logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស SYRIAN ARAB REPUBLIC / មើលលម្អិត
សភាស៊ីរីទទូចឱ្យសភាអឺរ៉ុប ថ្កោលទោសសហរដ្ឋអាម៉េរិកដែលលួចឆក់ប្លន់ ធនធានធម្មជាតិរបស់ខ្លួន
 

រថយន្តកងកម្លាំងយោធាសហរដ្ឋអាម៉េរិកដឹកជញ្ជូនប្រេងឥន្ធនៈចេញពីស៊ីរី​ ឆ្ពោះទៅអ៊ីរ៉ាក់

សភានៃសាធារណរដ្ឋអារ៉ាប់ស៊ីរី បានទាត់ចោលរបាយការណ៍ចុងក្រោយបំផុតរបស់សភាអឺរ៉ុបស្តីពី ស្ថានភាព​មនុស្សធម៌នៅក្នុងប្រទេសស៊ីរីថាជារឿងមិនពិត និងទទូចឱ្យ​សភាអឺរ៉ុបថ្កោលទោសសហរដ្ឋអាម៉េរិក​ដែល​បាន​ឆក់ប្លន់​ធនធានថាមពល និងគ្រាប់ធញ្ញជាតិរបស់ស៊ីរី។​ សភាស៊ីរីបានចេញសេចក្តីថ្លែងការណ៍មួយថា របាយការណ៍ខែមិថុនា ឆ្នាំ២០២៣ របស់សភាអឺរ៉ុបបានដាក់បញ្ចូលនូវ “ភាពមិនត្រូវ និងការបំភ្លៃការពិត” ដើម្បីធ្វើឱ្យស៊ីគ្នាទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសលោកខាងលិចខ្លះ ដែលគោលនយោបាយ​បែបនេះនឹងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ប្រជាជាតិស៊ីរី។ ប្រសិនបើសភាអឺរ៉ុបពិតជាមានគោលដៅលើមនុស្សធម៌ នោះគួរតែថ្កោលទោសអំពើឆក់ប្លន់ដោយ ខុសច្បាប់​នៃធនធានថាមពល និងកសិកម្មរបស់ស៊ីរី ពីសំណាក់​កងកម្លាំងយោធារបស់ស.រ.អា។ ចាប់តាំង ពីឆ្នាំ២០១៤មក ស.រ.អាបានដាក់ពង្រាយកងកម្លាំង និងយុទ្ធោបករណ៍យោធានៅក្នុង​ប្រទេសស៊ីរីដោយ​គ្មានការ​អនុញ្ញាតពី​រដ្ឋាភិបាលទីក្រុងដាម៉ាស ឬទទួលសិទ្ធិពីអង្គការសហប្រជាជាតិនោះឡើយ ប៉ុន្តែក្រោម​លេសថាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ Takfiri Daesh។ កម្លាំងយោធាស.រ.អាកំពុងតែកាន់កាប់​ស៊ីរីដោយខុសច្បាប់ជាមួយនឹងកងទ័ពជិត ១០០០នាក់ និងបានរឹបអូសយកតំបន់មានប្រេងដោយសហការ ជាមួយកងជីវពលក្នុង​ស្រុកដែលប្រឆាំង​នឹងរដ្ឋាភិបាល និងក្រុមភេរវករ ដោយលួចយកប្រេងឆៅ និង​ស្រូវសាឡី ព្រមទាំងដឹកជញ្ជូនធនធានទាំងនោះឆ្លងព្រំដែនទៅកាន់មូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់។ សភាស៊ីរីបានបន្តថា ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដែលបណ្តាលមកពីទណ្ឌកម្មដែលដាក់ចេញជាឯក តោភាគី​ពីសំណាក់រដ្ឋាភិបាលក្រុមប្រទេសលោកខាងលិចមកលើស៊ីរី លើវិស័យផ្សេងរួមទាំងវិស័យអប់រំ សុខាភិបាល សេវាទឹកស្អាត និងវិស័យដឹកជញ្ជូនផងដែរ។ ទណ្ឌកម្មទាំងនេះ បានរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហ​ប្រជាជាតិ។ ​របស់ដែលហៅថា ជាការលើកលែងពីទណ្ឌកម្មទាំងនេះ ក្រោមលេសនៃ គោលដៅមនុស្សធម៌ គឺគ្មានអ្វីក្រៅតែពីនិយាយឱ្យរួចតែពីមាត់ ដោយគ្មានអ្វីជាការ​ពិតជាក់ស្តែងទេ។ គួរបញ្ជាក់ផងដែរថា ប្រទេសស៊ីរីបានក្លាយជាគោលដៅនៃការដាក់ទណ្ឌកម្មដែលដឹកនាំដោយ ស.រ.អា ចាប់តាំង​​​​​​ពីឆ្នាំ១៩៧៩មក ប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធ​មិត្តលោកខាងលិចបាន​រឹតបន្តឹង​ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលទីក្រុងដាម៉ាស នៅក្រោយឆ្នាំ២០១១ ដែលនៅពេលនោះ​ប្រទេសអារ៉ាប់​មួយ​នេះត្រូវបានគេមើលឃើញថា បានស្ថិតក្រោមកណ្តាប់ដៃយោធាដែលមានការ​គាំទ្រពីបរទេសដែល​លែង​អាចគ្រប់គ្រងបាន និងអំពើភេរវនិយម៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៨-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.mehrnews.com/news/203347/Syria-urges-EU-Parl-to-condemn-US-looting-of-its-resources


អត្ថបទពាក់ព័ន្ធ៖

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`