stefanchuk បានគូសបញ្ជាក់ថា បណ្តាប្រធានសភាបានអំពាវនាវដល់អ្នកចូលរួមក្នុងកិច្ច​ប្រជុំ​កំពូល​ប្តេជ្ញាចិត្តទទួលយកអ៊ុយក្រែនជាសមាជិកកងទ័ពសម្ព័ន្ធមិត្ត​អាត្លង់ទិកខាងជើង ហើយអង្គការ ណាតូនឹង​កំណត់​ផ្លូវសម្រាប់ការចូលជាសមាជិករបស់រដ្ឋអ៊ុយក្រែន។​ លើសពីនេះទៀត បណ្តាប្រធានសភាបាន​អំពាវនាវដល់​ទ័ពសម្ព័ន្ធមិត្ត​ត្រូវធ្វើការឱ្យជិតស្និទ្ធរួមគ្នា ដើម្បីបង្កើតការប្តេជ្ញាចិត្តផ្នែកសន្តិសុខសម្រាប់ អ៊ុយក្រែនឆ្ពោះទៅរកសមាជិកភាពក្នុងអង្គការណាតូ និងមិនត្រូវពន្យឺតដំណើរការនៃការធ្វើ​សមាហ​រណកម្មអឺរ៉ូ-អាត្លង់ទិករបស់អ៊ុយក្រែន។ បណ្តាប្រធានសភាក៏បានអំពាវនាវផងដែរ​ដល់ដៃគូរបស់​ខ្លួនឱ្យគាំទ្រដល់ រូបមន្តសន្តិភាពដែលស្នើឡើងដោយលោក Volodymyr Zelensky ប្រធានាធិបតី​អ៊ុយក្រែន។ ក្នុងពេលតែមួយប្រធានសភាអ៊ុយក្រែន អេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ និងអាល្លឺម៉ង់បានអំពាវនាវ​ដល់​អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងវីលនីញូស ត្រូវបន្ត​វិធាន​ការ​សម្របសម្រួលដើម្បីធានា​សេចក្តី​ត្រូវការបន្ទាន់ផ្នែកយោធា និងយុទ្ធោបករណ៍ការពារជាតិ ផ្តោតដោយផ្ទាល់លើប្រព័ន្ធការពារដែន អាកាស កាំភ្លើងធំបាញ់ចេញរយៈ​ចម្ងាយ​ឆ្ងាយ គ្រាប់កាំភ្លើង-គ្រាប់រំសេវ រថក្រោះ និងយន្តហោះចម្បាំង សម្រាប់​អ៊ុយក្រែន។ អង្គការណាតូត្រូវជួយដល់អ៊ុយក្រែនក្នុងការពង្រឹងសមត្ថភាពការពារជាតិ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រហូតដល់ប្រទេសអ៊ុយក្រែនអាចស្តាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់​ខ្លួន​បានទាំងស្រុង ក្រោមក្របខ័ណ្ឌព្រំដែនឆ្នាំ១៩៩១ ដែលមានការទទួលស្គាល់ជាអន្តរជាតិ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១១-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1106577596/Speakers-Of-Six-Parliaments-Call-On-Vilnius-Summit-Participants-To-Undertake-To-Accept-Ukraine-Into-Nato


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`