logo logo
banner1
ទំព័រដើម / ទ្វីបអាស៊ី / ប្រទេស JAPAN / មើលលម្អិត
សភាជប៉ុនទំនងជាតម្រូវឱ្យសមាជិកសភា ១ រូប ដែលអវត្តមាន​ពីសម័យប្រជុំសភា សុំទោសក្នុងសភា
 

សភាជប៉ុនទំនងជាតម្រូវឱ្យសមាជិកសភា ១ រូប សុំទោសក្នុងសភា

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច និងគណបក្សប្រឆាំងដ៏ធំជាងគេក្នុងប្រទេសជប៉ុន បានឯកភាពគ្នា តម្រូវ​ឱ្យសមាជិកសភាជាន់ខ្ពស់ជប៉ុន ១ រូប ដែលមិនបានចូលរួមក្នុងសម័យប្រជុំសភា សូម្បីតែមួយលើក សុំទោស​នៅក្នុងសភា។ លោក Yoshikazu Higashitani សមាជិកសភាជាន់ខ្ពស់ ដែលជាម្ចាស់គណនី YouTube​ ឈ្មោះ GaaSyy ទទួលបាន ១ អាសនៈ ក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីខែកក្កដា ឆ្នាំ២០២២។ សមាជិកសភារូបនេះ គឺជាសមាជិកគណបក្ស NHK ដែលកម្មវិធីនយោបាយរបស់​គណបក្ស​នេះ អំពាវនាវឱ្យកែទម្រង់ការផ្សាយវិទ្យុសាធារណៈ។ លោក GaaSyy មិនបានចូលរួមក្នុងសម័យប្រជុំសភា​ម្តងណាឡើយ ដោយលោកបានអះអាងថា កំពុងស្នាក់នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស ប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ​បានពិភាក្សាគ្នាមួយថ្ងៃ មុនគណៈកម្មាធិការវិន័យនៃសភាជាន់ខ្ពស់ នឹងសម្រេច ដាក់ទណ្ឌកម្មកម្រិតណាមួយ។ សមាជិកគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ បានថ្លែងថា សមាជិកសភាគណបក្សប្រឆាំងមួយចំនួន កំពុងអំពាវនាវឱ្យបញ្ចប់មុខតំណែងលោកពីសភា ដែលជាកម្រិតទណ្ឌកម្មផ្នែកវិន័យធ្ងន់ធ្ងរជាងគេ​ក្នុង​ចំណោមកម្រិតទណ្ឌកម្មទី៤។ សមាជិកសភាគណបក្សប្រជាធិបតេយ្យសេរីបានថ្លែងថា គណបក្ស នយោបាយ​ជាច្រើនកំពុងគាំទ្រសំណើឱ្យមានការសុំទោស ដោយបានអះអាងថា ខ្លួនចង់ឱ្យសភាផ្តល់នូវ​ការឆ្លើយតបជា​ឯកច្ឆន្ទ។ មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយទាំងនោះ បានឯកភាពគ្នាទទូចឱ្យសមាជិកសភារូបនេះ សុំទោស​ក្នុងសម័យប្រជុំសភា ដែលជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតជាងគេកម្រិតទី៣។ លោក Seko Hiroshige សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យសេរី បានថ្លែងថា សភាកំពុង​ប្រឈម​មុខនឹងស្ថានការណ៍មិនធ្លាប់ជួបពីមុនមក ដោយបានបន្ថែមទៀតថា លោកចង់ឱ្យសមាជិកសភា​រូបនេះ ឆ្លើយតបដោយភាពស្មោះត្រង់។ លោកស្រី Tanabu Masayo សមាជិកាសភាជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ បានថ្លែងថា វាមាន​សារៈសំខាន់ណាស់ចំពោះរូបលោក ឆ្លើយតបនឹងសំណើសុំទោសរបស់មន្ត្រីជាន់ខ្ពស់​គណបក្ស​នយោបាយ​ទាំងនោះ ម្យ៉ាងវិញទៀត មន្ត្រីគណបក្សនយោបាយទាំងនោះ នឹងពិភាក្សាគ្នាលើបញ្ហា​ទាំងនោះ​បន្តទៀត៕

                                                                                                      ព័ត៌មានសភាទ្វីបអាស៊ី ២១-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖  https://www3.nhk.or.jp/nhkworld/en/news/20230220_33/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`