logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
សភាជាន់ខ្ពស់រុស្ស៊ី អំពាវនាវឱ្យសភាអឺរ៉ុបថ្កោលទោស ជាសាធារណៈចំពោះការដុតគម្ពីរគូអាន
 

លោកស្រី Valentina Ivanovna Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី)

កាលពីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី Valentina Ivanovna Matviyenko ប្រធានក្រុម​ប្រឹក្សា​សហព័ន្ធ(សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី) បានអំពាវនាវដល់សមាជិកសភាអឺរ៉ុបថ្កោលទោស​ជា​សាធារណៈចំពោះការដុតគម្ពីរគូអាន(គម្ពីរសាសនាឥស្លាម)។ នៅក្នុងសារដែលបង្ហោះនៅលើបណ្តាញ​ទំនាក់ទំនងសង្គមតេឡេក្រាម លោកស្រី  Matviyenko  បានថ្លែងថា សមាជិកសភាសហព័ន្ធរុស្ស៊ី បានសម្តែង​នូវការជំទាស់យ៉ាងខ្លាំងក្លា ចំពោះសកម្មភាពបង្ហាញការស្អប់ខ្ពើមសាសនាអ៊ីស្លាមនាពេលថ្មីៗ នេះ នៅក្នុង​ព្រះរាជាណាចក្រស៊ុយអែត និងព្រះរាជាណាចក្រហូឡង់។ លោកស្រី Matviyenko បានថ្លែងថា “គាំទ្រពេញទំហឹងចំពោះសហសេវិក និងចាត់ទុកការប្រមាថមាក់​ងាយ​គម្ពីរគូអាន ដែលប្រព្រឹត្តឡើងដោយក្រុមអច្ចន្តិកជន (ជនរ៉ាឌីកាល់) គឺជាសកម្មភាពនៃអនារ្យធម៌ (អំពើយង់ឃ្នង) និងការស្អប់ខ្ពើមជនបរទេស”។ លោកស្រី Matviyenko បានថ្លែងបន្ថែមថា រុស្ស៊ីគឺជា “ប្រទេសមួយដែលមានលក្ខណៈពិសេសប្លែកពីគេដែលប្រជាជនមានសញ្ជាតិ និងជំនឿសាសនាផ្សេងៗ​គ្នា​បានរួមរស់ជាមួយគ្នាដោយសុខសន្តិភាព និងគោរពគ្នាទៅវិញទៅមកជាច្រើនសតវត្សរ៍មកហើយ”។ លោកស្រី Matviyenko បានសង្កត់ធ្ងន់ថា “ការរំលោភបំពានលើគម្ពីរគូអាន ធ្វើឱ្យមានភាពតក់ស្លុត​មិនត្រឹម​តែទៅលើសាសនិកឥស្លាមទេ ប៉ុន្តែក៏ទៅលើតំណាងនៃជំនឿសាសនាទាំងអស់នៅក្នុងប្រទេសរុស្ស៊ី​ផងដែរ”។ កង្វះខាតនៃប្រតិកម្មតបក្នុងនាមរដ្ឋាភិបាល និងសភាពីបណ្តារដ្ឋអឺរ៉ុបបានបង្កឱ្យមាន​កំហឹង​ក្រេវក្រោធ ជាពិសេស ភាពខ្ចីខ្ជារបស់ភ្នាក់ងារអនុវត្តន៍ច្បាប់ និងអាជ្ញាធរមូលដ្ឋាន។ “យើងចាត់ទុក​អ្វីដែល​បានកើតមានឡើងគឺជាការញុះញង់អុចអាលឱ្យមានជម្លោះអន្តរសាសនា។ វាជាការមិនអាចទទួល​យកបាន​ឡើយក្នុងការបង្ករឿងដោយការប្រមាថប្រឆាំងនឹងសាសនាឥស្លាម ដោយផ្តល់ហេតុផលដោយឥតអៀន​ខ្មាស ថាវាជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការនិយាយស្តី”។ សមាជិកសភាជាន់ខ្ពស់រុស្ស៊ី បានអំពាវនាវឱ្យសមាជិកសភាអឺរ៉ុបថ្កោលទោសជាសាធារណៈចំពោះ សកម្មភាព​រ៉ាឌីកាល់ជ្រុលនិយម ដើម្បីជាការបង្ហាញនូវភាពមិនអត់ឱនឱ្យបានចំពោះសាសនា និងចាត់វិធាន​ការការពារសិទ្ធិសាសនាឥស្លាម និងតំណាងសាសនាដទៃទៀតចំពោះសេរីភាពនៃជំនឿសាសនា ក៏ដូចជា នាំយកជនបង្ករឿងទាំងនោះទៅទទួលខុសត្រូវចំពោះមុខច្បាប់៕

                                                                                                  ព័ត៌មានសភាទ្វីបអឺរ៉ុប ០៦-០២-២៣- ឈាវ សុផាត    ប្រែសម្រួលពី៖ https://www.aa.com.tr/en/world/russian-lawmakers-call-on-european-parliaments-to-publicly-condemn-quran-burning/2806056



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`