logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស SWEDEN / មើលលម្អិត
រាជរដ្ឋាភិបាលស៊ុយអែត បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការស្នើសុំចូលជាសមាជិកអង្គការណាតូ មកកាន់សភា
 

ទង់ជាតិនៃព្រះរាជាណាចក្រស៊ុយអែត

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រស៊ុយអែតបានថ្លែងថា ខ្លួនបានបញ្ជូនសេចក្តីព្រាងមួយស្តីពីការសុំចូលជា​សមាជិកអង្គការណាតូ ទៅកាន់សភា។ តាមរយៈសេចក្តីថ្លែងការណ៍មួយរាជរដ្ឋាភិបាលបានថ្លែងថា “ពេលនេះ រាជរដ្ឋាភិបាលបានបញ្ជូនសេចក្តីព្រាងច្បាប់មួយ ស្នើឱ្យសភាអនុម័តគាំទ្រឱ្យស៊ុយអែតចូលអង្គការណាតូ។   សេចក្តីច្បាប់នេះគឺជាជំហានដ៏សំខាន់មួយ លើមាគ៌ាឆ្ពោះទៅរកសមាជិកភាពណាតូ”។ លោក Tobias Billstrom រដ្ឋមន្រ្តីក្រសួងការបរទេសស៊ុយអែតបានថ្លែងថា ការចូលអង្គការណាតូ គឺជា​មធ្យោបាយដ៏ល្អបំផុតមួយ ដើម្បីធានាសន្តិសុខជាតិ និងរួមចំណែកក្នុងការពង្រឹងសន្តិសុខតំបន់​អឺរ៉ូ-អាត្លង់ទិក​ទាំងមូល។ “សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលស្តីពីការចូលជាសមាជិកអង្គការណាតូ គឺជាព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្តមួយ និងជាជំហានដ៏សំខាន់មួយលើមាគ៌ាឆ្ពោះទៅជាសមាជិកភាព។ មានន័យថា យើងបាន​ត្រៀម​​​រួចរាល់ដើម្បីចូលអង្គការណាតូ រួមជាមួយសាធារណរដ្ឋហ្វាំងឡង់ នៅពេលណាដែល បណ្តាប្រទេស​ជាសមាជិកអង្គការណាតូទាំងអស់បានផ្តល់សច្ចាប័នលើពិធីសារចូលជាសមាជិករបស់ពួកយើង”។ ប្រទេស​ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ កាលពីខែឧសភា ឆ្នាំ២០២២ តែប៉ុន្មានខែ បន្ទាប់ពីសហព័ន្ធរុស្ស៊ីបានបើកប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន។ កិច្ចខិតខំប្រឹងប្រែងចូលជាសមាជិកណាតូ ដើមឡើយត្រូវបានរារាំងពីប្រទេសតួកគី ដោយបានចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងស្តុកខុល និងទីក្រុងហែលស៊ិនគីបានគាំទ្រក្រុមភេរវករ ដោយសំដៅដល់ការគាំទ្រគណបក្ស​កម្មករជនជាតិឃើត ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ាចាត់ទុកថាជា អង្គការភេរវករ។ ក្រោយមក តួកគីបានដក​ការ​ជំទាស់របស់ខ្លួន បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងបី បានជួបគ្នានៅទីក្រុង  ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពី​ខែមិថុនា ឆ្នាំ២០២២ ជាទីដែលពួកគេបានចុះហត្ថលេខាលើអនុស្សរណៈមួយស្តីពីសន្តិសុខ ដើម្បី​រៀប​ចំនីតិវិធីចូលជាសមាជិកអង្គការទ័ពសម្ព័ន្ធមិត្តសម្រាប់ប្រជាជាតិទាំងពីរ។ ប៉ុន្តែយ៉ាងណាក៏ដោយ នីតិវិធីនៃការចូលជាសមាជិកអង្គការណាតូ បាននៅទ្រឹងកាលពីខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានឧបត្ដិហេតុដុតគម្ពីរគូអាន(គម្ពីរសាសនាឥស្លាម) នៅប្រទេសស៊ុយអែត។ លោក Recep Tayyip Erdogan ប្រធានាធិតីតួកគីបានថ្លែងថា ទីក្រុងស្តុកខុលមិនគួរត្រូវបានទីក្រុងអង់ការ៉ាគាំទ្រឱ្យចូល​ជា​សមាជិកណាតូនោះឡើយ។ ប្រទេសតួកគីក៏បានពិភាក្សាជាមួយបណ្តាប្រទេសជាសមាជិកអង្គការណាតូ​ពី​លទ្ធភាពនៃការអនុម័តលើពាក្យស្នើសុំចូលជាសមាជិករបស់ហ្វាំងឡង់ ដាច់ដោយឡែក។  ប៉ុន្តែយ៉ាងណា​ក៏ដោយក្រោយមកកិច្ចពិភាក្សាជាមួយប្រទេសស៊ុយអែតក៏បានបន្តឡើងវិញ៕

ព័ត៌មានសភាទ្វីបអឺរ៉ុប ១០-០៣-២៣- ឈាវ សុផាត  ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/swedish-government-sends-draft-law-on-nato-me-1655619.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`