បុរសវ័យ ៦០ ឆ្នាំ ១ រូប ឈ្មោះ Cesar dos Santos de Carvalho បាននិយាយនៅឯស្ថានីយបោះឆ្នោតក្នុងរដ្ឋធានីឌីលីថា «ប្រជាពលរដ្ឋគ្រប់រូបមកសម្តែងមតិរបស់ខ្លួនពីព្រោះសំឡេងឆ្នោតមួយសន្លឹកអាចធ្វើការផ្លាស់ប្តូរបាន»
រដ្ឋធានីឌីលី៖ កាលពីថ្ងៃអាទិត្យ ទី២១ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ទីម័រខាងកើត បាននាំគ្នាទៅបោះឆ្នោត ជ្រើសតាំងសមាជិកសភារបស់ខ្លួន ដោយសង្ឃឹមថា នឹងបញ្ចប់ភាពជាប់ គាំងនយោបាយក្នុងប្រទេសអាស៊ីដ៏ក្មេងខ្ចីមួយនេះ។
នេះគឺជាការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៥ ចំនួន ៦៥ រូប សម្រាប់អាណត្តិ ៥ ឆ្នាំ ចាប់តាំងពី ប្រទេសទីម័រខាងកើតទទួលបាន ឯករាជ្យពីសាធារណរដ្ឋឥណ្ឌូណេស៊ីក្នុងឆ្នាំ២០០២ បន្ទាប់ពី ទីម័រខាងកើតត្រូវបានកាន់កាប់ដោយឥណ្ឌូណេស៊ីអស់រយៈពេល ២៤ ឆ្នាំ។
ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យក្មេងខ្ចីមួយនេះ មានអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៨៩០, ០០០ នាក់ និងមានគណបក្សនយោបាយ សរុប ចំនួន ១៧ ដែលកំពុងចូលរួមប្រកួតប្រជែងដណ្តើមអាសនៈក្នុងសភា ប៉ុន្តែ ការបោះឆ្នោតនេះ ត្រូវបានគេរំពឹងថា ច្រើនតែមានវិបត្តិនយោបាយ រវាងគណបក្សធំពីរ។ គណបក្សរណសិរ្សបដិវត្តន៍ឯករាជ្យទីម័រខាងកើត (the Revolutionary Front for an Independent East Timor) ត្រូវបានគេស្គាល់ថា គណបក្ស Fretilin ដែលកំពុងដឹកនាំគណបក្សនយោបាយចម្រុះកាន់អំណាចបច្ចុប្បន្ន ខណៈដែលគណបក្សសមាជជាតិ ដើម្បី ស្ថាបនាទីម័រខាងកើតឡើងវិញ (the National Congress for Timorese Reconstruction) សង្ឃឹមថា នឹងបានឡើងកាន់អំណាចជាថ្មីបន្តទៀត។
គណបក្សសមាជជាតិដើម្បីស្ថាបនាទីម័តខាងកើតឡើងវិញនេះ ដឹកនាំដោយលោក Xanana Gusmao ប្រធានាធិបតីទី១ របស់ប្រទេសទីម័រ ខាងកើត រហូតដល់ឆ្នាំ២០០៧ ខណៈដែលលោក Mari Alkatiri ប្រធានគណបក្សរណសិរ្សបដិវត្តន៍ឯករាជ្យទីម័រខាងកើត ជាអតីតនាយករដ្ឋ មន្ត្រី។ ថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរ ត្រូវបានគេចាត់ទុកថា ជានិមិត្តរូបក្នុងសម័យឯករាជ្យ និងជាអ្នកនយោបាយជើងចាស់របស់ ទីម័រ ខាងកើត ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សទាំងពីររូប ត្រូវបានជាប់គាំងក្នុងវិបត្តិនយោបាយកាន់តែជ្រៅអស់រយៈពេលជាច្រើនទស្សវត្សរ៍៕