logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
ក្រោយការប៉ុនប៉ងសម្លាប់ប្រធានាធិបតីរុស្ស៊ី ប្រធានសភាឌូម៉ា អំពាវនាវឱ្យកម្ទេចរបបភេរវករអ៊ុយក្រែន
 

លោក Vyacheslav Volodin ប្រធានសភាឌូម៉ា (សភាជាន់ទាប) សហព័ន្ធរុស្ស៊ី

លោក Vyacheslav Volodin ប្រធានសភាសហព័ន្ធរុស្ស៊ីបានអំពាវនាវឱ្យដាក់ពង្រាយអាវុធដែលមានសមត្ថភាពអាចបញ្ឈប់ និងកម្ចេចរបបភេរវករទីក្រុងកៀវ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានអ្នកបើក(drone) មកលើវិមានក្រឹមឡាំង ដោយចោទប្រកាន់ទៅលើប្រទេសអ៊ុយក្រែន។ ជាការគំរាមសងសឹកចំពោះអ្វីដែលខ្លួនបានហៅថាជា “សកម្មភាពភេរវករ” រុស្ស៊ីបានចោទថាអ៊ុយក្រែនកំពុងព្យាយាមប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង ដើម្បីវាយប្រហារលើវិមានក្រឹមឡាំង នាពេលរាត្រី  ក្នុងបំណងសម្លាប់លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Volodymyr Oleksandrovych Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានបដិសេធការអះអាងរបស់រដ្ឋាភិបាលទីក្រុងមូស្គូ។ លោកបាន​ថ្លែងថា “យើងមិនបានវាយប្រហារ លោក Putin ឬទីក្រុងមូស្គូនោះឡើយ”។ អ្នកនាំពាក្យរបស់លោក Putin គឺលោក Dmitry Peskov បានថ្លែងប្រាប់ទីភ្នាក់ងារ​សារ​ព័តមានរុស្ស៊ី RIA Novosti ថា ប្រធានាធិបតីរុស្ស៊ីមិនបានស្ថិតនៅក្នុងវិមានក្រឹមឡាំងនៅពេលនោះទេ  ប៉ុន្តែលោកស្ថិតនៅក្នុងអាគារ  Novo-Ogaryovo  ដែលស្ថិតនៅ​ក្រៅទីក្រុងមូស្គូ។ការសន្មតពីការវាយប្រហារលើវិមានក្រឹមឡាំងដែលអាជ្ញាធររុស្ស៊ីបានអះអាង បានកើតមានឡើងនៅពេលរាត្រី  ប៉ុន្តែមិនបានផ្តល់ភស្តុតាង   និងមិនមានការបញ្ជាក់អះអាងដោយឯករាជ្យណាមួយនោះឡើយ។ វិមានក្រឹមឡាំងបានពន្យារពេលក្នុងការរាយការណ៍ពីឧបទ្ទហេតុ និងពេលវេលានៃការផ្សព្វផ្សាយ  វីដេអូនៃឧបទ្ទហេតុ ដែលទាមទារឱ្យមានការត្រួតពិនិត្យមើលឡើងវិញ​លើវីដេអូនោះ។ យន្តហោះគ្មាន មនុស្សបើកត្រូវបានស្ទាក់ចាប់ដោយយោធារុស្ស៊ី និងបុគ្គលិកសន្តិសុខ នៅមុនពេលយន្តហោះនេះអាចវាយប្រហារបាន និងគ្មាននរណាម្នាក់​រងរបួសនោះទេ នេះបើតាមវិមានក្រឹមឡាំង។ បើតាមគេហទំព័ររបស់វិមានក្រឹមឡាំង មិនមានគ្រោះថ្នាក់ណាមួយកើតមានឡើងនោះទេ នៅពេលដែលកម្ទេចកំទីយន្តហោះ​គ្មាន​មនុស្សបើកបានធ្លាក់មកលើដី។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាម៉េរិក AP លោក  Zelenskyy បានបដិសេធការជាប់ពាក់ព័ន្ធណាមួយក្នុងការវាយប្រហារ ក្នុងគ្រាដែលលោក​កំពុងស្ថិតនៅក្នុងទីក្រុងហែលសិនគី ប្រទេសហ្វាំងឡង់ដើម្បីពិភាក្សាជាមួយមេដឹកនាំទាំង៥ នៃប្រជាជាតិតំបន់ណ័រឌិក។ លោក Zelenskyy បានថ្លែងក្នុងសន្និសីទ​សារ​ព័ត៌មានមួយថា “យើងមិនបានវាយប្រហារលោក Putin ឬទីក្រុងមូស្គូឡើយ។ យើងប្រយុទ្ធដើម្បីតែទឹកដីរបស់យើង យើងកំពុងតែការពារភូមិឋាន និងទីក្រុងរបស់​យើងតែប៉ុណ្ណោះ”៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៥-០៥-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.republicworld.com/world-news/russia-ukraine-crisis/russia-parliament-speaker-calls-for-destruction-of-ukraine-terrorist-regime-articleshow.html


អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`