logo logo
banner1
ទំព័រដើម / ទ្វីបអាហ្វ្រិក / ប្រទេស TUNISIA / មើលលម្អិត
សភាទុយនីស៊ី បើកសម័យប្រជុំដំបូង ក្រោយរយៈពេល ១៩ខែ
 

លោក Ibrahim Bouderbala ប្រធានសភានៃសាធារណរដ្ឋទុយនីស៊ី និងអនុប្រធានសភាទាំងពីរ

រដ្ឋធានីទុយនីស៖ សភាតំណាងប្រជាជននៃសាធារណរដ្ឋទុយនីស៊ីបានបើកសម័យប្រជុំដំបូងនៃសភា​នីតិកាល​ថ្មីរបស់ខ្លួន ក្រោយពីត្រូវបានលោកប្រធានាធិបតី Kais Saied បង្កកសភានីតិកាលមុន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ និងក្រោយមករំលាយសភាចោល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កន្លងមក។ នៅចំពេលដែលមានវិធានការសន្តិសុខយ៉ាងតឹងរ៉ឹង​ សមាជិកសភាតំណាងប្រជាជនសរុប ១៥៤រូប នៃសមាជិកសភា១៦១រូប បានធ្វើពិធីសច្ចាប្រណិធានស្បថចូលកាន់តំណែង នៅឯសម័យប្រជុំសភា កាលពី​ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីហួរ បានធ្វើសេចក្តីរាយ​ការណ៍។ ៧អាសនៈដែលនៅទំនេរ ទុកសម្រាប់សមាជិកសភាមកពីបរទេស នឹងត្រូវបោះឆ្នោតបំពេញ​អាសនៈ​នាពេលក្រោយ នៅក្នុងមណ្ឌលបោះឆ្នោតពាក់ព័ន្ធ។ សភានីតិកាលថ្មី ក៏បានបោះឆ្នោតជ្រើសតាំង​លោក Ibrahim Bouderbala ជាប្រធានសភាផងដែរ។ លោក Bouderbala អតីតប្រធានសមាគមវិជ្ជាជីវៈមេធាវីទុយនីស៊ី ទទួលបានសំឡេងគាំទ្រ ៨៣​សំឡេង នៅក្នុងការបោះឆ្នោតជុំទី២ ខណៈដែលគូប្រជែងរបស់លោក គឺលោក Abdessalem Dahmani  ទទួលបានការគាំទ្រ ៦៧សំឡេង។ លោកប្រធានសភាវ័យ ៧១ឆ្នាំរូបនេះនឹងត្រូវបានលោកស្រី Saou ssen Mabrouk និងលោក Anouer Marzouki ជួយការងារក្នុងនាមជាអនុប្រធានសភាដែលបានជាប់ឆ្នោត នៅក្នុង​សម័យប្រជុំតែមួយ។ លោក Bouderbala បានថ្លែងបន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាថា “ចាប់ពីថ្ងៃនេះ នៅក្នុង​ប្រវត្តិសាស្រ្តទុយនីស៊ី យើងបានរួបរួមយ៉ាងរឹងមាំ ពួតដៃគ្នាក្នុងការទទួលយកបញ្ហាប្រឈមសំខាន់ៗ ពោលគឺ​ដើម្បីសេចក្តីពេញចិត្ត ដែលជាបំណងប្រាថ្នារបស់ប្រជាជនទុយនីស៊ី”។ គួរបញ្ជាក់ផងដែរថា សភាទុយនីស៊ី​នីតិកាលថ្មី បានជាប់ឆ្នោតកាលពីខែធ្នូ ឆ្នាំ២០២២ និងខែមករា ឆ្នាំ២០២៣ នៅក្នុងការបោះឆ្នោតមួយ​ដែល​មានចំនួនអ្នកចេញទៅបោះឆ្នោតតែប្រមាណជា ១១% ប៉ុណ្ណោះ៕

                                                                                              ព័ត៌មានសភាទ្វីបអាហ្រ្វិក ១៥-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://menafn.com/1105771112/Tunisia-Holds-1St-Session-Of-New-Parliament-After-19-Months



អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`