logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស UKRAINE / មើលលម្អិត
សមាជិកសភាអ៊ុយក្រែន៖ អ៊ុយក្រែននឹងសាងសង់ផ្ទះរាប់ម៉ឺនខ្នង សម្រាប់ជនរងគ្រោះពីសង្រ្គាមដែលបង្កឡើងដោយសហព័ន្ធរុស្ស៊ី
 

លោកស្រី Elena Shulyak អនុប្រធានគណៈកម្មាធិការរៀបចំអំណាចរដ្ឋនៃសភាអ៊ុយក្រែន

ចាប់តាំងពីថ្ងៃចាប់ផ្តើមឈ្លានពានពេញទំហឹងលើប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក  សហព័ន្ធរុស្ស៊ីបានបំផ្លិចបំផ្លាញលំនៅឋានជាង ១៥លានម៉ែត្រការ៉េ។ តាមការប៉ាន់ស្មានមានមនុស្សប្រមាណ ៨០០,០០០នាក់គ្មានទីជម្រក។ លោកស្រី Elena Shulyak អនុ​ប្រធានគណៈកម្មាធិការរៀបចំអំណាចរដ្ឋនៃសភាអ៊ុយក្រែនបានថ្លែងថា “ជនឈ្លានពានរុស្ស៊ី បានបំផ្លិចបំផ្លាញលំនៅឋានប្រជាជនអ៊ុយក្រែនជាង ១៥លានម៉ែត្រការ៉េ”។ លំនៅឋានខ្ទេចខ្ទាំធ្ងន់ធ្ងរបំផុត គឺនៅក្នុងតំបន់ Donetsk, Kharkiv, Kyiv និងតំបន់ Chernihiv។ មកទល់ពេលនេះ មានពលរដ្ឋប្រមាណ ២២០,០០០នាក់ បានបញ្ជូនពាក្យស្នើសុំសំណងចំពោះការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ខ្លួន។ ការឈ្លានពានពីសំណាក់យោធារុស្ស៊ី បង្កឱ្យមានមហន្តរាយលើវិស័យឧស្សាហកម្ម ហេដ្ឋារចនា​   សម្ព័ន្ធ និងទីតាំងសង្គមសំខាន់ៗរបស់អ៊ុយក្រែន។ ការខូចខាត និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន មានទំហំមិនអាចគណនាបាន។ រដ្ឋអ៊ុយក្រែន ទទួលខុសត្រូវក្នុងការស្តា និងផ្តល់សំណងដល់ពលរដ្ឋ​ចំពោះការខូចខាតដោយសង្រ្គាម ដោយបានធ្វើសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សំណងដល់ពលរដ្ឋសម្រាប់ការខូចខាតផ្ទះសម្បែង ១ខែ ក្រោយពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី។​ សេចក្តីព្រាងច្បាប់នេះ បាន បញ្ជូនដល់សភានៅថ្ងៃទី២៤ ខែមីនា និងអនុម័តជាបឋម នៅថ្ងៃទី១ ខែមេសា ហើយនៅថ្ងៃទី៤ ខែកក្កដា  ឆ្នាំ២០២២   បានឈានដល់ដំណាក់កាលពិនិត្យ-ពិភាក្សាលើកចុងក្រោយដើម្បីសភាពេញអង្គអនុម័ត។ ប៉ុន្តែបញ្ហាដែលកំពុងតែប្រឈមនោះគឺថា តើត្រូវគណនាទំហំនៃការបំផ្លិចបំផ្លាញ និងទំហំទឹកប្រាក់សរុបនៃសំណងបែបណា នៅគ្រាដែលការសាងសង់ផ្ទះបណ្តោះអាសន្នពិតជាសំខាន់ណាស់ ដើម្បីផ្តល់ ជម្រកប្រជាជនដែលបាត់បង់ទីជម្រក នៅមុនរដូវរងាមកដល់។ ពេលនេះ​ មានជនរសាត់អណ្តែតផ្លូវការប្រមាណ ២.១លាននាក់នៅក្នុងប្រទេសអ៊ុយក្រែន។ ឆ្លើយតបចំពោះបញ្ហានេះ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានដាក់ចេញនូវកម្មវិធីមួយផ្តល់ទីជម្រកបណ្តោះអាសន្នសម្រាប់ជនទាំងឡាយណាដែលរត់ ភៀសខ្លួនពីសង្រ្គាម។ កម្មវិធីខាងលើនេះ បានប៉ាន់ប្រមាណពីការសាងសង់អាគារស្នាក់នៅរួម​ ២០០០ ខ្នង ក្នុង១តំបន់ នៃ១៥តំបន់ នៅក្នុងប្រទេសអ៊ុយក្រែន។ ការសាងសង់អាគារស្នាក់នៅរួមបន្ថែម ៣០, ០០០ខ្នងទៀត   នៅក្នុងតំបន់ទាំង១៥ នៅក្នុងប្រទេសអ៊ុយក្រែន ក៏ត្រូវបានប៉ាន់ប្រមាណទុកផងដែរ៕ ព័ត៌មានសភាអន្តរជាតិ ០៥-០៧-២២- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.kyivpost.com/russias-war/ukraine-set-to-build-thousands-of-new-homes-to-help-displaced-citizens.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`