logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
នៅចំពេលនៃសង្រ្គាមនៅអ៊ុយក្រែន សភាឌូម៉ាសហព័ន្ធរុស្ស៊ីនឹងប្រជុំសភាវិសាមញ្ញនៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ
 

រូបភាពឯកសារ៖ ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាឌូម៉ា(សភាជាន់ទាបសហព័ន្ធរុស្ស៊ី)

សភាជាន់ទាបសហព័ន្ធរុស្ស៊ីនឹងប្រជុំវិសាមញ្ញនៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមការសម្រេចរបស់ក្រុមប្រឹក្សាសភាកាលពីថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។ ការកោះប្រជុំនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធ រុស្ស៊ីបានព្រមានថា លោកនៅមិនទាន់ចាប់ផ្តើមសង្រ្គាមមួយពិតប្រាកដ នៅក្នុងប្រទេសអ៊ុយក្រែន នៅឡើយទេ។ លោក​ Putin បានប្រើប្រាស់កិច្ចប្រជុំជាមួយមេដឹកនាំសភា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីបង្ហាញការមិនខ្លាចរអាទៅនឹងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត ដែលព្យាយាមផ្តួលរុស្ស៊ីនៅក្នុងប្រទេស អ៊ុយក្រែន។ រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ មេដឹកនាំសភារុស្ស៊ី បានអរគុណដល់លោក Putin ចំពោះការសម្រេចចិត្តរបស់គាត់។ សភារុស្ស៊ី ដែលក្តោបក្តាប់ដោយគណបក្សដែលតែងតែគាំទ្រលោក Putin នោះបានធ្វើបញ្ជីវិសោធនកម្មមួយ ចំនួនស្តីពីគោលនយោបាយនៃការប្រកួតប្រជែង និងព័ត៌មាន ដែលនឹងត្រូវពិភាក្សាដេញដោលនៅ ក្នុងសម័យប្រជុំសភាវិសាមញ្ញ។ លោក Vladimir Vasilyev ប្រធានគណបក្សរួបរួមរុស្ស៊ីដែលមាន៣២៥   អាសនៈនៃ ៤៥០អាសនៈនៅក្នុងសភាបានថ្លែងថា សមាជិកសភានឹងពិភាក្សាលើកិច្ចការប្រមាណជា ៦០ នៅឯសម័យប្រជុំ។ លោក Vasilyev បានថ្លែងបន្តថា ក្រុមប្រឹក្សាសភាបានពិភាក្សាពីរបៀបវារៈសម្រាប់ សម័យប្រជុំលើកទី១៥ យើងគ្រោងនឹងពិនិត្យពិចារណាលើកិច្ចការមិនតិចជាង ៦០ ហើយលោកមិនបាន បញ្ចេញថាមានកិច្ចការអ្វីខ្លះនោះទេ។ ប៉ុន្តែមេដឹកនាំគណបក្សកុម្មុយនិស្តបានថ្លែងថា មានសេចក្តីព្រាងច្បាប់ ច្រើនជាង ៨០ នឹងត្រូវបានពិភាក្សានៅក្នុងសម័យប្រជុំសភានាពេលខាងមុខ។ នៅឯកិច្ចប្រជុំជាមួយលោក Putin កាលពីថ្ងៃព្រហស្បតិ៍ដដែល លោក Vyacheslav Volodin ប្រធាន សភាឌូម៉ារុស្ស៊ី បានថ្លែងប្រាប់លោក ​Putin ថា សភារុស្ស៊ីនឹងជួយគាំទ្រដល់សាធារណរដ្ឋចំនួន២ ដែលប្រកាសបំបែកខ្លួន នៅភាគខាងកើតអ៊ុយក្រែន ក្នុងការបង្កើតប្រព័ន្ធច្បាប់របស់ខ្លួន។ លោក Putin បានថ្លែងថា “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែន គឺមានភាពចាំបាច់ព្រោះរដ្ឋាភិបាល ទីក្រុងមូស្គូត្រូវការពារប្រជាជនដែលនិយាយភាសារុស្ស៊ីប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញ ដែលលោកថា ក្រុមប្រទេសលោកខាងលិចបានធ្វើជាមិនដឹងមិនឮចំពោះពួកគេ។ លោក Putin បន្តិចម្តងៗបានទាញទម្លាក់ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទៅជាសមរភូមិប្រយុទ្ធរវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ដែលលោកថា សហរដ្ឋអាម៉េរិកបានធ្វើឱ្យរុស្ស៊ីអាម៉ាស់មុខ ចាប់តាំងពីការដួលរលំនៃអតីតសហភាពសូវៀតក្នុង ឆ្នាំ១៩៩១មក ដោយបានពង្រីកខ្លួនអង្គការណាតូឆ្ពោះមកកាន់ភាគខាងកើត និងបានប្រើប្រាស់អ៊ុយក្រេនដើម្បីគំរាមដល់ខ្លួន៕

ព័ត៌មានសភាអន្តរជាតិ ១២-០៧-២២- ឈាវ សុផាត  ប្រែសម្រួលពី៖  https://www.reuters.com/world/europe/amid-ukraine-war-russian-parliament-hold-extraordinary-session-2022-07-11/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`