logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស SINGAPORE / មើលលម្អិត
ប្រធានរដ្ឋសភាសិង្ហបុរី ឆ្លងជំងឺកូវីដ-១៩
 

លោកTan Chuan-Jin ប្រធានរដ្ឋសភាសិង្ហបុរី

លោកTan Chuan-Jin ប្រធានរដ្ឋសភាសិង្ហបុរី បានឱ្យដឹងកាលពីថ្ងៃចន្ទទី៤ ខែកក្កដា ឆ្នាំ២០២២ ថាលោកមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ និងមិនអាចចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា ក្នុងសប្តាហ៍នេះបានឡើយ។ លោកJin បានសរសេរនៅក្នុងFacebookរបស់លោកថា៖ ”សំណាងល្អមិនមែនចេះតែមានជារៀងរហូតឡើយ។” លោកJin បានឱ្យដឹងបន្តទៀតថា ដំបូងលោកមានអារម្មណ៍ថា កើតជំងឺគ្រុនផ្តាសាយ បន្ទាប់មកលោកបានធ្វើតេស្ត ប៉ុន្តែលទ្ធផលតេស្តលើកទី១គឺអវិជ្ជមានកូវីដ-១៩។ ដោយសារមិន  អស់ចិត្ត លោកបានធ្វើតេស្តខ្លួន​ឯងម្តងទៀត។ លើកទី២នេះ លទ្ធផលតេស្តគឺវិជ្ជមានកូវីដ-១៩។ លោកJin បានថ្លែងថា៖ ”ពេលនេះសុខភាពរបស់ខ្ញុំ​ គឺល្អ ហើយរោគសញ្ញាជំងឺកូវីដ-១៩ នឹងស្រាកស្រាន្ត។ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានជួយមិនឱ្យស្ថានភាពជំងឺកូវីដ-១៩វិវឌ្ឍធ្ងន់ធ្ងរដូច្នេះសូមអ្នកទាំងអស់គ្នាអញ្ជើញទៅទទួលដូសជំរុញ នៅពេលវេលាដែលត្រូវទទួល។ សូមកុំភ្លេចរំលឹកមនុស្សចាស់ៗ របស់អ្នកឱ្យទៅទទួលវ៉ាក់សាំង ឬដូសជំរុញផង។” លោកJin បានថ្លែងផងដែរថា លោកនឹងលុបចោលការអញ្ជើញចូលរួមព្រឹត្តិការណ៍ និងការណាត់មួយចំនួន ដែលគ្រោងនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយសូម  អភ័យទោសចំពោះការលុបចោលនេះ។ កាលពីថ្ងៃទី២៩ ខែមិថុនា លោកJin បានសរសេរនៅក្នុងFacebookរបស់លោកថា លោកមាន   អារម្មណ៍មិនសូវស្រួលខ្លួន និងបានសម្រេចចិត្តរត់ហាត់ប្រាណយឺតៗនៅក្នុងទីក្រុង។ លោកJin ដែលបានក្លាយជាប្រធានរដ្ឋសភានីតិកាលទី១០ របស់ប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៧ គឺជា សមាជិកគណបក្សសកម្មភាពរបស់ប្រជាជន(The People’s Action Party) ដែលជាគណបក្សកំពុងកាន់អំណាចក្នុងរដ្ឋាភិបាល និងជាឧត្តមសេនីយ៍ត្រី។ លោកJin បានបម្រើការងារជាកងកម្លាំងប្រដាប់អាវុធអស់រយៈពេល២៤ឆ្នាំ មុនពេលចូលរួមការបោះឆ្នោតសកលជ្រើសតាំងសមាជិកសភាក្នុងឆ្នាំ២០១១។ លោកJin បានជាប់ឆ្នោតក្លាយជាសមាជិកសភាជាបន្តបន្ទាប់ ពីឆ្នាំ២០១១ ដល់បច្ចុប្បន្ន។ លោកJin កើតនៅថ្ងៃទី១០​ ខែមករា ឆ្នាំ១៩៦៩​ បានទទួលអាហារូបករណ៍យោធាសិង្ហបុរីទៅសិក្សាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យThe London School of Economics ក្នុងចក្រភពអង់គ្លេស។ លោកJin​ មានសញ្ញាបត្រ អនុបណ្ឌិតផ្នែកការពារជាតិពីសាកលវិទ្យាល័យ King’s College London និងសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ ពីសាកលវិទ្យាល័យ University of Singapore៕                                                                                          ព័ត៌មានសភាអន្តរជាតិ ០៥-០៧-២២- មាស តូនី ប្រែសម្រួលពី៖ https://www.channelnewsasia.com/singapore/speaker-parliament-tan-chuan-jin-tests-positive-covid-19-  


អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`