logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស THAILAND / មើលលម្អិត
ប្រជាពលរដ្ឋថៃចេញទៅបោះឆ្នោតជ្រើសតាំង ​សមាជិកសភាតំណាងរាស្ត្រ ៥០០ រូប
 

ប្រជាពលរដ្ឋថៃចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាងរាស្ត្រ ៥០០ រូប

រាជធានីបាងកក៖ កាលពីថ្ងៃអាទិត្យ ទី១៤​ ខែឧសភា ឆ្នាំ២០២៣​ ព្រះរាជាណាចក្រថៃ បានចាប់ផ្តើមបោះឆ្នោតសកល​ ដើម្បីជ្រើសតាំងសមាជិកសភាតំណាងរាស្ត្រសម្រាប់​នីតិកាលថ្មី នឹងឈានទៅបង្កើតរាជរដ្ឋាភិបាលនៃសភានីតិកាលថ្មី។ ប្រជាជនប្រហែល ៥២ លាននាក់មានសិទ្ធិទៅបោះឆ្នោត មុនការបិទបញ្ចប់នៅម៉ោង ៥​៖០០ ល្ងាច។ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ប្រជាជនជាង ២ លាននាក់ បានបោះឆ្នោតពិសេសមុនគេ ។ នេះគឺជាការបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាងរាស្ត្រចំនួន ៥០០ រូប ដែលក្នុងនោះ ៤០០ រូប ត្រូវជ្រើសតាំងចេញពីមណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស ហើយ ១០០ រូបទៀត ត្រូវជ្រើស​តាំងចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយទាំងអស់នៅទូទាំងប្រទេស តាមប្រព័ន្ធ សមាមាត្រ។ ការបោះឆ្នោតតាម​មណ្ឌលសភាទាំងនេះ អាសនៈ ៤០០ នេះ មានបេក្ខជនចូលរួម ៤,៧១០ រូប កំពុងប្រកួតប្រជែងយកអាសនៈ។ ក្នុងបញ្ជីគណបក្សនយោបាយទូទាំងប្រទេស  មានបេក្ខជន​ចូលរួមចំនួន ១,៩០០ រូប មកពីគណបក្សនយោបាយចំនួន ៦៧។ អ្នកបោះឆ្នោតម្នាក់ៗ នឹងទទួលបានសន្លឹកឆ្នោត​ ២ សន្លឹក, សន្លឹកឆ្នោតទី១ សម្រាប់បោះឆ្នោតជ្រើសតាំង​សមាជិកសភានៅតាមមណ្ឌល និង ១ សន្លឹកទៀត សម្រាប់បញ្ជីឈ្មោះគណបក្សនយោបាយ។ នៅក្នុងរាជធានីបាងកក អ្នកបោះឆ្នោតបានចាប់ផ្តើមបោះឆ្នោតបណ្តើរៗ បន្ទាប់ពីស្ថានីយបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង ៨៖០០ ព្រឹក។ ក្នុងចំណោមអ្នកបោះឆ្នោត​ទាំងនោះ មានអ្នកបោះឆ្នោតលើកដំបូងម្នាក់ គឺលោក Natchanon Prasansri ដែលប្រហែលជាទើបចូលរៀនមហាវិទ្យាល័យ។ និស្សិតវ័យ ១៨ ឆ្នាំ រូបនេះ បាននិយាយនៅ​ខាងក្រៅស្ថានីយបោះឆ្នោតក្នុងស្រុក Vadhana ថា «ការបោះឆ្នោតនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះវាជាអនាគត និងជាសិទ្ធិរបស់យើងទាំងអស់គ្នា។ យើងត្រូវ​ជ្រើស​រើស​តំណាងដែលយើងពេញចិត្ត និងមានទំទុកចិត្ត ពីព្រោះគណបក្សនយោបាយជាច្រើន មានគោលនយោបាយច្រើន ហើយក៏ជាកត្តាសម្រេចជោគវាសនារបស់​ប្រទេស​ជាតិផងដែរ»។ លោក Natchanon បានថ្លែងប្រាប់សារព័ត៌មាន CNA ថា រាជរដ្ឋាភិបាលថ្មីនៅពេលខាងមុខនេះ ត្រូវដោះស្រាយជាបន្ទាន់លើបញ្ហាផ្សេងៗ រួមមាន ការបំពុលបរិយាកាស និងសាធារណការ ដែលលោក ត្រូវពឹងផ្អែកទាំងស្រុងលើការធ្វើដំណើរទៅធ្វើការ។ «លោកកម្រចេញក្រៅផ្ទះរបស់លោកណាស់ ដោយសារការបំពុលបរិយាកាសនេះ»៕ http://ព័ត៌មានសភាទ្វីបអាស៊ី ១៥-០៥-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.channelnewsasia.com/asia/thailand-general-election-polls-open-politics-parliament-lower-house-


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`