logo logo
banner1
ទំព័រដើម / ទ្វីបអឺរ៉ុប / ប្រទេស LATVIA / មើលលម្អិត
សភាឡេតូនី បោះឆ្នោតជ្រើសតាំងបុរសស្រលាញ់ភេទដូចគ្នា ជាប្រធានាធិបតីថ្មី
 

លោក Edgars Rinkēvičs អតីតរដ្ឋមន្រ្តីក្រសួងការបរទេសឡេតូនី ត្រូវបានសភាជ្រើសតាំងជាប្រធានាធិបតី

សមាជិកសភានៃសាធារណរដ្ឋឡេតូនី បានជ្រើសតាំងលោក Edgars Rinkēvičs  រដ្ឋមន្រ្តីក្រសួងការបរទេស​ដ៏យូរអង្វែង មានប្រជាប្រិយភាព និងជាអ្នកគាំទ្រប្រទេស​អ៊ុយក្រែនដ៏ខ្លាំងក្លាមួយរូបជាប្រមុខរដ្ឋ នៅក្នុងការ​បោះឆ្នោតដ៏តានតឹងមួយ។ សភាឡេតូនី ដែលមាន១០០អាសនៈ បានបោះឆ្នោតជ្រើសតាំងលោក Rinkēvičs ដែលជាប្រមុខ​ការ​ទូតកំពូលតាំងពីឆ្នាំ២០១១មក ជាប្រធានាធិបតី សម្រាប់១អាណត្តិ ៤ឆ្នាំ។ លោក Rinkēvičs ទទួលបានសំឡេងឆ្នោតគាំទ្រ ៥២សំឡេង លើស១សំឡេងចាំបាច់​ដើម្បី​ទទួលជ័យជម្នះ។ ខណៈដែលលោក Egils Levits ប្រមុខរដ្ឋឡេតូនីក្នុងតំណែងបច្ចុប្បន្នចាប់តាំងពីឆ្នាំ២០១៩មក មិនស្វែងរកការឈរឈ្មោះជាថ្មី។ លោក Rinkēvičs ដែលបានប្រកាសក្នុងឆ្នាំ២០១៤ថា លោកមានមោទកភាពជាអ្នកស្រលាញ់ភេទដូចគ្នា នឹងក្លាយជាប្រធានាធិបតីដែលប្រកាសជាចំហថាខ្លួន​ជាបុរស​ស្រលាញ់បុរសដូចគ្នាដំបូងគេនៅក្នុង ប្រជាជាតិតំបន់បាល់ទិក ដែលអតីតប្រទេសសហភាពសូវៀតទាំងអស់មានការទទួលយកតិចតួចចំពោះ អ្នកស្រលាញ់ភេទដូចគ្នា ជាងនៅក្នុងប្រទេសលោកខាងលិច។ គូប្រជែងដ៏ប្រកៀកប្រកិតបំផុត គឺធុរជន​ឡេតូនីលោក Uldis Pilens ទទួលបានសំឡេងឆ្នោត ២៥ នៅក្នុងការបោះឆ្នោតជុំទី៣ រវាងគូប្រជែងទាំងពីរ បន្ទាប់ពីបេក្ខជនទី៣ លោកស្រី Elina Pinto បានធ្លាក់ចេញពីការប្រកួត។ ក្រោយការបោះឆ្នោតលោក Rinkēvičs បានបង្ហោះសារនៅក្នុង​បណ្តាញ​សង្គម Twitter ថា លោកមានកិត្តិយស និងបន្ទាបខ្លួនចំពោះ   ការសម្រេចចិត្តរបស់សភា និងប្តេជ្ញា បម្រើប្រជាជនឡេតូនីឱ្យបានល្អ។ លោក Rinkēvičs វ័យ៤៩ឆ្នាំ ធ្លាប់កាន់តំណែងជា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអ្នកសារ​ព័ត៌មាន​ឱ្យវិទ្យុឡេតូនី ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ក្នុងនាមជារដ្ឋមន្រ្តីការ​បរទេស លោកទទួលបានប្រជា ប្រិយភាពខ្ពស់​ក្នុងចំណោមប្រជាជនឡេតូនី ព្រោះតែជំហរដ៏រឹងមាំរបស់លោកចំពោះប្រទេសជិតខាងគឺ រុស្ស៊ី  និងការគាំទ្រ​ឥតងាករេ​ចំពោះ​អ៊ុយក្រែន ដែលកំពុងតែស្ថិតក្រោមការវាយប្រហារពីទីក្រុងមូស្គូ។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីឡេតូនីគឺជាតំណែងពិធីការ ជាតំណាងឡេតូនីនៅបរទស ជាមេបញ្ជាការ​កំពូល​កងកម្លាំងប្រដាប់អាវុធ  ចុះហត្ថលេខាលើលើសេចក្តីព្រាង​ច្បាប់ចូលជាច្បាប់ តែងតាំង នាយករដ្ឋមន្ត្រី និងមានសិទ្ធិរំលាយសភា។ ប្រធានាធិបតីថ្មីនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០១-០៦-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://apnews.com/article/latvia-politics-parliament-president-election-decd402a4c6aa638d13e40fffb747487


អត្ថបទពាក់ព័ន្ធ៖

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`