logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស RUSSIAN FEDERATION / មើលលម្អិត
រដ្ឋសភារុស្ស៊ីអនុម័ត (ក្នុងដំណាក់កាលទី១) លើសេចក្តីព្រាងច្បាប់ស្តីពីវិធានការសេដ្ឋកិច្ច
 

កាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២ សមាជិកសភាជាន់ទាបសហព័ន្ធរុស្សី បានឯកភាពក្នុងដំណាក់​ពិនិត្យពិភាក្សាលើកទី១ លើសេចក្តីព្រាងច្បាប់ចំនួន២ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាចបង្ខំក្រុមហ៊ុន​អាជីវកម្មឱ្យផ្គត់ផ្គង់ដល់កងទ័ពនូវទំនិញចាំបាច់ និងអាចបង្ខំឱ្យនិយោជិតក្រុមហ៊ុនអាជីវកម្ម​ឱ្យធ្វើការ​បន្ថែមម៉ោង ដើម្បីគាំទ្រដល់សកម្មភាពនៃការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ លោកyuri Borisov ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងប្រាប់សភាថា៖ ច្បាប់ទាំងពីរនេះ ផ្តល់ការគាំទ្រដល់កងទ័ព​ក្នុងស្ថានភាពដែលសេដ្ឋកិច្ចរុស្ស៊ីកំពុងរងសម្ពាធទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច រយៈពេលជិត៤ខែមកហើយ ដោយសារប្រតិបត្តិយោធាពិសេសរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ ក្នុងស្ថានភាពបែបនេះ ដំណើរការនៃឧស្សាហកម្មដែលពាក់ព័ន្ធវិស័យការពារជាតិ កាន់តែមានសារៈ​សំខាន់​ខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ ដើម្បីធានាដល់ការផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវ វាគឺជារឿងចាំបាច់ដែល​ត្រូវការបង្កើនផលិតភាពនៃស្រឡាយផលិតកម្មរបស់ឧស្សាហកម្ម និងសហគ្រាស ដែលពាក់ព័ន្ធនឹងវិស័យ​ការពារជាតិ។ សេចក្តីព្រាងច្បាប់មួយ ក្នុងចំណោមសេចក្តីព្រាងច្បាប់ទាំងពីរខាងលើ បានចែងថា រដ្ឋចំណុះរដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី មានសិទ្ធិដាក់ចេញនូវ វិធានការសេដ្ឋកិច្ចពិសេសនៅក្នុងអំឡុងពេលនៃប្រតិបត្តិការយោធា ដោយតម្រូវឱ្យរោងចក្រសហគ្រាសផ្គត់ផ្គង់ទំនិញនិងសេវាកម្មដល់កងទ័ព ទៅតាមតម្រូវការរបស់  រដ្ឋាភិបាលរុស្ស៊ី។ សេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់នេះ បានរៀបរាប់ថា កងទ័ពត្រូវការសម្ភារៈ និងការជួសជុលថែទាំអាវុធ ដើម្បីសម្រេចឱ្យបានជោគជ័យក្នុងយុទ្ធនាការក្នុងប្រទេសអ៊ុយក្រែន។ សេចក្តីព្រាងច្បាប់មួយទៀត គឺជាវិសោធនកម្មច្បាប់ការងារ ដើម្បីផ្តល់អំណាចដល់ រដ្ឋាភិបាល ក្នុងការកំណត់ចំនួនម៉ោងបំពេញការងារប្រចាំថ្ងៃ កំណត់ថ្ងៃឈប់សម្រាករបស់និយោជិត និងអាចលុបចោល​ថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់និយោជិតទៀតផង។ ដែលនេះមានន័យថា រដ្ឋាភិបាលអាច បង្ខំនិយោជិត​ក្រុមហ៊ុន​ឱ្យធ្វើការងារទាំងយប់ ថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ។ ទោះបីជាយ៉ាងនេះក្តី សេចក្តីព្រាងច្បាប់ទាំងពីរខាងលើត្រូវឆ្លងកាត់ការពិនិត្យពិភាក្សាចំនួន២លើក ទៀតក្នុងសភាជាន់ទាប មុននឹងបញ្ជូនទៅព្រឹទ្ធសភា។ ក្នុងករណីព្រឹទ្ធសភាអនុម័តយល់ព្រម សេចក្តីព្រាង​ច្បាប់នេះ នឹងត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតី Vladimir Putin ចុះហត្ថលេខា​ប្រែក្លាយទៅជាច្បាប់៕

ព័ត៌មានសភាអន្តរជាតិ ០៦-០៧-២២- មាស តូនី

ប្រែសម្រួលពី៖ https://www.devdiscourse.com/article/law-order/2098424-russian-parliament-passes-first-vote-on-war-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`