logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស POLAND / មើលលម្អិត
សភាអឺរ៉ុបស្នើឱ្យមានបេសកកម្មសង្កេតការណ៍ពេញលេញសម្រាប់ការបោះឆ្នោតក្នុងប្រទេសប៉ូឡូញនាពេលខាងមុខ
 

រូបភាពទីស្នាក់កណ្តាលសភាអឺរ៉ុប

កាលពីថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៃសាធារណរដ្ឋប៉ូឡូញ ដែលនឹង​ធ្វើ​ឡើ​ងនាពេលខាងមុខនេះ។ សេចក្តីសម្រេចខាងលើបានទិតៀន “កិច្ចខិតខំប្រឹងប្រែងដោយចេតនា និងជាប្រព័ន្ធ” ធ្វើឡើងដោយរដ្ឋា  ភិបាលប៉ូឡូញបានធ្វើឱ្យអន្តរាយ​ដល់តម្លៃស្នូលរបស់សហភាពអឺរ៉ុប និងបានបង្ហាញនូវ “ក្តីបារម្ភដ៏ជ្រាល ជ្រៅ” របស់ខ្លួនចំពោះការធ្វើវិសោធនកម្មក្រមបោះឆ្នោតរបស់ប្រទេសប៉ូឡូញនាពេលថ្មីៗនេះ។ សំណើវិសោធនកម្មស្នើឡើងដោយគណបក្សកាន់អំណាច  គឺគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលជា​គណបក្សស្តាំនិយមជ្រុល ធ្វើឡើងដើម្បីលើកកម្ពស់ការ​ចេញទៅ​បោះឆ្នោតដោយបង្កើតស្ថានីយ បោះឆ្នោត​បន្ថែមនៅក្នុងភូមិ និងផ្តល់ការដឹកជញ្ជូនដោយមិនគិតថ្លៃដល់ជនចាស់ជរា និងជនមានពិការភាពនៅថ្ងៃ​បោះឆ្នោត។ ប៉ុន្តែគណបក្ស​ប្រឆាំងបានអះអាងថា ការកែច្បាប់កៀកពេលជិតបោះឆ្នោតពេក គឺខុសច្បាប់ និងធ្វើឡើងដើម្បីតែអូសទាញអ្នកបោះឆ្នោតដ៏ច្រើនសន្ធឹកនៅជនបទ និងប្រជាសាស្រ្តដែល​អំណោយផល​ដល់​​រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស PiS តែប៉ុណ្ណោះ។ នៅក្នុងសេចក្តីសម្រេចនេះ សមាជិកសភាអឺរ៉ុបបានស្នើដល់អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការ​ក្នុងអឺរ៉ុប (OSCE) “ត្រូវរៀបចំបេសកកម្មសង្កេតការណ៍​ពេញលេញមួយ” សម្រាប់ការបោះឆ្នោតជ្រើសតាំង​សមាជិកសភាដែលនឹងធ្វើឡើងនាពេលខាងមុខក្នុងប្រទេសប៉ូឡូញ ដែលគ្រោងនឹងធ្វើឡើងរវាងខែតុលា​ និងខែវិច្ឆិកា ឆ្នាំ២០២៣។ អង្គការ OSCE ​តែងតែត្រួតពិនិត្យការបោះឆ្នោតជាទៀងទាត់ ទាំងកម្រិតជាតិ តំបន់ និងកម្រិតមូលដ្ឋានដែលធ្វើឡើងនៅទូទាំងអឺរ៉ុប​ និងធ្វើសេចក្តីរាយការណ៍​ថាតើ ការបោះឆ្នោតទាំងនោះ​បានប្រព្រឹត្តទៅដោយមានលក្ខណៈត្រឹមត្រូវ សេរី ស្មើភាព និងមានតម្លាភាពដែរឬទេ។ នៅក្នុងសេចក្តីសម្រេចរបស់សភាអឺរ៉ុបដែលទទួលបានការអនុម័តក្នុងសំឡេង ៤៧២ ទល់នឹង ១៣៦​សំឡេង​នោះ សមាជិកសភាអឺរ៉ុបបានទទូចឱ្យអាជ្ញាធររដ្ឋាភិបាល​ប៉ូឡូញត្រូវ លុបចោល ឬយ៉ាងហោច​ណាស់ព្យួរច្បាប់ថ្មី ដែលអនុញ្ញាតឱ្យបង្កើតគណៈកម្មាធិការមួយរបស់រដ្ឋ ដើម្បីស៊ើបអង្កេតករណី “មានការ​ជ្រៀតជ្រែកពី​សហព័ន្ធ​រុស្ស៊ី”។ ខណៈដែលគណបក្សប្រឆាំង និងអ្នកជំនាញការច្បាប់បានបរិហារ ថា គណៈកម្មា​ធិការរបស់រដ្ឋមួយនេះ គឺជាឧបករណ៍នយោបាយមានគោលដៅ​លើបេក្ខជនមុន​ការបោះឆ្នោត​សកល និងរារាំងពួកគេយ៉ាងមានប្រសិទ្ធភាព ពីការកាន់មុខតំណែងសាធារណៈ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ១៣-០៧-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.euronews.com/my-europe/2023/07/11/european-parliament-calls-for-a-full-scale-observation-mission-in-upcoming-polish-election


អត្ថបទពាក់ព័ន្ធ៖

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`