logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស TURKEY / មើលលម្អិត
លោក Numan Kurtulmuş ទំនងនឹងក្លាយជាប្រធានសភាតួកគីថ្មី
 

លោក Numan Kurtulmuş សមាជិកសភានៃសាធារណរដ្ឋតួកគី

គណបក្សកាន់អំណាច គឺគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP) និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺគណបក្ស​ចលនា​​​​​អ្នកជាតិនិយម (MHP) បានតែងតាំងលោក  Numan  Kurtulmuş  អនុប្រធានគណបក្ស AKP ជាបេក្ខភាពប្រធានសភា។ លោក Kurtulmuş ដែលបានបំពេញបែបបទសម្រាប់មុខតំណែងនេះ កាលពី ថ្ងៃអង្គារ ទី០៦ ខែមិថុនា  ឆ្នាំ២០២៣នោះ ទំនងជានឹងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភា ព្រោះគណបក្ស AKP និងគណបក្សជាសម្ព័ន្ធមិត្តគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភា។ លោក Kurtulmuş នឹងប្រកួតប្រជែងជាមួយ បេក្ខជន ៣រូបទៀត រួមមាន លោកស្រី Tülay Hatimo ğulları តែងតាំងដោយគណបក្ស Green Left (YSP) លោក Cihan Paçacı តែងតាំងដោយគណបក្ស  Good Party(IP) និងលោក Can Atalay មកពីគណបក្សពលករតួកគី (TIP)។ ម្យ៉ាងទៀត គណបក្សប្រឆាំងដ៏ធំ​ជាងគេ​គឺគណបក្ស​ប្រជាជនសាធារណរដ្ឋ (CHP)​ មិនបានតែងតាំងបេក្ខភាពប្រធានសភាទេ។ ប្រធាន​សភាថ្មី​នឹងស្នងតំណែងពីលោក Mustafa Şentop សមាជិកគណបក្ស AKP ដែលជាប់ឆ្នោតជា​ប្រធានសភាក្នុង​ឆ្នាំ២០១៩។ ប្រធានសភាតួកគីត្រូវបោះឆ្នោត២ដង ក្នុង១អាណត្តិ សម្រាប់រយៈពេល ២ឆ្នាំ និង៣ឆ្នាំ។ ប្រជាជនតួកគីបានទៅបោះឆ្នោតជ្រើសតាំង​សមាជិក​សភា និងប្រធានាធិបតីកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ សភានឹងកោះប្រជុំនៅថ្ងៃពុធនេះ ដើម្បីបោះឆ្នោតដែលបេក្ខជនណាមួយចាំបាច់ត្រូវតែទទួលបាន សំឡេងឆ្នោត​គាំទ្រ ៤០០សំឡេង ឬ២ភាគ៣ នៃអាសនៈសភា ទើបទទួល​បាន​ជ័យជម្នះ។ លោក Kurtul muş គឺជា​បញ្ញវន្តដ៏ល្បីរន្ទឺ​១រូប បានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ១៩៩៨ និងបានចូលគណបក្ស AKP ក្នុងឆ្នាំ២០១២។ លោកបម្រើ​ការងារជាឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៅ ក្នុងរដ្ឋាភិបាលគណបក្ស AKP អាណត្តិមុន​ នៅមុនពេលដែលទទួលបានការតែងតាំងជា​អនុប្រធាន​គណបក្សនេះ ក្នុងឆ្នាំ២០១៨។ កាលពីថ្ងៃសុក្រសប្តាហ៍មុន សមាជិកសភា៦០០រូប ទាំងទើបជាប់ឆ្នោត និងជាប់ឆ្នោតជាថ្មី បានស្បថចូលកាន់តំណែងជាសមាជិកសភា។ គួរបញ្ជាក់ផងដែរថា គណបក្ស AKP ទទួលបានអាសនៈច្រើនជាងគេ ២៦៨អាសនៈ នៅក្នុងសភាក្នុង​ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឱ្យគណបក្ស​នេះ​ឈានចូលដល់ទសវត្សរ៍ទី៣ នៃការកាន់អំណាចជាមួយនឹងជ័យជម្នះចុងក្រោយមួយនេះ។ គណបក្សសម្ព័ន្ធភាព MHP ទទួលបាន ៥០អាសនៈ គណបក្ស New Welfare ទទួលបាន ៥អាសនៈ បូកបញ្ចូលគ្នាធានាបាននូវសំឡេងភាគច្រើន ៣២៣អាសនៈ នៃ៦០០អាសនៈ នៅក្នុងសភាតួកគី៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៧-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.dailysabah.com/politics/legislation/numan-kurtulmus-likely-to-be-turkiyes-new-parliamentary-speaker


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`