logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
ប្រធានសភាអ៊ុយក្រែន ចូលជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីប៉ូឡូញ
 

លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ និងលោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន

កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក Ruslan Stefanchuk  ប្រធានសភាប្រទេស​អ៊ុយក្រែន​បានប្រកាសនៅក្នុងបណ្តាញ​ទំនាក់ទំនង​សង្គមហ្វេសប៊ុករបស់លោកថា  ក្នុងអំឡុងពេលនៃ​ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប៉ូឡូញ លោកបានចូលជួបពិភាក្សា​ការងារជាមួយលោក Andrzej Duda ប្រធានាធិបតីនៃសាធារណរដ្ឋប៉ូឡូញ។ ក្នុងអំឡុងពេលនៃជំនួប ភាគីទាំងពីរបានពិភាក្សាពីកិច្ចការមួយចំនួន។ កិច្ចសំខាន់ទី១ សម្រាប់អ៊ុយក្រែន​នោះគឺ ការបន្ត និងការបង្កើនល្បឿន​នៃការផ្តល់ជំនួយយោធាពីប៉ូឡូញ និងឆ្លងកាត់ប៉ូឡូញ។ លោកសូម​សម្តែង​​​​ការ​ដឹងគុណយ៉ាងខ្លាំងសម្រាប់ការផ្តល់ជំនួយយោធាទាំងអស់។ អរគុណ​សម្រាប់ការ​ហ្វឹកហ្វឺនដល់​ទាហានរបស់យើង។ អរគុណចំពោះការយល់ព្រមបង្វឹកអ្នកបើកបរយន្តហោះចម្បាំងអ៊ុយក្រែន។ ជាមួយគ្នានោះយើងក៏​បានពិភាក្សាគ្នាពីការបង្កើតក្រុមចម្រុះប្រយុទ្ធផងដែរ។ លោក Stefanchuk បានថ្លែងថា លោកបានឮពីការផ្តល់សញ្ញាដ៏សំខាន់ថា ប៉ូឡូញនឹងបន្តរួបរួមជាមួយ​សហគមន៍​​​អន្តរជាតិ​ដើម្បីគាំទ្រ និងផ្តល់​ជំនួយដល់អ៊ុយក្រែន។ បើតាមលោក Stefanchuk កិច្ចការ​នៃ​ការធ្វើសមាហរណកម្មអ៊ុយក្រែនចូលក្នុងសហភាពអឺរ៉ុប​ក៏ត្រូវបានលើកមក​ពិភាក្សា​ផងដែរ។ លោកប្រធានសភាអ៊ុយក្រែនរូបនេះបានថ្លែងអំណរគុណដល់ប៉ូឡូញសម្រាប់ការគាំទ្រលើមាគ៌ាមួយនេះ។ លោកបានកត់សម្គាល់ថា​ សភាអ៊ុយក្រែនបានអនុវត្តនូវអនុសាសន៍នានារបស់គណៈកម្មការអឺរ៉ុប ក្នុងពេលនេះ អ៊ុយក្រែនកំពុង​ទន្ទឹងរង់ចាំនូវការវាយតម្លៃ​បណ្តោះអាសន្ន និងដើម្បីចាប់ផ្តើមការចរចា​ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប ត្រឹមដំណាច់ឆ្នាំ២០២៣នេះ។ លើសពីនេះទៀត លោក Stefanchuk បាន​ថ្លែង​បន្តថា អនាគតអឺរ៉ូ-អាត្លង់ទិកសម្រាប់អ៊ុយក្រែនក៏ត្រូវបានលើកមកពិភាក្សាផងដែរ។ “នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ ដែលនឹងធ្វើឡើង​ក្នុង​​រដ្ឋធានីវីលនីញូស ប្រទេសលីទុយអានីនាពេល​ខាងមុខនេះ” លោក ចង់ឮពីទស្សនៈរួមរបស់ទ័ពសម្ព័ន្ធមិត្តមួយនេះ ពីបែបបទនៃការចូល​ជា​សមាជិក​របស់អ៊ុយក្រែន។ លោកប្រធានសភាអ៊ុយក្រែនរូបនេះក៏បានថ្លែងផងដែរថា កិច្ចការនៃការសាងសង់អ៊ុយក្រែនឡើងវិញ​ក៏ត្រូវបាន​លើក​មកពិភាក្សានៅក្នុង​ជំនួប​ខាងលើ។ កិច្ចព្រមព្រៀងដោយឡែកមួយស្តីពីការសាងសង់​អ៊ុយក្រែនឡើងវិញត្រូវបានចុះហត្ថលេខារួចរាល់រវាងប្រទេសយើងទាំងពីរ។ ជាមួយគ្នាយើងនឹង​សាងសង់​ឡើងវិញ និងធ្វើឱ្យអ៊ុយក្រែនកាន់តែខ្លាំង និងទំនើបជាងមុន។ គួរបញ្ជាក់ផងដែរថា លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន កំពុងតែបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងសាធារណរដ្ឋប៉ូឡូញ៕

http://ព័ត៌មានសភាទ្វីបអឺរ៉ុប ២៦-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-ato/3714073-stefanchuk-meets-with-duda-in-poland-they-talking-about-flight-coalition.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`